ពុំដែលមានសិស្សណាចេះជាងគ្រូឡើយ ហើយក៏ពុំដែលមានអ្នកបម្រើណាធំជាងម្ចាស់ដែរ បើសិស្សចេះដូចគ្រូ ហើយអ្នកបម្រើដូចម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើគេឲ្យឈ្មោះម្ចាស់ផ្ទះថា បេលសេប៊ូល ទៅហើយ គេមុខជាឲ្យឈ្មោះអ្នកនៅក្នុងផ្ទះនោះរឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន»។ «កុំខ្លាចពួកអ្នកទាំងនោះឡើយ ដ្បិតការលាក់កំបាំងទាំងអស់នឹងត្រូវបើកឲ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មានក៏នឹងត្រូវបើកឲ្យគេដឹងដែរ។ អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅលើផ្ទះ។ កុំខ្លាចអស់អ្នកដែលសម្លាប់ត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងនោះឲ្យសោះ គឺត្រូវខ្លាចព្រះជាម្ចាស់វិញ ព្រោះព្រះអង្គអាចធ្វើឲ្យទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរកបាន។ ធម្មតាគេលក់ចាបពីរថ្លៃមួយសេន។ ទោះបីថោកយ៉ាងនេះក៏ដោយ ប្រសិនបើព្រះបិតារបស់អ្នករាល់គ្នាមិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយធ្លាក់ចុះដល់ដីឡើយ។ រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់នៅលើក្បាលអ្នករាល់គ្នាក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំងអស់ទៅទៀត»។ «អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំនឹងទទួលស្គាល់អ្នកនោះវិញ នៅចំពោះព្រះភ័ក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ។ រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំក៏បដិសេធមិនទទួលស្គាល់អ្នកនោះនៅចំពោះព្រះភ័ក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ*ដែរ»។ «កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្តិភាពមកឲ្យផែនដីឡើយ។ ខ្ញុំមិនមែននាំសន្តិភាពមកទេ តែខ្ញុំមកបំបែកមនុស្សចេញពីគ្នា ។ ខ្ញុំមក ធ្វើឲ្យកូនប្រុសបែកពីឪពុក កូនស្រីបែកពីម្ដាយ កូនប្រសាស្រីបែកពីម្ដាយក្មេក។ អ្នកដែលនៅក្នុងផ្ទះជាមួយគ្នាក្លាយទៅជាសត្រូវនឹងគ្នា»។ «អ្នកណាស្រឡាញ់ឪពុកម្ដាយខ្លាំងជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាសិស្ស*របស់ខ្ញុំឡើយ។ អ្នកដែលស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួនខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសិស្សរបស់ខ្ញុំដែរ។ អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន ហើយមិនមកតាមខ្ញុំទេ អ្នកនោះមិនសមធ្វើជាសិស្សរបស់ខ្ញុំឡើយ។ អ្នកណាចង់រក្សាទុកជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិត ព្រោះតែខ្ញុំ នឹងបានជីវិតនោះមកវិញ»។ «អ្នកណាទទួលអ្នករាល់គ្នាក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំក៏ដូចជាទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមកនោះដែរ។ អ្នកណាទទួលព្យាការី*ម្នាក់ក្នុងនាមលោកជាព្យាការី អ្នកនោះនឹងទទួលរង្វាន់ដូចព្យាការី។ អ្នកណាទទួលមនុស្សសុចរិត*ម្នាក់ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់ដូចមនុស្សសុចរិត។ អ្នកណាឲ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់អ្នកតូចតាចម្នាក់ក្នុងនាមជាសិស្ស*របស់ខ្ញុំ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។
អាន ម៉ាថាយ 10
ស្ដាប់នូវ ម៉ាថាយ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 10:24-42
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ