ពេលនោះ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*?»។ ព្រះអង្គហៅក្មេងតូចម្នាក់ឲ្យមកឈរនៅកណ្ដាលចំណោមពួកសិស្ស រួចមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឲ្យបានដូចក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*ឡើយ។ អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេ ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ»។ «អ្នកណានាំអ្នកតូចតាចម្នាក់ក្នុងបណ្ដាអ្នកដែលជឿលើខ្ញុំនេះឲ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ ទម្លាក់ទៅក្នុងបាតសមុទ្រឲ្យលង់ទឹក ប្រសើរជាងទុកគាត់ឲ្យនៅរស់!។ មនុស្សលោកមុខជាត្រូវវេទនាមិនខាន ដ្បិតមានហេតុផ្សេងៗជាច្រើននាំឲ្យគេប្រព្រឹត្តអំពើបាប។ ហេតុផ្សេងៗដែលនាំឲ្យគេប្រព្រឹត្តអំពើបាបនោះត្រូវតែមាន ចៀសមិនផុត ប៉ុន្តែ អ្នកណានាំគេឲ្យប្រព្រឹត្តអំពើបាប អ្នកនោះត្រូវវេទនាហើយ!។ ប្រសិនបើដៃ ឬជើងរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់វាបោះចោលឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែដៃម្ខាង ឬជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬមានជើងពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។ ប្រសិនបើភ្នែករបស់អ្នកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងនរក។ ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវតា*របស់ពួកគេស្ថិតនៅឯស្ថានបរមសុខ* ទាំងឃើញព្រះភ័ក្ត្ររបស់ព្រះបិតា ដែលគង់នៅស្ថានបរមសុខគ្រប់ពេលវេលាផង [ដ្បិតបុត្រមនុស្សបានមកសង្គ្រោះមនុស្សដែលវិនាសបាត់បង់]»។ «តើអ្នករាល់គ្នាយល់យ៉ាងណា ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់? គាត់មុខជាទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀមដែលបាត់នោះពុំខាន។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើគាត់រកចៀមនោះឃើញវិញ គាត់មុខតែត្រេកអរសប្បាយជាមិនខាន គឺសប្បាយលើសពីឃើញចៀមកៅសិបប្រាំបួនដែលមិនវង្វេងបាត់ទៅទៀត។ រីឯព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ*ក៏ដូច្នោះដែរ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះវិនាសបាត់បង់ឡើយ»។ «ប្រសិនបើមានបងប្អូនណាម្នាក់បានប្រព្រឹត្តអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយស្ដីប្រដៅគាត់ទៅ។ បើគាត់ស្ដាប់អ្នក អ្នកនឹងរក្សាបងប្អូននោះមិនឲ្យបាត់ឡើយ តែបើគាត់មិនព្រមស្ដាប់អ្នកទេ ចូរនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ជួយដាស់តឿន ដើម្បី សម្រួលរឿងទាំងអស់ដោយមានសាក្សីពីរ ឬបីនាក់ ។ ប្រសិនបើគាត់មិនព្រមស្ដាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជាអ្នកទារពន្ធ*ចុះ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយ នៅស្ថានបរមសុខដែរ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដីនេះរួមចិត្តគំនិតគ្នា ទូលសូមអ្វីក៏ដោយ ក៏ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខនឹងប្រទានឲ្យជាមិនខាន ដ្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។
អាន ម៉ាថាយ 18
ស្ដាប់នូវ ម៉ាថាយ 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 18:1-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ