ម៉ាថាយ 13:33-58

ម៉ាថាយ 13:33-58 គខប

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ថា៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​មេ​នំប៉័ង ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ទៅ​កាន់​មហា‌ជន ជា​ពាក្យ​ប្រស្នា​ទាំង​អស់ គឺ​ព្រះអង្គ​មិន​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​គេ ដោយ​ឥត​ប្រើ​ពាក្យ​ប្រស្នា​ឡើយ ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ពួក​ព្យាការី*​ថា៖ «យើង​នឹង​និយាយ​ទៅ​គេ​ជា​ពាក្យ​ប្រស្នា យើង​នឹង​ប្រកាស​សេចក្ដី​លាក់​កំបាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក ឲ្យ​គេ​ដឹង» ។ ពេល​នោះ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​មហា‌ជន​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្ស*​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គ ទូល​ថា៖ «សូម​ព្រះ‌គ្រូ​បក​ស្រាយ​ប្រស្នា​អំពី​ស្រងែ​ក្នុង​ស្រែ ឲ្យ​យើង​ខ្ញុំ​បាន​យល់​អត្ថ‌ន័យ​ផង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «អ្នក​ព្រោះ​គ្រាប់​ពូជ​ល្អ​គឺ​បុត្រ​មនុស្ស* ស្រែ​គឺ​ពិភព​លោក គ្រាប់​ពូជ​ល្អ​គឺ​អ្នក​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ រីឯ​ស្រងែ​វិញ​គឺ​កូន​ចៅ​របស់​មារ*​កំណាច។ សត្រូវ​ដែល​សាប​ព្រោះ​ស្រងែ​គឺ​មារ រដូវ​ចម្រូត​គឺ​អវសាន‌កាល​នៃ​ពិភព​លោក ហើយ​អ្នក​ច្រូត​គឺ​ទេវតា*។ គេ​ច្រូត​ស្រងែ​យក​ទៅ​ដុត​ក្នុង​ភ្លើង​យ៉ាង​ណា នៅ​អវសាន​កាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ បុត្រ​មនុស្ស​នឹង​ចាត់​ទេវតា​របស់​លោក​ឲ្យ​មក។ ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​អ្នក​ដែល​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប និង​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​យក​ចេញ​ពី​ព្រះ‌រាជ្យ បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ ហើយ​នៅ​ទី​នោះ​មាន​តែ​សម្រែក​យំ​សោក ខឹង​សង្កៀត​ធ្មេញ។ រីឯ​អ្នក​សុចរិត*​វិញ គេ​នឹង​ស្ថិត​នៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ព្រះ‌បិតា​របស់​គេ ទាំង​បញ្ចេញ​រស្មី​ភ្លឺ​ដូច​ព្រះ‌អាទិត្យ។ អ្នក​ណា​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បី​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក​នៅ​ក្នុង​ស្រែ​មួយ។ មាន​បុរស​ម្នាក់​រក​កំណប់​នោះ​ឃើញ ហើយ​កប់​ទុក​វិញ។ គាត់​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង ក៏​ចេញ​ទៅ​លក់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន យក​ប្រាក់​ទិញ​ដី​ស្រែ​នោះ។ ម្យ៉ាង​ទៀត ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​អ្នក​ជំនួញ​ម្នាក់ ដែល​ស្វែង​រក​ទិញ​ពេជ្រ ល្អៗ។ កាល​បាន​ឃើញ​ពេជ្រ​មួយ​គ្រាប់​ដ៏​មាន​តម្លៃ​លើស‌លុប​ហើយ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន យក​ប្រាក់​មក​ទិញ​ពេជ្រ​នោះ»។ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​អួន​មួយ​ដែល​គេ​រាយ​ក្នុង​សមុទ្រ ហើយ​ជាប់​ត្រី​គ្រប់​យ៉ាង។ ពេល​ជាប់​ត្រី​ពេញ​ហើយ គេ​អូស​អួន​នោះ​ឡើង​មក​លើ​គោក រួច​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កព្ឆោ រីឯ​ត្រី​មិន​ល្អ​វិញ គេ​បោះ​ចោល។ នៅ​អវសាន‌កាល​នៃ​ពិភព​លោក​ក៏​នឹង​កើត​មាន​ដូច្នេះ​ដែរ។ ពួក​ទេវតា*​នាំ​គ្នា​មក​ញែក​មនុស្ស​ទុច្ចរិត​ចេញ​ពី​ចំណោម​មនុស្ស​សុចរិត រួច​បោះ​មនុស្ស​ទុច្ចរិត​ទាំង​នោះ​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​សន្ធោ‌សន្ធៅ ហើយ​នៅ​ទី​នោះ មាន​តែ​សម្រែក​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។ តើ​អ្នក​រាល់​គ្នា​យល់​សេចក្ដី​ទាំង​នេះ​ឬ​ទេ?» ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បាទ យល់!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អាចារ្យ ដែល​បាន​ទទួល​ការ​អប់រំ​អំពី​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ* ប្រៀប​បាន​ទៅ​នឹង​ម្ចាស់​ផ្ទះ ដែល​យក​ទ្រព្យ ទាំង​ចាស់​ទាំង​ថ្មី​ចេញ​ពី​ឃ្លាំង​របស់​គាត់​ដូច្នោះ​ដែរ»។ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចេញ​ពី​ទី​នោះ ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះអង្គ​វិញ។ ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*​របស់​គេ ធ្វើ​ឲ្យ​គេ​ងឿង‌ឆ្ងល់​គ្រប់ៗ​គ្នា។ គេ​ពោល​ថា៖ «តើ​គាត់​បាន​ទទួល​ប្រាជ្ញា និង​ឫទ្ធា‌នុភាព​ធ្វើ​ការ​អស្ចារ្យ​ទាំង​នេះ​មក​ពី​ណា?។ អ្នក​នេះ​ជា​កូន​របស់​ជាង​ឈើ ហើយ​ម្ដាយ​របស់​គាត់​ឈ្មោះ​នាង​ម៉ារី បងប្អូន​គាត់​ឈ្មោះ​យ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាស ទេ​តើ! ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​យើង​ដែរ។ ដូច្នេះ គាត់​ដឹង​សេចក្ដី​ទាំង​នេះ​ពី​ណា​មក?»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ធម្មតា គេ​មើល‌ងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ!»។ នៅ​ទី​នោះ ព្រះ‌យេស៊ូ​ពុំ​បាន​ធ្វើ​ការ​អស្ចារ្យ​ច្រើន​ឡើយ ព្រោះ​គេ​គ្មាន​ជំនឿ។

វីដេអូសម្រាប់ ម៉ាថាយ 13:33-58