កាលព្រះយេស៊ូ និងសិស្ស*ទាំងបីរូប មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ។ គាត់លុតជង្គង់ចុះ ទូលថា៖ «លោកម្ចាស់អើយ សូមលោកអាណិតមេត្តាកូនប្រុសរបស់ខ្ញុំប្របាទផង វាឆ្កួតជ្រូក បណ្ដាលឲ្យវាឈឺចុកចាប់ខ្លាំងណាស់ វាដួលទៅក្នុងភ្លើង និងធ្លាក់ទឹក ជាញឹកញាប់។ ខ្ញុំប្របាទបាននាំវាមកជួបសិស្សរបស់លោកដែរ តែគេពុំអាចមើលវាឲ្យជាទេ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត! ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលគំរាមអារក្ស អារក្សក៏ចេញ ហើយក្មេងនោះបានជាតាំងពីពេលនោះមក។ ពេលនោះ ពួកសិស្សចូលមកគាល់ព្រះយេស៊ូ ដាច់ឡែកពីគេ ទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញអារក្សនោះបាន?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា “ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ!” ភ្នំមុខជាធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ។ [គេអាចដេញអារក្សប្រភេទនេះឲ្យចេញបាន លុះត្រាតែអធិស្ឋាន* និងតមអាហារ]»។ កាលពួកសិស្ស*នៅជុំគ្នាក្នុងស្រុកកាលីឡេ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន។ គេនឹងសម្លាប់លោក ប៉ុន្តែ នៅថ្ងៃទីបី លោកនឹងមានជីវិតរស់ឡើងវិញ»។ ឮដូច្នោះ ពួកសិស្ស*ព្រួយចិត្តជាខ្លាំង។ លុះព្រះយេស៊ូយាងមកដល់ក្រុងកាពើណិមជាមួយពួកសិស្ស អ្នកហូតពន្ធសម្រាប់ព្រះវិហារ នាំគ្នាចូលមករកលោកពេត្រុស ហើយសួរថា៖ «លោកគ្រូរបស់អ្នកបង់ពន្ធសម្រាប់ព្រះវិហារឬទេ?»។ លោកតបវិញថា៖ «បាទ! លោកបង់!»។ កាលលោកពេត្រុសទៅដល់ផ្ទះ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក ស្ដេចនៅផែនដីនេះទារពន្ធអាករពីនរណា? ពីបុត្ររបស់ស្ដេច ឬពីអ្នកផ្សេង?»។ លោកទូលថា៖ «ពីអ្នកផ្សេង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មែន បើដូច្នេះ បុត្ររបស់ស្ដេចមិនត្រូវបង់ពន្ធឡើយ ប៉ុន្តែ ដើម្បីកុំឲ្យអ្នកទាំងនោះទាស់ចិត្ត ចូរទៅស្ទូចត្រីសមុទ្រ ហើយយកត្រីដែលស្ទូចបានមុនគេ មកបើកមាត់ អ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះទៅបង់ពន្ធឲ្យខ្ញុំ និងឲ្យអ្នកចុះ!»។
អាន ម៉ាថាយ 17
ស្ដាប់នូវ ម៉ាថាយ 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 17:14-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ