ម៉ាថាយ 20
20
ប្រស្នាអំពីកម្មករចម្ការទំពាំងបាយជូរ
1«ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបាននឹងម្ចាស់ចម្ការម្នាក់ ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករមកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់។ 2គាត់ព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងឲ្យប្រាក់មួយដួង*ក្នុងមួយថ្ងៃ ហើយចាត់គេឲ្យទៅធ្វើការក្នុងចម្ការ។ 3ប្រមាណជាម៉ោងប្រាំបួនព្រឹក គាត់ចេញទៅឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារ ឥតធ្វើអ្វីសោះ។ 4គាត់ក៏និយាយទៅកាន់គេថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ ខ្ញុំនឹងឲ្យប្រាក់ឈ្នួលត្រឹមត្រូវ”។ 5អ្នកទាំងនោះក៏នាំគ្នាទៅធ្វើការនៅចម្ការ។ ម្ចាស់ចម្ការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់ពីរ និងម៉ោងបីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។ 6ប្រមាណជាម៉ោងប្រាំល្ងាច គាត់ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតឈរនៅតាមទីផ្សារ។ គាត់សួរគេថា “ហេតុដូចម្ដេចបានជាអ្នករាល់គ្នាឈរនៅទីនេះមួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ?” 7ពួកគេឆ្លើយថា “មកពីគ្មាននរណាជួលយើងខ្ញុំទៅធ្វើការទេ!”។ គាត់ក៏ពោលទៅអ្នកទាំងនោះថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ”។
8 លុះដល់ល្ងាច ម្ចាស់ចម្ការប្រាប់ទៅអ្នកកាន់ប្រាក់ថា “ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឲ្យគេ គឺចាប់ផ្ដើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់”។ 9ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួង*ៗ។ 10ពួកអ្នកដែលចាប់ផ្ដើមធ្វើការមុនគេក៏មកដល់ដែរ ហើយគិតថា នឹងបានប្រាក់ច្រើនជាង ប៉ុន្តែ គេទទួលម្នាក់មួយដួងដូចៗគ្នា។ 11គេទទួលយកប្រាក់ទាំងរអ៊ូរទាំដាក់ម្ចាស់ចម្ការថា 12“ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃ ហាលក្ដៅ ហើយលោកបែរជាបើកប្រាក់ឲ្យគេស្មើនឹងយើងខ្ញុំដែរ!”។ 13ម្ចាស់ចម្ការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា “សម្លាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ អ្នកបានយល់ព្រមធ្វើការឲ្យខ្ញុំមួយដួងក្នុងមួយថ្ងៃមែនឬទេ! 14ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយចេញទៅចុះ!។ ខ្ញុំចង់ឲ្យអ្នកដែលមកដល់ក្រោយ ទទួលប្រាក់ស្មើនឹងអ្នកដែរ។ 15តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំទៅធ្វើអ្វីតាមបំណងចិត្តខ្ញុំទេឬ? ឬមួយអ្នកច្រណែន មកពីឃើញខ្ញុំមានចិត្តសប្បុរស?”។ 16 ហេតុនេះ អ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកដែលនៅខាងមុខនឹងត្រឡប់ទៅនៅខាងក្រោយវិញ»។
ព្រះយេស៊ូប្រកាសអំពីព្រះអង្គចូលទិវង្គត
(ម៉ាកុស ១០.៣២-៣៤, លូកា ១៨.៣១-៣៤)
17កាលព្រះយេស៊ូកំពុងយាងឡើងទៅក្រុងយេរូសាឡឹម ព្រះអង្គនាំសិស្ស*ទាំងដប់ពីររូបទៅដាច់ឡែកពីគេ។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ 18«ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម។ បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់ពួកនាយកបូជាចារ្យ* និងពួកអាចារ្យ* គេនឹងកាត់ទោសប្រហារជីវិតលោក។ 19គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីឲ្យពួកនោះចំអកដាក់លោក យករំពាត់វាយលោក ព្រមទាំងឆ្កាងសម្លាប់លោកទៀតផង ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
សំណូមពររបស់ម្ដាយលោកយ៉ាកុប និងលោកយ៉ូហាន
(ម៉ាកុស ១០.៣៥-៤៥, លូកា ២២.២៤-២៧)
20ពេលនោះ ភរិយារបស់លោកសេបេដេបាននាំកូនទាំងពីរចូលមក គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ចង់ទូលសុំអ្វីមួយ។ 21ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ទូលព្រះអង្គវិញថា៖ «ដល់ពេលព្រះអង្គគ្រងរាជ្យ សូមឲ្យកូនរបស់ខ្ញុំម្ចាស់បានអង្គុយអមព្រះអង្គផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។ 22ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកទាំងពីរអាចទទួលពែង ដែលខ្ញុំត្រូវទទួលនោះបានឬទេ?»។ លោកយ៉ាកុប និងលោកយ៉ូហានទូលថា៖ «យើងខ្ញុំអាចទទួលបាន»។ 23ព្រះអង្គមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសម្រេចឲ្យឡើយ ព្រោះកន្លែងនោះបម្រុងទុកសម្រាប់តែអស់អ្នក ដែលព្រះបិតារបស់ខ្ញុំបានសម្រេចឲ្យប៉ុណ្ណោះ»។
24កាលសិស្ស*ដប់រូបទៀតឮដូច្នោះ គេទាស់ចិត្តនឹងបងប្អូនទាំងពីរនាក់នេះណាស់។
25 ព្រះយេស៊ូត្រាស់ហៅសិស្សទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ ពួកអ្នកគ្រប់គ្រងស្រុកតែងតែជិះជាន់ប្រជារាស្ត្ររបស់ខ្លួន រីឯអ្នកធំក៏តែងតែប្រើអំណាចលើប្រជារាស្ត្ររបស់ខ្លួនដែរ។ 26 ក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានអ្នកណាម្នាក់ចង់ធ្វើធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នាវិញ។ 27បើមានអ្នកណាម្នាក់ចង់ធ្វើមេគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាខ្ញុំបម្រើរបស់អ្នករាល់គ្នាសិន។ 28បុត្រមនុស្សមកក្នុងពិភពលោកនេះមិនមែនដើម្បីឲ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីរនាក់ឲ្យភ្លឺ
(ម៉ាកុស ១០.៤៦-៥២, លូកា ១៨.៣៥-៤៣)
29កាលព្រះយេស៊ូយាងចេញពីក្រុងយេរីខូ មានបណ្ដាជនច្រើនកុះករនាំគ្នាដើរតាមព្រះអង្គ 30ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ។ អ្នកទាំងពីរឮថា ព្រះយេស៊ូយាងមក ក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!»។ 31បណ្ដាជនគំរាមអ្នកទាំងពីរឲ្យនៅស្ងៀម ប៉ុន្តែ គេស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!»។ 32ព្រះយេស៊ូក៏ឈប់ ហើយហៅគេមកសួរថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ 33គេទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមប្រោសឲ្យភ្នែកយើងខ្ញុំភ្លឺផង»។ 34ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរអ្នកទាំងពីរពន់ពេកណាស់ ព្រះអង្គក៏ពាល់ភ្នែកគេ។ រំពេចនោះ គេមើលឃើញភ្លាម ហើយនាំគ្នាដើរតាមព្រះយេស៊ូទៅ។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 20: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.