ម៉ាថាយ 13:24-52

ម៉ាថាយ 13:24-52 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​បាន​ព្រោះ​គ្រាប់​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​របស់​គាត់។ ពេល​មនុស្ស‌ម្នា​ដេក​លក់​អស់ មារ​សត្រូវ​របស់​គាត់​បាន​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រែ​នោះ​ដែរ រួច​ចេញ​បាត់​ទៅ។ ពេល​ស្រូវ​ដុះ​ឡើង​ដាក់​គ្រាប់ ស្រងែ​ក៏​ដុះ​ឡើង​ដែរ។ ពួក​អ្នក​បម្រើ​ចូល​មក​ជម្រាប​ម្ចាស់​ស្រែ​ថា: “លោក​ម្ចាស់! លោក​បាន​ព្រោះ​តែ​គ្រាប់​ពូជ​ល្អ​ក្នុង​ស្រែ​សោះ ចុះ​ស្រងែ​នេះ​មក​ពី​ណា?”។ ម្ចាស់​តប​វិញ​ថា: “ពិត​ជា​មាន​មារ​សត្រូវ​មក​ព្រោះ​ហើយ!”។ ពួក​អ្នក​បម្រើ​សួរ​លោក​ទៀត​ថា: “តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ស្រងែ​នោះ​ចេញ​ឬ?”។ ម្ចាស់​តប​ថា: “កុំ​អី! បើ​អ្នក​រាល់​គ្នា​ដក ក្រែង​លោ​ដោយ​ស្រូវ​មក​ជា​មួយ​ដែរ ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​ស្រូវ​ទុំ​ចុះ ពេល​នោះ ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ថា ចូរ​ប្រមូល​ស្រងែ​ចង​ជា​បាច់ យក​ទៅ​ដុត​ចោល​ជា​មុន​សិន រួច​សឹម​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឲ្យ​ខ្ញុំ”»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។ គ្រាប់​ពូជ​នោះ​តូច​ជាង​គ្រាប់​ពូជ​ទាំង​អស់ ប៉ុន្តែ ពេល​ដុះ​ឡើង វា​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ គឺ​ទៅ​ជា​ដើម​ឈើ​មួយ​យ៉ាង​ធំ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ​នៅ​តាម​មែក​របស់​វា»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ថា៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​មេ​នំប៉័ង ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ទៅ​កាន់​មហា‌ជន ជា​ពាក្យ​ប្រស្នា​ទាំង​អស់ គឺ​ព្រះអង្គ​មិន​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​គេ ដោយ​ឥត​ប្រើ​ពាក្យ​ប្រស្នា​ឡើយ ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ពួក​ព្យាការី*​ថា៖ «យើង​នឹង​និយាយ​ទៅ​គេ​ជា​ពាក្យ​ប្រស្នា យើង​នឹង​ប្រកាស​សេចក្ដី​លាក់​កំបាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក ឲ្យ​គេ​ដឹង» ។ ពេល​នោះ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​មហា‌ជន​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្ស*​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គ ទូល​ថា៖ «សូម​ព្រះ‌គ្រូ​បក​ស្រាយ​ប្រស្នា​អំពី​ស្រងែ​ក្នុង​ស្រែ ឲ្យ​យើង​ខ្ញុំ​បាន​យល់​អត្ថ‌ន័យ​ផង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «អ្នក​ព្រោះ​គ្រាប់​ពូជ​ល្អ​គឺ​បុត្រ​មនុស្ស* ស្រែ​គឺ​ពិភព​លោក គ្រាប់​ពូជ​ល្អ​គឺ​អ្នក​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ រីឯ​ស្រងែ​វិញ​គឺ​កូន​ចៅ​របស់​មារ*​កំណាច។ សត្រូវ​ដែល​សាប​ព្រោះ​ស្រងែ​គឺ​មារ រដូវ​ចម្រូត​គឺ​អវសាន‌កាល​នៃ​ពិភព​លោក ហើយ​អ្នក​ច្រូត​គឺ​ទេវតា*។ គេ​ច្រូត​ស្រងែ​យក​ទៅ​ដុត​ក្នុង​ភ្លើង​យ៉ាង​ណា នៅ​អវសាន​កាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ បុត្រ​មនុស្ស​នឹង​ចាត់​ទេវតា​របស់​លោក​ឲ្យ​មក។ ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​អ្នក​ដែល​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប និង​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​យក​ចេញ​ពី​ព្រះ‌រាជ្យ បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ ហើយ​នៅ​ទី​នោះ​មាន​តែ​សម្រែក​យំ​សោក ខឹង​សង្កៀត​ធ្មេញ។ រីឯ​អ្នក​សុចរិត*​វិញ គេ​នឹង​ស្ថិត​នៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ព្រះ‌បិតា​របស់​គេ ទាំង​បញ្ចេញ​រស្មី​ភ្លឺ​ដូច​ព្រះ‌អាទិត្យ។ អ្នក​ណា​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បី​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក​នៅ​ក្នុង​ស្រែ​មួយ។ មាន​បុរស​ម្នាក់​រក​កំណប់​នោះ​ឃើញ ហើយ​កប់​ទុក​វិញ។ គាត់​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង ក៏​ចេញ​ទៅ​លក់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន យក​ប្រាក់​ទិញ​ដី​ស្រែ​នោះ។ ម្យ៉ាង​ទៀត ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​អ្នក​ជំនួញ​ម្នាក់ ដែល​ស្វែង​រក​ទិញ​ពេជ្រ ល្អៗ។ កាល​បាន​ឃើញ​ពេជ្រ​មួយ​គ្រាប់​ដ៏​មាន​តម្លៃ​លើស‌លុប​ហើយ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន យក​ប្រាក់​មក​ទិញ​ពេជ្រ​នោះ»។ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​អួន​មួយ​ដែល​គេ​រាយ​ក្នុង​សមុទ្រ ហើយ​ជាប់​ត្រី​គ្រប់​យ៉ាង។ ពេល​ជាប់​ត្រី​ពេញ​ហើយ គេ​អូស​អួន​នោះ​ឡើង​មក​លើ​គោក រួច​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កព្ឆោ រីឯ​ត្រី​មិន​ល្អ​វិញ គេ​បោះ​ចោល។ នៅ​អវសាន‌កាល​នៃ​ពិភព​លោក​ក៏​នឹង​កើត​មាន​ដូច្នេះ​ដែរ។ ពួក​ទេវតា*​នាំ​គ្នា​មក​ញែក​មនុស្ស​ទុច្ចរិត​ចេញ​ពី​ចំណោម​មនុស្ស​សុចរិត រួច​បោះ​មនុស្ស​ទុច្ចរិត​ទាំង​នោះ​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​សន្ធោ‌សន្ធៅ ហើយ​នៅ​ទី​នោះ មាន​តែ​សម្រែក​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។ តើ​អ្នក​រាល់​គ្នា​យល់​សេចក្ដី​ទាំង​នេះ​ឬ​ទេ?» ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បាទ យល់!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អាចារ្យ ដែល​បាន​ទទួល​ការ​អប់រំ​អំពី​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ* ប្រៀប​បាន​ទៅ​នឹង​ម្ចាស់​ផ្ទះ ដែល​យក​ទ្រព្យ ទាំង​ចាស់​ទាំង​ថ្មី​ចេញ​ពី​ឃ្លាំង​របស់​គាត់​ដូច្នោះ​ដែរ»។

វីដេអូសម្រាប់ ម៉ាថាយ 13:24-52