ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងគេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។ ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចព្រះអង្គសុំឲ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្តិច។ ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះ។ លុះព្រះអង្គបង្រៀនគេចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្តែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។ គេបក់ដៃហៅមិត្តភក្ដិដែលនៅក្នុងទូកមួយទៀតឲ្យមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។ ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមយាងឲ្យឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។ លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នកដែលនៅជាមួយ ភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ រីឯលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្តដូច្នោះដែរ។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។ ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់របស់របរទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះយេស៊ូទៅ។ ព្រះយេស៊ូគង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញព្រះអង្គ គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ ឱនមុខដល់ដី ទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។ ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏ជាស្អាតបរិសុទ្ធភ្លាម។ ព្រះយេស៊ូមានព្រះបន្ទូលហាមគាត់ថា៖ «កុំនិយាយប្រាប់នរណាឲ្យដឹងឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ* ហើយថ្វាយតង្វាយដូចលោកម៉ូសេ*បានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកជាស្អាតបរិសុទ្ធមែន»។ ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្ដាប់ព្រះអង្គ ព្រមទាំងសូមព្រះអង្គប្រោសឲ្យខ្លួនជាពីជំងឺផ្សេងៗផង។ រីឯព្រះយេស៊ូវិញ ព្រះអង្គយាងទៅទីស្ងាត់ ដើម្បីអធិស្ឋាន*។
អាន លូកា 5
ស្ដាប់នូវ លូកា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 5:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ