មានគ្រាមួយ ព្រះយេស៊ូយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ* សិស្ស*របស់ព្រះអង្គឃ្លានពេកក៏នាំគ្នាបូតកួរស្រូវមកបរិភោគ។ ពួកខាងគណៈផារីស៊ី*ឃើញដូច្នោះ ទូលព្រះអង្គថា៖ «សូមលោកមើលចុះ ពួកសិស្សរបស់លោកនាំគ្នាធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ!»។ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរ មានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលឃ្លាន គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយយកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់ មកសោយជាមួយពួកបរិពារ។ តាមគម្ពីរវិន័យ* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលបរិភោគនំប៉័ងនេះបាន រីឯព្រះរាជាគ្មានសិទ្ធិសោយទេ ហើយពួកបរិពារក៏គ្មានសិទ្ធិបរិភោគដែរ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ? ម្យ៉ាងទៀត នៅថ្ងៃសប្ប័ទ ពួកបូជាចារ្យដែលបំពេញមុខងារនៅក្នុងព្រះវិហារ* សុទ្ធតែរំលោភលើក្រឹត្យវិន័យថ្ងៃសប្ប័ទ តែឥតមានទោសឡើយ តើអ្នករាល់គ្នាដែលអានគម្ពីរវិន័យនោះទេ? ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅទីនេះ មានម្នាក់ប្រសើរជាងព្រះវិហារទៅទៀត។ ប្រសិនបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែចិត្តមេត្តាករុណាប៉ុណ្ណោះ” នោះអ្នករាល់គ្នាមុខជាមិនប្រកាន់ទោសជនដែលគ្មានទោសទាំងនេះឡើយ ដ្បិតបុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ*»។ ព្រះយេស៊ូចាកចេញពីទីនោះ យាងចូលទៅក្នុងសាលាប្រជុំ*របស់គេ។ មានបុរសស្វិតដៃម្នាក់នៅក្នុងសាលាប្រជុំនោះដែរ។ គេនាំគ្នាទូលសួរព្រះអង្គថា៖ «នៅថ្ងៃសប្ប័ទ* តើយើងមានសិទ្ធិប្រោសអ្នកជំងឺឲ្យជាឬទេ?»។ គេសួរដូច្នេះ ក្នុងគោលបំណងរកលេសដើម្បីចោទប្រកាន់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើនរណាម្នាក់មានចៀមតែមួយ ហើយចៀមនោះធ្លាក់អណ្ដូងនៅថ្ងៃសប្ប័ទ តើអ្នកនោះមិនទៅស្រង់យកចៀមឡើងមកវិញទេឬ? រីឯមនុស្សវិញ គេមានតម្លៃលើសចៀមឆ្ងាយណាស់! ដូច្នេះ យើងមានសិទ្ធិធ្វើអំពើល្អនៅថ្ងៃសប្ប័ទ»។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃគាត់ក៏បានជាដូចដៃម្ខាងទៀត។ ពួកខាងគណៈផារីស៊ី*ចេញពីសាលាប្រជុំ* ហើយពិគ្រោះគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។ កាលព្រះយេស៊ូជ្រាបដូច្នោះ ព្រះអង្គយាងចាកចេញពីទីនោះ ទាំងមានមហាជនជាច្រើនដើរតាមព្រះអង្គទៅដែរ។ ព្រះអង្គបានប្រោសពួកគេឲ្យជាពីជំងឺទាំងអស់គ្នា តែព្រះអង្គគំរាមគេយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់អ្នកដទៃថា ព្រះអង្គជានរណាឡើយ ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី*អេសាយថា៖ «លោកនេះហើយជាអ្នកបម្រើដែលយើងបាន ជ្រើសរើស ជាអ្នកដែលយើងស្រឡាញ់ ហើយធ្វើឲ្យចិត្តយើងរីករាយ។ យើងនឹងដាក់វិញ្ញាណរបស់យើង ឲ្យសណ្ឋិតលើលោក ហើយលោកនឹងប្រាប់ឲ្យជាតិសាសន៍ ទាំងអស់ស្គាល់សេចក្ដីសុចរិត។ លោកនឹងមិនឈ្លោះប្រកែកជាមួយនរណាឡើយ ហើយក៏មិនស្រែកដាក់នរណាផង គ្មាននរណាឮសំឡេងរបស់លោកនៅ តាមទីផ្សារទេ។ លោកនឹងមិនកាច់ដើមត្រែងណាដែល ទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើងណាដែលហៀបនឹង រលត់នោះដែរ។ លោកធ្វើដូច្នេះ រហូតដល់លោកនាំ សេចក្ដីសុចរិតឲ្យមានជ័យជម្នះ។ ជាតិសាសន៍ទាំងអស់នឹងនាំគ្នា សង្ឃឹមលើលោក» ។
អាន ម៉ាថាយ 12
ស្ដាប់នូវ ម៉ាថាយ 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 12:1-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ