ពេលនោះ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកគាល់ព្រះយេស៊ូ ក្នុងគោលបំណងចាប់កំហុសព្រះអង្គ។ គេសុំឲ្យព្រះអង្គសម្តែងទីសម្គាល់មួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «[នៅពេលថ្ងៃលិច កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃពណ៌ក្រហមអ្នករាល់គ្នាតែងពោលថា ស្អែកថ្ងៃល្អហើយ។ នៅពេលព្រឹកព្រហាម កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃខ្មៅដាស អ្នករាល់គ្នាតែងពោលថា ថ្ងៃនេះភ្លៀងហើយ។ អ្នករាល់គ្នាយល់ហេតុការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសម្គាល់នាសម័យនេះសោះ!] មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះអង្គមិនប្រទានទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ»។ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីគេទៅ។ ពេលឆ្លងទៅត្រើយម្ខាង ពួកសិស្សភ្លេចយកនំប៉័ងទៅជាមួយ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី* និងមេម្សៅរបស់ពួកខាងគណៈសាឌូស៊ី*ឲ្យមែនទែន»។ ពួកសិស្សជជែកគ្នាអំពីរឿងគ្មាននំប៉័ងថា៖ «យើងមិនបានយកនំប៉័ងមកទេ!»។ ព្រះយេស៊ូជ្រាបគំនិតរបស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំប៉័ងដូច្នេះ? អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ? កាលខ្ញុំចែកនំប៉័ងប្រាំដុំឲ្យមនុស្សប្រាំពាន់នាក់នោះ អ្នករាល់គ្នាប្រមូលបានប៉ុន្មានល្អី អ្នករាល់គ្នាចាំឬទេ? ហើយកាលខ្ញុំចែកនំប៉័ងប្រាំពីរដុំឲ្យមនុស្សបួនពាន់នាក់ អ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល? ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំគ្មានបំណងនិយាយអំពីនំប៉័ងទេ គឺខ្ញុំចង់ឲ្យអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី*ឯណោះ»។ ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គចង់ឲ្យគេប្រយ័ត្ននឹងសេចក្ដីដែលពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។ កាលព្រះយេស៊ូយាងមកដល់ស្រុកសេសារា-ភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្ស*ថា៖ «មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។ គេទូលថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី*អេលីយ៉ា អ្នកខ្លះទៀតថាលោកជាព្យាការីយេរេមា ឬជាព្យាការីណាមួយរូប»។ ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។ លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ត* ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្ដីនេះមិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ ទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ*បានសម្តែងឲ្យអ្នកដឹង។ ខ្ញុំសុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ក្រុមជំនុំ*របស់ខ្ញុំ។ មច្ចុរាជ ពុំមានអំណាចលើក្រុមជំនុំនេះបានឡើយ ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យ*នៃស្ថានបរមសុខឲ្យអ្នក។ អ្វីៗដែលអ្នកចង នៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយ នៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមពួកសិស្ស*មិនឲ្យប្រាប់នរណាថា ព្រះអង្គជាព្រះគ្រិស្ត*ឡើយ។
អាន ម៉ាថាយ 16
ស្ដាប់នូវ ម៉ាថាយ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 16:1-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ