លូកា 8:1-18

លូកា 8:1-18 គខប

បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​យាង​ទៅ​តាម​ក្រុង តាម​ភូមិ​នានា ទាំង​ប្រកាស និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់។ សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ទៅ​ជា​មួយ​ព្រះអង្គ ហើយ​មាន​ស្ត្រី​ខ្លះ​ទៀត​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺ និង​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ ក៏​តាម​ទៅ​ជា​មួយ​ដែរ គឺ​មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា ដែល​ព្រះអង្គ​បាន​ដេញ​អារក្ស​ប្រាំ‌ពីរ​ចេញ​ពី​នាង នាង​យ៉ូអាន់ ភរិយា​របស់​ឃូសា ជា​មហា‌តលិក​របស់​ព្រះ‌បាទ​ហេរ៉ូដ នាង​ស៊ូសាន ព្រម​ទាំង​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន ដែល​បាន​ចំណាយ​ធន‌ធាន​របស់​ខ្លួន ដើម្បី​ទំនុក​បម្រុង​ព្រះ‌យេស៊ូ និង​សិស្ស*​របស់​ព្រះអង្គ។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​ចេញ​ពី​ទីក្រុង​នានា​មក​រក​ព្រះ‌យេស៊ូ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​ថ្ម កាល​ពន្លក​ដុះ​ឡើង ក៏​ក្រៀម​ស្វិត​ទៅ​វិញ ព្រោះ​ខ្វះ​ទឹក។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ដុះ​ឡើង​ជា​មួយ​គ្រាប់​ពូជ ហើយ​រួប​រឹត​គ្រាប់​ពូជ​នោះ​មិន​ឲ្យ​ដុះ​ឡើង។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ គ្រាប់​ពូជ​ដុះ​ឡើង ឲ្យ​ផល​មួយ​ជា​មួយ​រយ»។ ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរសៀង​ថែម​ទៀត​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។ សិស្ស*​របស់​ព្រះ‌យេស៊ូ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ពាក្យ​ប្រស្នា​នោះ​មាន​ន័យ​ដូច​ម្ដេច?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ព្រះ‌រាជ្យ*​របស់​ព្រះអង្គ។ ចំពោះ​អ្នក​ដទៃ ព្រះអង្គ​ប្រើ​ជា​ពាក្យ​ប្រស្នា​វិញ។ ដូច្នេះ ទោះ​បី​គេ​មើល​ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់​ក៏​ពុំ​យល់​ដែរ ។ រីឯ​ប្រស្នា​នោះ​មាន​ន័យ​ដូច​ត​ទៅ: គ្រាប់​ពូជ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ មនុស្ស​ខ្លះ​ប្រៀប​បី​ដូច​ជា​ផ្លូវ​ដែល​គ្រាប់​ពូជ​ធ្លាក់ គេ​បាន​ស្ដាប់​ព្រះ‌បន្ទូល តែ​មារ​សាតាំង*​មក​ឆក់​យក​ពី​ចិត្ត​គេ ដើម្បី​កុំ​ឲ្យ​គេ​ជឿ និង​កុំ​ឲ្យ​គេ​រួច​ជីវិត។ មនុស្ស​ខ្លះ​ទៀត​ប្រៀប​បី​ដូច​ជា​ដី​មាន​ថ្ម កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ គេ​ទទួល​យក​ដោយ​អំណរ។ ប៉ុន្តែ គេ​ជឿ​តែ​មួយ‌ភ្លែត ពុំ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ចាក់​ឫស​ឡើយ គេ​បោះ​បង់​ចោល​ជំនឿ​នៅ​ពេល​ណា​មាន​ការ​ល្បួង។ គ្រាប់​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បន្ទូល តែ​ចិត្ត​ខ្វល់​ខ្វាយ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ និង​ចិត្ត​ស្រើប‌ស្រាល មក​រួប​រឹត​ផល​ផ្លែ​មិន​ឲ្យ​ទុំ​ឡើយ។ រីឯ​គ្រាប់​ពូជ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌បន្ទូល ហើយ​ចង​ចាំ​ទុក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត រហូត​ដល់​បាន​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដោយ​ចិត្ត​ស៊ូ‌ទ្រាំ»។ «ពុំ​ដែល​មាន​នរណា​អុជ​ចង្កៀង ហើយ​យក​ធុង​មក​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ចូល​ក្នុង​ផ្ទះ។ គ្រប់​ការ​លាក់​កំបាំង​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង ហើយ​គ្រប់​អាថ៌‌កំបាំង​ក៏​នឹង​លេច​មក​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដែរ។ ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​ស្ដាប់ ព្រោះ​អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​ថែម​ទៀត​តែ​អ្នក​ណា​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​នូវ​អ្វីៗ​ដែល​ខ្លួន​ស្មាន​ថា​មាន​នោះ​ផង»។