ម៉ាឡាគី 1:6-14

ម៉ាឡាគី 1:6-14 គខប

«ធម្មតា កូន​តែងតែ​គោរព​ឪពុក ហើយ​អ្នក​បម្រើ​តែងតែ​គោរព​ម្ចាស់​របស់​ខ្លួន។ ប្រសិន​បើ​យើង​ជា​បិតា​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​បិតា? ប្រសិន​បើ​យើង​ជា​ម្ចាស់​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​ម្ចាស់? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ រីឯ​អ្នក​រាល់​គ្នា ដែល​ជា​បូជា‌ចារ្យ​វិញ អ្នក​រាល់​គ្នា​មាក់‌ងាយ​នាម​របស់​យើង តែ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​មាក់‌ងាយ ព្រះ‌នាម​របស់​ព្រះអង្គ​ត្រង់​ណា?”។ អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​សៅហ្មង មក​ដាក់​នៅ​លើ​អាសនៈ​របស់​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​សៅហ្មង ត្រង់​ណា?” គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា: តុ​របស់​ព្រះ‌អម្ចាស់​មិន​សូវ​សំខាន់​ទេ! ពេល​អ្នក​រាល់​គ្នា​យក​សត្វ​ខ្វាក់ មក​ធ្វើ​យញ្ញ‌បូជា តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ? ពេល​អ្នក​រាល់​គ្នា​យក​សត្វ​បាក់​ជើង ឬ​សត្វ​មាន​ជំងឺ​មក​ធ្វើ​យញ្ញ‌បូជា តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ? បើ​អ្នក​យក​សត្វ​បែប​នេះ​ទៅ​ជូន ទេសា‌ភិបាល​របស់​អ្នក តើ​គាត់​សុខ​ចិត្ត​ទទួល​យក ហើយ​ទទួល​អ្នក​ដោយ​រាក់‌ទាក់​ឬ?» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះអង្គ​ប្រណី​សន្ដោស​ពួក​យើង! «បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​អំពើ​អាក្រក់​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ទទួល​អ្នក​រាល់​គ្នា ដោយ​រាក់‌ទាក់​ឬ? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ បើ​នៅ​តែ​ដូច្នេះ គួរ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បិទ​ទ្វារ​ព្រះ‌វិហារ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង្កាត់​ភ្លើង ជា​អសារ‌បង់​នៅ​លើ​អាសនៈ​របស់​យើង​ទៀត! យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ទទួល​តង្វាយ​ពី​ដៃ របស់​អ្នក​រាល់​គ្នា​ដែរ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។ នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប ដើម្បី​លើក​តម្កើង​នាម​របស់​យើង ព្រម​ទាំង​នាំ​យក​តង្វាយ​បរិសុទ្ធ​មក​ជា​មួយ​ផង ដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អាប់‌បង្អោន​នាម​របស់​យើង ដោយ​ពោល​ថា: “តុ​របស់​ព្រះ‌អម្ចាស់​សៅហ្មង​ហើយ មិន​បាច់​យក​អាហារ​ថ្លៃ‌ថ្នូរ ទៅ​តម្កល់​លើ​តុ​នោះ​ទេ”។ អ្នក​រាល់​គ្នា​ពោល​ថា “ពិធី​ទាំង​នេះ​គួរ​ឲ្យ​ធុញ‌ទ្រាន់​ណាស់!” ហើយ​ក៏​នាំ​គ្នា​មើល‌ងាយ​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ អ្នក​រាល់​គ្នា​យក​សត្វ​ដែល​លួច​គេ សត្វ​ពិការ ឬ​សត្វ​មាន​ជំងឺ​មក​ឲ្យ​យើង ទុក​ជា​តង្វាយ តើ​យើង​ទទួល​តង្វាយ​នេះ ពី​ដៃ​របស់​អ្នក​រាល់​គ្នា​កើត​ឬ? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ជន​បោក​ប្រាស់​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ដ្បិត​គេ​ទុក​សត្វ​ល្អៗ​ក្នុង​ហ្វូង​សត្វ​របស់​ខ្លួន ហើយ​បែរ​ជា​យក​សត្វ​ពិការ មក​ធ្វើ​ជា​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់​ទៅ​វិញ! យើង​ជា​ព្រះ‌មហា‌ក្សត្រ​ដ៏​ឧត្ដម ប្រជា‌ជាតិ​នានា​ស្ញែង​ខ្លាច​នាម​របស់​យើង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាឡាគី 1:6-14

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ