ម៉ាថាយ 21:1-22

ម៉ាថាយ 21:1-22 គខប

ព្រះ‌យេស៊ូ​យាង​មក​ជា​មួយ​ពួក​សិស្ស* ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ។ កាល​មក​ដល់​ភូមិ​បេតផា‌សេ ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​មុន ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ដែល​នៅ​មុខ​អ្នក​រាល់​គ្នា។ ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​មេ​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ហើយ​មាន​កូន​វា​នៅ​ជា​មួយ​ដែរ។ ចូរ​ស្រាយ​វា​ដឹក​មក​ឲ្យ​ខ្ញុំ។ ប្រសិន​បើ​មាន​នរណា​សួរ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​ព្រះអង្គ​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន»។ ព្រឹត្តិ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​ថា៖ «ចូរ​ប្រាប់​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​ថា: មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក យាង​មក​រក​អ្នក​ហើយ។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្លូត​បូត ព្រះអង្គ​គង់​លើ​ខ្នង​លា ហើយ​គង់​លើ​ខ្នង​កូន​លា​ផង​ដែរ» ។ សិស្ស​ទាំង​ពីរ​នាំ​គ្នា​ចេញ​ទៅ ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌យេស៊ូ ដឹក​មេ​លា និង​កូន​វា​មក។ គេ​យក​អាវ​ក្រាល​ពី​លើ​ខ្នង​លា និង​លើ​ខ្នង​កូន​លា​ផង ហើយ​ព្រះ‌យេស៊ូ​ឡើង​គង់​លើ​ខ្នង​វា។ នៅ​ពេល​នោះ មាន​បណ្ដា‌ជន​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​អ្នក​ខ្លះ​ទៀត​កាច់​ធាង​ទន្សែ​យក​មក​ក្រាល​លើ​ផ្លូវ​ដែរ។ មហា‌ជន​ដែល​ដើរ​ហែ‌ហម​ព្រះ‌យេស៊ូ​ពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់! ជយោ! ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!» ។ កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង​ទាំង​មូល​នាំ​គ្នា​ជ្រួល‌ច្របល់ សួរ​ថា៖ «តើ​លោក​នោះ​ជា​នរណា?»។ មហា‌ជន​ឆ្លើយ​ថា៖ «លោក​ជា​ព្យាការី*​យេស៊ូ​មក​ពី​ភូមិ​ណាសា‌រ៉ែត​ក្នុង​ស្រុក​កាលី‌ឡេ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​ចូល​ព្រះ‌វិហារ ហើយ​ព្រះអង្គ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ។ ព្រះអង្គ​ផ្ដួល​តុ​អ្នក​ដូរ​ប្រាក់ ផ្ដួល​កៅ‌អី​របស់​អ្នក​លក់​ព្រាប។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​កន្លែង​សម្រាប់​អធិស្ឋាន តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ!”» ។ មាន​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន នាំ​គ្នា​មក​រក​ព្រះអង្គ​នៅ​ក្នុង​ព្រះ‌វិហារ ព្រះអង្គ​ក៏​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។ កាល​ក្រុម​នាយក​បូជា‌ចារ្យ* និង​អាចារ្យ*​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​ឮ​ក្មេងៗ​ស្រែក​នៅ​ក្នុង​ព្រះ‌វិហារ​ថា «ជយោ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ!» គេ​ទាស់​ចិត្ត​ណាស់ គេ​ទូល​ព្រះអង្គ​ថា៖ «តើ​លោក​ឮ​ក្មេងៗ​ស្រែក​ថា​ដូច​ម្ដេច​ទេ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «ខ្ញុំ​ឮ​ហើយ! ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពាក្យ​សរ‌សើរ​តម្កើង ហូរ​ចេញ​ពី​បបូរ​មាត់​ក្មេង​តូចៗ និង​ទារក​ដែល​នៅ​បៅ” តើ​អស់​លោក​មិន​ដែល​អាន​ទេ​ឬ?»។ ព្រះអង្គ​ទុក​គេ​ចោល ហើយ​យាង​ចេញ​ពី​ទីក្រុង​ឆ្ពោះ​ទៅ​ភូមិ​បេតថា‌នី រួច​ស្នាក់​នៅ​ទី​នោះ។ ព្រលឹម​ឡើង ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ទីក្រុង​វិញ ពេល​នោះ ព្រះអង្គ​ឃ្លាន។ ព្រះអង្គ​ទត​ឃើញ​ឧទុម្ពរ​មួយ​ដើម​នៅ​តាម​ផ្លូវ ព្រះអង្គ​យាង​ចូល​ទៅ​ជិត មិន​ឃើញ​មាន​ផ្លែ​សោះ មាន​សុទ្ធ​តែ​ស្លឹក។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ កុំ​ឲ្យ​ឯង​មាន​ផ្លែ​សោះ​ឡើយ!»។ ពេល​នោះ ស្រាប់​តែ​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​មួយ​រំពេច។ ឃើញ​ដូច្នោះ ពួក​សិស្ស*​ងឿង‌ឆ្ងល់​ជា​ខ្លាំង គេ​ពោល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​មួយ​រំពេច​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ឥត​សង្ស័យ​សោះ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​ដើម​ឧទុម្ពរ​នេះ​ក្រៀម​ស្វិត​ប៉ុណ្ណោះ​ទេ គឺ​បើ​អ្នក​រាល់​គ្នា​ពោល​ទៅ​កាន់​ភ្នំ​នេះ​ថា: “ចូរ​ចេញ​ពី​ទី​នេះ ធ្លាក់​ក្នុង​សមុទ្រ​ទៅ!” នោះ​នឹង​សម្រេច​ដូច្នោះ​ជា​មិន​ខាន។ អ្វី​ក៏​ដោយ​ឲ្យ​តែ​អ្នក​រាល់​គ្នា​អធិស្ឋាន*​សុំ​ទាំង​មាន​ជំនឿ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ទទួល​មែន»។