ព្រះយេស៊ូងើបព្រះភ័ក្ត្រទតមើលសិស្ស*របស់ព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ! អ្នកមានសុភមង្គល*ហើយ ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យ* របស់ព្រះជាម្ចាស់។ អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។ ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នា ប្រសិនបើគេត្មះតិះដៀលបង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែបុត្រមនុស្ស* អ្នករាល់គ្នាមានសុភមង្គលហើយ។ នៅគ្រានោះ ចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់គ្នាទទួលរង្វាន់យ៉ាងធំ នៅស្ថានបរមសុខ*។ កាលពីជំនាន់មុន បុព្វបុរស*របស់គេក៏បានប្រព្រឹត្តចំពោះពួកព្យាការីដូច្នោះដែរ។ ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នាបាន ទទួលការសម្រាលទុក្ខរួចស្រេចហើយ។ អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ! អ្នកនឹងត្រូវវេទនា ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នា នឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។ អ្នករាល់គ្នាដែលមនុស្សទាំងអស់ កោតសរសើរអើយ! អ្នកត្រូវវេទនាហើយ ព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្ត ចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ!»។ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងធ្វើអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្តាសាអ្នករាល់គ្នា និងអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឲ្យគេយកអាវក្នុងថែមទៀតទៅ។ បើមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។ បើអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែជាមួយមនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។ បើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្តអំពើល្អដល់គេ ព្រមទាំងឲ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឲ្យសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គក៏មានព្រះហឫទ័យសប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។ ចូរមានចិត្តមេត្តាករុណាដូចព្រះបិតារបស់អ្នករាល់គ្នា ដែលមានព្រះហឫទ័យមេត្តាករុណា»។
អាន លូកា 6
ស្ដាប់នូវ លូកា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 6:20-36
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ