បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅតាមក្រុង តាមភូមិនានា ទាំងប្រកាស និងផ្សព្វផ្សាយដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់។ សាវ័ក*ទាំងដប់ពីររូបទៅជាមួយព្រះអង្គ ហើយមានស្ត្រីខ្លះទៀតដែលព្រះអង្គបានប្រោសឲ្យជាពីជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ចេញ ក៏តាមទៅជាមួយដែរ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង នាងយ៉ូអាន់ ភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូសាន ព្រមទាំងស្ត្រីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុកបម្រុងព្រះយេស៊ូ និងសិស្ស*របស់ព្រះអង្គ។ មានបណ្ដាជនច្រើនកុះករចេញពីទីក្រុងនានាមករកព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់ទៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើង ក៏ក្រៀមស្វិតទៅវិញ ព្រោះខ្វះទឹក។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹតគ្រាប់ពូជនោះមិនឲ្យដុះឡើង។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើង ឲ្យផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ សិស្ស*របស់ព្រះយេស៊ូទូលសួរព្រះអង្គថា៖ «តើពាក្យប្រស្នានោះមានន័យដូចម្ដេច?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យ*របស់ព្រះអង្គ។ ចំពោះអ្នកដទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំយល់ដែរ ។ រីឯប្រស្នានោះមានន័យដូចតទៅ: គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សខ្លះប្រៀបបីដូចជាផ្លូវដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់ព្រះបន្ទូល តែមារសាតាំង*មកឆក់យកពីចិត្តគេ ដើម្បីកុំឲ្យគេជឿ និងកុំឲ្យគេរួចជីវិត។ មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្ម កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្តែ គេជឿតែមួយភ្លែត ពុំទុកឲ្យព្រះបន្ទូលចាក់ឫសឡើយ គេបោះបង់ចោលជំនឿនៅពេលណាមានការល្បួង។ គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូល តែចិត្តខ្វល់ខ្វាយ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាល មករួបរឹតផលផ្លែមិនឲ្យទុំឡើយ។ រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ត រហូតដល់បានបង្កើតផលផ្លែជាច្រើន ដោយចិត្តស៊ូទ្រាំ»។ «ពុំដែលមាននរណាអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលក្នុងផ្ទះ។ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឲ្យគេដឹង ហើយគ្រប់អាថ៌កំបាំងក៏នឹងលេចមកឲ្យមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។ ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្ដាប់ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឲ្យថែមទៀតតែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកនូវអ្វីៗដែលខ្លួនស្មានថាមាននោះផង»។
អាន លូកា 8
ស្ដាប់នូវ លូកា 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 8:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ