មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះអង្គនាំគ្នាបូតកួរស្រូវសាលី មកឈ្លីបរិភោគ។ មានពួកខាងគណៈផារីស៊ី*ខ្លះនិយាយទៅសិស្សទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ*ដូច្នេះ?»។ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរ មានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារ បានប្រព្រឹត្តនៅពេលឃ្លាន គឺស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង។ តាមវិន័យ* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនោះ។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ បុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ*។ នៅថ្ងៃសប្ប័ទ*មួយទៀត ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយព្រះអង្គបង្រៀនគេ។ នៅទីនោះមានបុរសម្នាក់ស្វិតដៃស្ដាំ។ ពួកអាចារ្យ* និងពួកខាងគណៈផារីស៊ី*តាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់ពួកគេ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បុរសនោះក៏ក្រោកឈរឡើង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះជីវិតមនុស្ស ឬធ្វើឲ្យវិនាសអន្តរាយ?»។ ព្រះអង្គបែរព្រះភ័ក្ត្រទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។ ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធ្វើយ៉ាងណា ដើម្បីប្រឆាំងនឹងព្រះយេស៊ូ។ នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន*។ ព្រះអង្គអធិស្ឋានពេញមួយយប់។ លុះព្រលឹមឡើង ព្រះអង្គត្រាស់ហៅសិស្ស*មក ក្នុងចំណោមសិស្សទាំងនោះ ព្រះអង្គជ្រើសយកដប់ពីររូប ហើយប្រទានងារជាទូតរបស់ព្រះអង្គ គឺមានស៊ីម៉ូនដែលព្រះអង្គប្រទានឈ្មោះថា ពេត្រុស និងអនទ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់លោកអាល់ផាយ ស៊ីម៉ូនហៅអ្នកជាតិនិយម យូដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុត ដែលនឹងក្បត់ព្រះអង្គ។ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្ស*ទាំងនោះ មកប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមានសិស្សជាច្រើន និងប្រជាជនពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ុស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គយ៉ាងកកកុញ។ គេនាំគ្នាមកស្ដាប់ព្រះអង្គ និងសូមព្រះអង្គប្រោសគេឲ្យជាពីជំងឺ។ រីឯអស់អ្នកដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនក៏បានជាដែរ។ បណ្ដាជនប្រជ្រៀតគ្នាចូលមកពាល់ព្រះយេស៊ូ ដ្បិតមានឫទ្ធានុភាពចេញពីព្រះអង្គមកប្រោសគេឲ្យជាគ្រប់ៗគ្នា។ ព្រះយេស៊ូងើបព្រះភ័ក្ត្រទតមើលសិស្ស*របស់ព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ! អ្នកមានសុភមង្គល*ហើយ ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យ* របស់ព្រះជាម្ចាស់។ អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។ ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នា ប្រសិនបើគេត្មះតិះដៀលបង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែបុត្រមនុស្ស* អ្នករាល់គ្នាមានសុភមង្គលហើយ។ នៅគ្រានោះ ចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់គ្នាទទួលរង្វាន់យ៉ាងធំ នៅស្ថានបរមសុខ*។ កាលពីជំនាន់មុន បុព្វបុរស*របស់គេក៏បានប្រព្រឹត្តចំពោះពួកព្យាការីដូច្នោះដែរ។ ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នាបាន ទទួលការសម្រាលទុក្ខរួចស្រេចហើយ។ អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ! អ្នកនឹងត្រូវវេទនា ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នា នឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។ អ្នករាល់គ្នាដែលមនុស្សទាំងអស់ កោតសរសើរអើយ! អ្នកត្រូវវេទនាហើយ ព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្ត ចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ!»។ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងធ្វើអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្តាសាអ្នករាល់គ្នា និងអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឲ្យគេយកអាវក្នុងថែមទៀតទៅ។ បើមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។ បើអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែជាមួយមនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។ បើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្តអំពើល្អដល់គេ ព្រមទាំងឲ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឲ្យសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គក៏មានព្រះហឫទ័យសប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។ ចូរមានចិត្តមេត្តាករុណាដូចព្រះបិតារបស់អ្នករាល់គ្នា ដែលមានព្រះហឫទ័យមេត្តាករុណា»។ «កុំថ្កោលទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឲ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឲ្យអ្នករាល់គ្នា។ ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ព្រះអង្គនឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃ»។ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេទៀតថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធ្វើដូច្នោះមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។ ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្តែ សិស្សដែលបានទទួលចំណេះសព្វគ្រប់អាចស្មើនឹងគ្រូបាន។ ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ? បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។ «ដើមឈើល្អមិនដែលឲ្យផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញក៏មិនដែលឲ្យផ្លែល្អដែរ ដ្បិតគេស្គាល់ដើមឈើបានដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែឧទុម្ពរ* ឬផ្លែទំពាំងបាយជូរពីគុម្ពបន្លាឡើយ។ មនុស្សល្អតែងប្រព្រឹត្តអំពើល្អ ព្រោះចិត្តរបស់គេល្អ រីឯមនុស្សអាក្រក់តែងប្រព្រឹត្តអំពើអាក្រក់ ព្រោះចិត្តរបស់គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន»។ «ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!” តែមិនប្រព្រឹត្តតាមពាក្យខ្ញុំដូច្នេះ? អ្នកដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្តតាម ខ្ញុំសុំបង្ហាញប្រាប់ឲ្យអ្នករាល់គ្នាដឹងថា គេប្រៀបបានទៅនឹងមនុស្សប្រភេទណា អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្ម លុះទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យផ្ទះនោះរង្គើបានដែរ ព្រោះគាត់បានសង់យ៉ាងមាំ។ ចំណែកឯអ្នកដែលស្ដាប់ពាក្យខ្ញុំ តែមិនប្រព្រឹត្តតាម ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមកបោកផ្ទះនោះ ផ្ទះនោះក៏រលំខូចខាតភ្លាម គ្មានអ្វីសល់ឡើយ»។
អាន លូកា 6
ស្ដាប់នូវ លូកា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 6:1-49
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ