លូកា 4:14-30

លូកា 4:14-30 គខប

ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ ព្រះ‌នាម​ព្រះអង្គ​ឮ​ល្បី‌ល្បាញ​ពាស‌ពេញ​តំបន់​នោះ។ ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ* គេ​សរសើរ​តម្កើង​សិរី‌រុងរឿង​ព្រះអង្គ​គ្រប់ៗ​គ្នា។ ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​ព្រះអង្គ​គង់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​សប្ប័ទ* ព្រះអង្គ​យាង​ទៅ​សាលា​ប្រជុំ*​តាម​ទម្លាប់​របស់​ព្រះអង្គ។ ព្រះអង្គ​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គម្ពីរ។ គេ​បាន​យក​គម្ពីរ​របស់​ព្យាការី*​អេសាយ​មក​ថ្វាយ​ព្រះអង្គ ព្រះអង្គ​បើក​គម្ពីរ​ត្រង់​អត្ថ‌បទ​មួយ ដែល​មាន​ចែង​ថា៖ «ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់ ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​មើល​ឃើញ​វិញ។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រម​ទាំង​ប្រកាស​អំពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់ សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា »។ លុះ​អាន​ចប់​ហើយ ព្រះ‌យេស៊ូ​បិទ​គម្ពីរ ប្រគល់​ទៅ​អ្នក​ថែ‌រក្សា រួច​ព្រះអង្គ​គង់​ចុះ​វិញ។ មនុស្ស​គ្រប់ៗ​រូប​នៅ​ក្នុង​សាលា​ប្រជុំ​សម្លឹង​មើល​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដូច​អ្នក​រាល់​គ្នា​ទើប​នឹង​ស្ដាប់​អម្បាញ់​មិញ បាន​សម្រេច​ជា​រូប​រាង​នៅ​ថ្ងៃ​នេះ​ហើយ»។ ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ព្រះ‌បន្ទូល ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​យ៉ូសែប​ទេ​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ប្រហែល​ជា​ចង់​យក​សុភាសិត​ដែល​ចែង​ថា “គ្រូ​ពេទ្យ​អើយ ចូរ​មើល​ជំងឺ​របស់​ខ្លួន​ឲ្យ​ជា​សិន​ទៅ” មក​ផ្ចាញ់‌ផ្ចាល​ខ្ញុំ​ទេ​ដឹង! ឬ​មួយ​អ្នក​រាល់​គ្នា​ចង់​និយាយ​មក​ខ្ញុំ​ទៀត​ថា “យើង​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​អស់ ដែល​អ្នក​ធ្វើ​នៅ​ក្រុង​កាពើ‌ណិម ចូរ​ធ្វើ​ការ​ដដែល​នៅ​ទី​នេះ ជា​ស្រុក​កំណើត​របស់​អ្នក ឲ្យ​យើង​ឃើញ​ផង!”»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​ដែល​មាន​ព្យាការី*​ណា​ម្នាក់​ត្រូវ​គេ​គោរព នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ឡើយ។ ខ្ញុំ​សុំ​បញ្ជាក់​ថា នៅ​ជំនាន់​លោក​អេលីយ៉ា មេឃ​រាំង​អស់​រយៈ​ពេល​បី​ឆ្នាំ​កន្លះ បណ្ដាល​ឲ្យ​មាន​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​ពេញ​ទាំង​ស្រុក។ នៅ​ស្រុក​អ៊ីស្រា‌អែល មាន​ស្ត្រី​មេម៉ាយ​ជា​ច្រើន។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ពុំ​បាន​ចាត់​ព្យាការី​អេលីយ៉ា​ឲ្យ​ទៅ​ជួយ​ស្ត្រី​មេ‌ម៉ាយ​ណា​ម្នាក់ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ គឺ​ព្រះអង្គ​បាន​ចាត់​លោក​ឲ្យ​ទៅ​ជួយ​ស្ត្រី​មេ‌ម៉ាយ​ម្នាក់ ដែល​រស់​នៅ​ភូមិ​សារិប‌តា ក្នុង​ក្រុង​ស៊ីដូន​វិញ។ នៅ​ជំនាន់​ព្យាការី​អេលីសេ មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​ក្នុង​ស្រុក​អ៊ីស្រា‌អែល ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​សោះ​ឡើយ គឺ​មាន​តែ​លោក​ណាម៉ាន់​ជា​ជន‌ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។ កាល​បាន​ឮ​ព្រះ‌បន្ទូល​ទាំង​នេះ អ្នក​នៅ​ក្នុង​សាលា​ប្រជុំ*​ទាំង​ប៉ុន្មាន​ខឹង​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា។ គេ​ក្រោក​ឡើង ចាប់​ប្រអូស​ប្រទាញ​ព្រះ‌យេស៊ូ​ចេញ​ពី​ភូមិ ដែល​សង់​លើ​កំពូល​ភ្នំ នាំ​ឆ្ពោះ​ទៅ​មាត់​ជ្រោះ បម្រុង​នឹង​ច្រាន​ព្រះអង្គ​ទម្លាក់​ទៅ​ក្រោម។ ប៉ុន្តែ ព្រះអង្គ​យាង​ចេញ​ពី​កណ្ដាល​ចំណោម​គេ​បាត់​ទៅ។