ម៉ាថាយ 10:24-42

ម៉ាថាយ 10:24-42 គខប

ពុំ​ដែល​មាន​សិស្ស​ណា​ចេះ​ជាង​គ្រូ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​អ្នក​បម្រើ​ណា​ធំ​ជាង​ម្ចាស់​ដែរ បើ​សិស្ស​ចេះ​ដូច​គ្រូ ហើយ​អ្នក​បម្រើ​ដូច​ម្ចាស់ នោះ​ល្មម​គ្រប់​គ្រាន់​ហើយ។ ប្រសិន​បើ​គេ​ឲ្យ​ឈ្មោះ​ម្ចាស់​ផ្ទះ​ថា បេល‌សេ‌ប៊ូល ​ទៅ​ហើយ គេ​មុខ​ជា​ឲ្យ​ឈ្មោះ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ​រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​មិន​ខាន»។ «កុំ​ខ្លាច​ពួក​អ្នក​ទាំង​នោះ​ឡើយ ដ្បិត​ការ​លាក់​កំបាំង​ទាំង​អស់​នឹង​ត្រូវ​បើក​ឲ្យ​គេ​ឃើញ ហើយ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ក៏​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង​ដែរ។ អ្វីៗ​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​យក​ទៅ​និយាយ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​គេ​ខ្សឹប​ដាក់​ត្រចៀក ចូរ​យក​ទៅ​ប្រកាស​នៅ​លើ​ផ្ទះ។ កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​ត្រឹម​តែ​រូប​កាយ ហើយ​ពុំ​អាច​សម្លាប់​ព្រលឹង​នោះ​ឲ្យ​សោះ គឺ​ត្រូវ​ខ្លាច​ព្រះ‌ជាម្ចាស់​វិញ ព្រោះ​ព្រះអង្គ​អាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង ទាំង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក​បាន។ ធម្មតា​គេ​លក់​ចាប​ពីរ​ថ្លៃ​មួយ​សេន។ ទោះ​បី​ថោក​យ៉ាង​នេះ​ក៏​ដោយ ប្រសិន​បើ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​មិន​យល់​ព្រម​ទេ​នោះ ក៏​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ចុះ​ដល់​ដី​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ សូម្បី​តែ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា​ក៏​ព្រះអង្គ​រាប់​អស់​ដែរ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ទាំង​អស់​ទៅ​ទៀត»។ «អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។ រីឯ​អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក ខ្ញុំ​ក៏​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ដែរ»។ «កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​នេះ ដើម្បី​នាំ​យក​សន្តិ‌ភាព​មក​ឲ្យ​ផែនដី​ឡើយ។ ខ្ញុំ​មិន​មែន​នាំ​សន្តិ‌ភាព​មក​ទេ តែ​ខ្ញុំ​មក​បំបែក​មនុស្ស​ចេញ​ពី​គ្នា ។ ខ្ញុំ​មក ធ្វើ​ឲ្យ​កូន​ប្រុស​បែក​ពី​ឪពុក កូន​ស្រី​បែក​ពី​ម្ដាយ កូន​ប្រសា​ស្រី​បែក​ពី​ម្ដាយ​ក្មេក។ អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា»។ «អ្នក​ណា​ស្រឡាញ់​ឪពុក​ម្ដាយ​ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​សម​នឹង​ធ្វើ​ជា​សិស្ស*​របស់​ខ្ញុំ​ឡើយ។ អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន​ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​សម​នឹង​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ដែរ។ អ្នក​ណា​មិន​យក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មិន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​មិន​សម​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ឡើយ។ អ្នក​ណា​ចង់​រក្សា​ទុក​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ នឹង​បាន​ជីវិត​នោះ​មក​វិញ»។ «អ្នក​ណា​ទទួល​អ្នក​រាល់​គ្នា​ក៏​ដូច​ជា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ​ក៏​ដូច​ជា​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ។ អ្នក​ណា​ទទួល​ព្យាការី*​ម្នាក់​ក្នុង​នាម​លោក​ជា​ព្យាការី អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​ព្យាការី។ អ្នក​ណា​ទទួល​មនុស្ស​សុចរិត*​ម្នាក់​ក្នុង​នាម​ជា​មនុស្ស​សុចរិត អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​មនុស្ស​សុចរិត។ អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់ សូម្បី​តែ​មួយ​កែវ​ដល់​អ្នក​តូច‌តាច​ម្នាក់​ក្នុង​នាម​ជា​សិស្ស*​របស់​ខ្ញុំ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន»។

វីដេអូសម្រាប់ ម៉ាថាយ 10:24-42