ម៉ាថាយ 15
15
ពួកខាងគណៈផារីស៊ី និងទំនៀមទម្លាប់
(ម៉ាកុស ៧.១-១៣)
1មានពួកខាងគណៈផារីស៊ី និងពួកអាចារ្យពីក្រុងយេរូសាឡឹម ចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ 2«ហេតុអ្វីបានជាសិស្សរបស់លោក មិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។ 3ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ចុះអ្នករាល់គ្នា ហេតុដូចម្ដេចបានជាអ្នករាល់គ្នាប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់ព្រះជាម្ចាស់ ទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញដូច្នេះ? 4 ព្រះជាម្ចាស់មានព្រះបន្ទូលថា: “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតាបិតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត”។ 5រីឯអ្នករាល់គ្នាវិញបែរជាពោលថា: បើអ្នកណានិយាយទៅឪពុកម្ដាយថា “អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ ខ្ញុំបានទុកថ្វាយព្រះជាម្ចាស់រួចទៅហើយ” 6អ្នកនោះមិនបាច់គោរពឪពុកម្ដាយទេ។ ត្រង់ហ្នឹងហើយ ដែលអ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទៅប្រព្រឹត្តតាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ!។ 7មនុស្សមានពុតអើយ ពាក្យដែលព្យាការី*អេសាយថ្លែងទុកអំពីអ្នករាល់គ្នាត្រូវណាស់គឺ:
8 “ប្រជារាស្ត្រនេះគោរពយើងតែបបូរមាត់
រីឯចិត្តគេនៅឆ្ងាយពីយើង។
9 គេថ្វាយបង្គំយើងឥតបានការអ្វីសោះ
ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស
ប៉ុណ្ណោះ”»។
មូលហេតុដែលបណ្ដាលឲ្យមនុស្សមិនបរិសុទ្ធ
(ម៉ាកុស ៧.១៤-២៣)
10បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជន រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ ហើយយល់ឲ្យច្បាស់ថា 11អ្វីៗដែលចូលតាមមាត់មនុស្សពុំដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធ ឡើយ ផ្ទុយទៅវិញ មានតែអ្វីៗដែលចេញពីមាត់មនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធ»។
12ពេលនោះ សិស្ស*នាំគ្នាចូលមកជិតព្រះអង្គ ហើយទូលថា៖ «សូមព្រះគ្រូជ្រាប ពួកខាងគណៈផារីស៊ី*ទាស់ចិត្តណាស់ មកពីឮព្រះគ្រូមានប្រសាសន៍ដូច្នេះ»។ 13ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ*នឹងដករុក្ខជាតិទាំងឡាយណា ដែលព្រះអង្គមិនបានដាំ។ 14 កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។ 15លោកពេត្រុសទូលព្រះអង្គថា៖ «សូមព្រះគ្រូបកស្រាយពាក្យប្រស្នានេះឲ្យយើងខ្ញុំយល់ផង»។ 16ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នករាល់គ្នានៅតែគ្មានប្រាជ្ញាដូចគេដែរឬ!។ 17អ្នករាល់គ្នាត្រូវយល់ថា អ្វីៗដែលចូលតាមមាត់មនុស្ស ត្រូវចូលទៅក្នុងពោះ រួចធ្លាក់ទៅទីបន្ទោបង់!។ 18 ផ្ទុយទៅវិញ អ្វីៗដែលចេញពីមាត់មនុស្សសុទ្ធតែផុសចេញពីចិត្តមក គឺសេចក្ដីនោះឯងដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធ* 19ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្តមនុស្សទាំងអស់ 20គឺការទាំងនេះហើយដែលធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធ។ រីឯការបរិភោគដោយមិនបានធ្វើពិធីលាងដៃនោះ ឥតធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធឡើយ»។
ស្ត្រីសាសន៍ដទៃម្នាក់ជឿព្រះយេស៊ូ
(ម៉ាកុស ៧.២៤-៣០)
21បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះ ឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ុស និងក្រុងស៊ីដូន។ 22មានស្ត្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវអារក្សចូលបណ្ដាលឲ្យវេទនាខ្លាំងណាស់»។ 23ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាងឡើយ។ ពួកសិស្សនាំគ្នាចូលមកជិតព្រះអង្គ ទូលថា៖ «សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។ 24ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានចាត់ឲ្យខ្ញុំមករកតែអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែល ប៉ុណ្ណោះ»។
25ប៉ុន្តែ ស្ត្រីនោះចូលមកក្រាបទៀបព្រះបាទាព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង!»។ 26ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនគួរយកអាហាររបស់កូនចៅបោះទៅឲ្យកូនឆ្កែស៊ីឡើយ»។ 27នាងទូលព្រះអង្គថា៖ «ពិតមែនហើយព្រះអម្ចាស់! ប៉ុន្តែ កូនឆ្កែស៊ីកម្ទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។ 28ព្រះយេស៊ូក៏មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ នាងមានជំនឿមាំមួនណាស់ ដូច្នេះ សូមឲ្យសម្រេចតាមចិត្តនាងប្រាថ្នាចុះ!»។ កូនស្រីរបស់នាងបានជាតាំងពីពេលនោះមក។
ព្រះយេស៊ូប្រោសអ្នកមានជំងឺផ្សេងៗឲ្យជា
(ម៉ាកុស ៧.៣១)
29ព្រះយេស៊ូចាកចេញពីទីនោះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ លុះយាងដល់ហើយ ព្រះអង្គគង់ចុះ 30មានមហាជនច្រើនកុះករនាំគ្នាចូលមករកព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និងអ្នកមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបព្រះបាទាព្រះអង្គ ហើយព្រះអង្គប្រោសគេឲ្យជាទាំងអស់គ្នា។ 31ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជើងជាដូចធម្មតា មនុស្សខ្វិនដើរបាន និងមនុស្សខ្វាក់មើលឃើញ មហាជននាំគ្នាកោតស្ញប់ស្ញែងក្រៃលែង ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលផង។
ព្រះយេស៊ូប្រទាននំប៉័ងឲ្យមនុស្សបួនពាន់នាក់បរិភោគ
(ម៉ាកុស ៨.១-១០)
32ព្រះយេស៊ូត្រាស់ហៅពួកសិស្ស*មក ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ដោយគ្មានអ្វីបរិភោគសោះ។ ខ្ញុំមិនចង់ឲ្យគេត្រឡប់ទៅវិញ ទាំងពោះទទេឡើយ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។ 33ពួកសិស្សទូលព្រះអង្គថា៖ «នៅទីនេះស្ងាត់ណាស់ តើយើងបានម្ហូបអាហារឯណាឲ្យបណ្ដាជនច្រើនយ៉ាងនេះបរិភោគគ្រាន់?»។ 34ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ និងមានត្រីតូចៗខ្លះដែរ»។ 35ព្រះអង្គក៏ប្រាប់បណ្ដាជនឲ្យអង្គុយផ្ទាល់នឹងដី 36ព្រះអង្គយកនំប៉័ងទាំងប្រាំពីរដុំ និងត្រីមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យពួកសិស្ស ពួកសិស្សក៏យកទៅចែកបណ្ដាជន។ 37ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា ហើយប្រមូលនំប៉័ង និងត្រីដែលនៅសល់ បានប្រាំពីរជាល។ 38អស់អ្នកដែលបានបរិភោគមានចំនួនបួនពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗផងទេ។ 39បន្ទាប់មក ព្រះអង្គប្រាប់មហាជនឲ្យវិលត្រឡប់ទៅផ្ទះវិញ រួចព្រះអង្គយាងចុះទូកឆ្ពោះទៅតំបន់ម៉ាកាដាន។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 15: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.