លូកា 4
4
ព្រះយេស៊ូឈ្នះការល្បួង
(ម៉ាថាយ ៤.១-១១ ម៉ាកុស ១.១២-១៣)
1ព្រះយេស៊ូបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ព្រះអង្គយាងត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅវាលរហោស្ថាន។ 2នៅទីនោះ ព្រះអង្គត្រូវមារ*សាតាំងល្បួងអស់រយៈពេលសែសិបថ្ងៃ។ ក្នុងអំឡុងពេលនោះ ព្រះអង្គពុំសោយអ្វីឡើយ។ លុះផុតពីពេលនោះទៅ ទើបព្រះអង្គឃ្លាន។ 3មារ*ទូលព្រះអង្គថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើឲ្យដុំថ្មនេះទៅជានំប៉័ងមើល៍»។ 4 ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា មនុស្សមិនមែនរស់ដោយសារតែអាហារ ប៉ុណ្ណោះទេ»។
5មារនាំព្រះអង្គទៅកន្លែងមួយដ៏ខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មាននៅលើផែនដីឲ្យព្រះអង្គឃើញ ក្នុងមួយរយៈពេលដ៏ខ្លី។ 6មារសាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងប្រគល់អំណាច ព្រមទាំងភោគទ្រព្យរបស់នគរទាំងនោះឲ្យលោក ដ្បិតអ្វីៗទាំងអស់ជាសម្បត្តិរបស់ខ្ញុំ ខ្ញុំអាចប្រគល់ឲ្យអ្នកណាក៏បាន ស្រេចតែនឹងចិត្តខ្ញុំ។ 7ដូច្នេះ ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ សម្បត្តិទាំងនោះនឹងបានជារបស់លោកហើយ»។ 8 ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា “អ្នកត្រូវតែថ្វាយបង្គំព្រះអម្ចាស់* ជាព្រះរបស់អ្នក និងគោរពបម្រើតែព្រះអង្គមួយប៉ុណ្ណោះ”»។
9បន្ទាប់មក មារនាំព្រះអង្គទៅក្រុងយេរូសាឡឹម ដាក់ព្រះអង្គលើកំពូលព្រះវិហារ* ហើយទូលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ 10 ដ្បិតក្នុងគម្ពីរមានចែងថា “ព្រះជាម្ចាស់នឹងបញ្ជាឲ្យទេវតា*ថែរក្សាលោក 11 ហើយទេវតាទាំងនោះនឹងចាំទ្រលោក មិនឲ្យជើងលោកប៉ះទង្គិចនឹងថ្មឡើយ”»។ 12 ព្រះយេស៊ូមានព្រះបន្ទូលតបទៅមារវិញថា៖ «ក្នុងគម្ពីរមានចែងថា កុំល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ»។ 13លុះមារល្បួងព្រះយេស៊ូសព្វបែបយ៉ាងហើយ វាក៏ថយចេញឆ្ងាយពីព្រះអង្គទៅ រហូតដល់ពេលកំណត់។
ព្រះយេស៊ូចាប់ផ្ដើមផ្សាយដំណឹងល្អនៅស្រុកកាលីឡេ អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទួលព្រះអង្គ
(មថ.៤.១២-១៧, ១៣.៥៣-៥៨ មក.១.១៤-១៥, ៦.១-៦)
14ព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ ព្រះនាមព្រះអង្គឮល្បីល្បាញពាសពេញតំបន់នោះ។ 15ព្រះអង្គបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំ* គេសរសើរតម្កើងសិរីរុងរឿងព្រះអង្គគ្រប់ៗគ្នា។
16ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ* ព្រះអង្គយាងទៅសាលាប្រជុំ*តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ។ 17គេបានយកគម្ពីររបស់ព្យាការី*អេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរត្រង់អត្ថបទមួយ ដែលមានចែងថា៖
18 «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។
ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំ
ឲ្យនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ។
ព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់
ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព
ហើយប្រាប់មនុស្សខ្វាក់ថា
គេនឹងមើលឃើញវិញ។
ព្រះអង្គបានចាត់ខ្ញុំឲ្យមករំដោះ
អស់អ្នកដែលត្រូវគេសង្កត់សង្កិន
19 ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់
សម្តែងព្រះហឫទ័យមេត្តាករុណា»។
20លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សា រួចព្រះអង្គគង់ចុះវិញ។ មនុស្សគ្រប់ៗរូបនៅក្នុងសាលាប្រជុំសម្លឹងមើលព្រះអង្គ។ 21ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបនឹងស្ដាប់អម្បាញ់មិញ បានសម្រេចជារូបរាងនៅថ្ងៃនេះហើយ»។ 22ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូល ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គ។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬ?»។ 23ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាប្រហែលជាចង់យកសុភាសិតដែលចែងថា “គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនឲ្យជាសិនទៅ” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា “យើងឮគេនិយាយអំពីកិច្ចការទាំងអស់ ដែលអ្នកធ្វើនៅក្រុងកាពើណិម ចូរធ្វើការដដែលនៅទីនេះ ជាស្រុកកំណើតរបស់អ្នក ឲ្យយើងឃើញផង!”»។
24 ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការី*ណាម្នាក់ត្រូវគេគោរព នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។ 25 ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់លោកអេលីយ៉ា មេឃរាំងអស់រយៈពេលបីឆ្នាំកន្លះ បណ្ដាលឲ្យមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែល មានស្ត្រីមេម៉ាយជាច្រើន។ 26 ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីយ៉ាឲ្យទៅជួយស្ត្រីមេម៉ាយណាម្នាក់ នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គបានចាត់លោកឲ្យទៅជួយស្ត្រីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនវិញ។ 27 នៅជំនាន់ព្យាការីអេលីសេ មានមនុស្សឃ្លង់ជាច្រើនក្នុងស្រុកអ៊ីស្រាអែល ប៉ុន្តែ គ្មានអ្នកណាម្នាក់បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។
28កាលបានឮព្រះបន្ទូលទាំងនេះ អ្នកនៅក្នុងសាលាប្រជុំ*ទាំងប៉ុន្មានខឹងព្រះយេស៊ូគ្រប់ៗគ្នា។ 29គេក្រោកឡើង ចាប់ប្រអូសប្រទាញព្រះយេស៊ូចេញពីភូមិ ដែលសង់លើកំពូលភ្នំ នាំឆ្ពោះទៅមាត់ជ្រោះ បម្រុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។ 30ប៉ុន្តែ ព្រះអង្គយាងចេញពីកណ្ដាលចំណោមគេបាត់ទៅ។
ព្រះយេស៊ូដេញអារក្សចេញពីមនុស្សម្នាក់
(ម៉ាកុស ១.២១-២៨)
31ព្រះយេស៊ូយាងទៅក្រុងកាពើណិម ក្នុងស្រុកកាលីឡេ។ នៅទីនោះ ព្រះអង្គបង្រៀនបណ្ដាជនជារៀងរាល់ថ្ងៃសប្ប័ទ*។ 32 មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ 33នៅក្នុងសាលាប្រជុំ*មានបុរសម្នាក់ ដែលមានវិញ្ញាណរបស់អារក្សអសោចនៅក្នុងខ្លួន ស្រែកឡើងខ្លាំងៗថា៖ 34«ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ*ដែលមកពីព្រះជាម្ចាស់»។ 35ព្រះយេស៊ូគំរាមវិញ្ញាណរបស់អារក្សអសោចនោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ អារក្សក៏ផ្ដួលបុរសនោះ នៅកណ្ដាលចំណោមបណ្ដាជន រួចចេញទៅ ដោយពុំមានធ្វើឲ្យគាត់ឈឺចាប់អ្វីឡើយ។ 36មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសម្ដីរបស់លោកនេះអីក៏ពូកែម៉្លេះ មើល៍លោកមានអំណាច និងឫទ្ធានុភាពអាចបញ្ជាទៅវិញ្ញាណអាក្រក់ឲ្យវាចេញ ហើយវាធ្វើតាម»។ 37បន្ទាប់មក ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញតំបន់នោះ។
ព្រះយេស៊ូប្រោសអ្នកជំងឺជាច្រើនឲ្យជា
(ម៉ាថាយ ៨.១៤-១៧ ម៉ាកុស ១.២៩-៣៤)
38ព្រះយេស៊ូយាងចេញពីសាលាប្រជុំ*ទៅផ្ទះលោកស៊ីម៉ូន ពេលនោះ ម្ដាយក្មេករបស់លោកស៊ីម៉ូនគ្រុនយ៉ាងខ្លាំង គេទូលសូមព្រះអង្គមេត្តាប្រោសគាត់ឲ្យជា។ 39ព្រះយេស៊ូឱនទៅលើអ្នកជំងឺ ព្រះអង្គគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ ហើយម្ដាយក្មេករបស់លោកស៊ីម៉ូនក៏ជា។ រំពេចនោះ គាត់ក្រោកឡើង បម្រើភ្ញៀវ។
40នៅពេលថ្ងៃលិច អ្នកស្រុកទាំងអស់នាំបងប្អូនដែលមានជំងឺផ្សេងៗមករកព្រះយេស៊ូ។ ព្រះអង្គដាក់ព្រះហស្ដលើអ្នកទាំងនោះ ហើយប្រោសគេឲ្យជាសះស្បើយគ្រប់ៗគ្នា។ 41មានអារក្សចេញពីមនុស្សជាច្រើន ទាំងស្រែកថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះយេស៊ូគំរាមអារក្សទាំងនោះមិនឲ្យនិយាយជាដាច់ខាត ព្រោះពួកវាដឹងថា ព្រះអង្គជាព្រះគ្រិស្ត*។
42លុះព្រលឹមឡើង ព្រះយេស៊ូយាងចេញពីក្រុងទៅកន្លែងស្ងាត់។ បណ្ដាជននាំគ្នាដើររកព្រះអង្គ។ លុះជួបហើយ គេឃាត់ព្រះអង្គឲ្យនៅជាមួយ មិនចង់ឲ្យយាងចាកចោលគេឡើយ។ 43ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំត្រូវនាំដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ទៅក្រុងឯទៀតៗដែរ ដ្បិតព្រះអង្គបានចាត់ខ្ញុំឲ្យមកបំពេញការនេះឯង»។
44បន្ទាប់មក ព្រះយេស៊ូប្រកាសដំណឹងល្អ*តាមសាលាប្រជុំ*នានា ក្នុងស្រុកកាលីឡេ។
ទើបបានជ្រើសរើសហើយ៖
លូកា 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.