ម៉ាថាយ 13:3-11

ម៉ាថាយ 13:3-11 គខប

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើ​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម ពុំ​សូវ​មាន​ដី។ គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ លុះ​ដល់​ថ្ងៃ​ក្ដៅ​ឡើង ពន្លក​ទាំង​នោះ​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​ជ្រៅ។ គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង រួប​រឹត​ស្រូវ​មិន​ឲ្យ​ដុះ​ឡើយ។ គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ មួយ​គ្រាប់​ឲ្យ​ផល​ជា​មួយ​រយ​គ្រាប់ មួយ​ទៀត​ឲ្យ​ហុក‌សិប និង​មួយ​ទៀត​ឲ្យ​សាម‌សិប។ អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ! »។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ទូល​សួរ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន ដោយ​ប្រើ​ពាក្យ​ប្រស្នា​ដូច្នេះ?»។ ព្រះអង្គ​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* រីឯ​អ្នក​ដទៃ​វិញ ព្រះអង្គ​មិន​ប្រទាន​ឲ្យ​យល់​ឡើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 13:3-11