ក្រោយពីបានទទួលរាជឱង្ការហើយ គេក៏នាំគ្នាចេញទៅ។ ពេលនោះ ផ្កាយដែលគេបានឃើញនៅទិសខាងកើត នាំមុខគេរហូតដល់កន្លែងដែលព្រះឱរសគង់ ទើបឈប់។ កាលហោរាចារ្យទាំងនោះឃើញផ្កាយ គេសប្បាយចិត្តពន់ប្រមាណ គេចូលទៅក្នុងផ្ទះ ឃើញព្រះឱរសគង់នៅជាមួយនាងម៉ារីជាមាតា គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេស មកថ្វាយព្រះអង្គ។ បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់គេ ក្នុងសុបិននិមិត្ត មិនឲ្យវិលទៅគាល់ព្រះបាទហេរ៉ូដវិញឡើយ។ កាលពួកហោរាចារ្យចាកចេញផុតទៅ ទេវតា*របស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែប ក្នុងសុបិននិមិត្តថា៖ «ចូរក្រោកឡើង នាំព្រះឱរស និងមាតារបស់ព្រះអង្គ រត់ទៅស្រុកអេស៊ីបទៅ។ ចូរស្នាក់នៅស្រុកនោះរហូតដល់យើងប្រាប់ឲ្យវិលត្រឡប់មកវិញ សឹមមក ដ្បិតស្ដេចហេរ៉ូដរកធ្វើគុតព្រះឱរស»។ លោកយ៉ូសែបក្រោកឡើង នាំព្រះឱរស និងមាតារបស់ព្រះអង្គ រត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។ គាត់ស្នាក់នៅទីនោះរហូតដល់ព្រះបាទហេរ៉ូដសោយទិវង្គត ដើម្បីឲ្យស្របនឹងសេចក្ដី ដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីថា៖ «យើងបានហៅបុត្រយើងចេញពីស្រុកអេស៊ីបមក» ។ ព្រះបាទហេរ៉ូដយល់ថាពួកហោរាចារ្យបានបំបាក់មុខព្រះអង្គ ស្ដេចទ្រង់ព្រះពិរោធក្រៃលែង ហើយចេញបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះ នៅភូមិបេថ្លេហិម និងភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចស្ដេចបានសួរបញ្ជាក់ពួកហោរាចារ្យ។
អាន ម៉ាថាយ 2
ស្ដាប់នូវ ម៉ាថាយ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 2:9-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ