លូកា 3:7-18

លូកា 3:7-18 គខប

លោក​យ៉ូហាន​តែងតែ​បន្ទោស​មហា‌ជន ដែល​មក​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​គេច​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌ជាម្ចាស់ ដែល​ជិត​មក​ដល់​ដូច្នេះ? ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។ កុំ​អាង​ខ្លួន​ថា​មាន​លោក​អប្រាហាំ​ជា​បុព្វបុរស*​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​ក៏​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ដែរ។ ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច​ហើយ ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ ត្រូវ​កាប់​រំលំ​បោះ​ទៅ​ក្នុង​ភ្លើង»។ មហា‌ជន​សួរ​លោក​យ៉ូហាន​ថា៖ «បើ​ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ លោក​យ៉ូហាន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «អ្នក​ណា​មាន​អាវ​ពីរ ត្រូវ​ចែក​ឲ្យ​អ្នក​ដែល​គ្មាន ហើយ​អ្នក​ដែល​មាន​ចំណី​អាហារ ក៏​ត្រូវ​ចែក​ឲ្យ​អ្នក​គ្មាន​ដែរ»។ មាន​អ្នក​ទារ​ពន្ធ*​ខ្លះ​មក​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​សួរ​លោក​ថា៖ «លោក​គ្រូ​អើយ! តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ លោក​ឆ្លើយ​វិញ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​ពី​កម្រិត ដែល​មាន​កំណត់​ទុក​នោះ​ឡើយ»។ មាន​ទាហាន​មក​សួរ​លោក​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​ត្រូវ​ធ្វើ​អ្វី​ដែរ?»។ លោក​ឆ្លើយ​ថា៖ «កុំ​ចោទ​ប្រកាន់ កុំ​សង្កត់‌សង្កិន​យក​ប្រាក់​ពី​អ្នក​ណា​ឲ្យ​សោះ ត្រូវ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​បាន​ហើយ»។ ប្រជា‌ជន​នៅ​តែ​រង់‌ចាំ ហើយ​គេ​រិះគិត​ក្នុង​ចិត្ត​គ្រប់ៗ​គ្នា​ថា ប្រហែល​លោក​នេះ​ទេ​ដឹង​ជា​ព្រះ‌គ្រិស្ត*!។ លោក​យ៉ូហាន​មាន​ប្រសាសន៍​ប្រាប់​គេ​ទាំង​អស់​គ្នា​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ*​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ទឹក ប៉ុន្តែ លោក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ ជិត​មក​ដល់​ហើយ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​លោក​ផង លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ លោក​កាន់​ចង្អេរ លោក​សម្អាត​លាន​បោក​ស្រូវ ដើម្បី​អុំ​ស្រូវ​យក​គ្រាប់​ល្អ​ប្រមូល​ដាក់​ជង្រុក រីឯ​សម្ដី វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។ លោក​យ៉ូហាន​ប្រកាស​ដំណឹង‌ល្អ*​ដល់​ប្រជា‌ជន ដោយ​ពាក្យ​ដាស់‌តឿន​ជា​ច្រើន​ទៀត​ផង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 3:7-18