ប្រជាជនច្រើនកុះករដើរតាមព្រះអង្គទៅ ព្រមទាំងមានពួកស្ត្រីគក់ទ្រូង យំសោកអាណិតព្រះអង្គផង។ ព្រះយេស៊ូងាកមកមានព្រះបន្ទូលនឹងស្ត្រីទាំងនោះថា៖ «ស្ត្រីក្រុងយេរូសាឡឹមអើយ! កុំយំសោកអាណិតខ្ញុំធ្វើអ្វី ចូរយំសោកអាណិតខ្លួននាង និងកូននាងវិញ ដ្បិតនៅថ្ងៃក្រោយនឹងមានគេពោលថា “ស្ត្រីណាឥតកូន ស្ត្រីណាមិនបង្កើតកូន និងស្ត្រីណាមិនដែលបំបៅកូន ស្ត្រីនោះពិតជាមានសុភមង្គលមែន”។ នៅពេលនោះ គេនឹងនិយាយទៅភ្នំថា “ចូររលំសង្កត់ពីលើយើងខ្ញុំមក! ចូរជួយលាក់ខ្លួនយើងខ្ញុំផង!” ។ បើគេធ្វើបាបឈើស្រស់យ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើឈើងាប់វិញ តើគេនឹងធ្វើបាបដល់កម្រិតណាទៅ!»។ គេបាននាំអ្នកទោស ពីរនាក់ទៀតមកសម្លាប់ជាមួយព្រះយេស៊ូដែរ។ លុះមកដល់កន្លែងមួយដែលគេហៅថា “ភ្នំលលាដ៍ក្បាល” គេឆ្កាងព្រះយេស៊ូនៅទីនោះ ហើយគេក៏ឆ្កាងអ្នកទោសទាំងពីរនាក់នោះដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឱព្រះបិតាអើយ! សូមព្រះអង្គអត់ទោសឲ្យអ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេកំពុងធ្វើអ្វីឡើយ»។ គេយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា។ ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាព្រះគ្រិស្ត*របស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសមែននោះ ឲ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។ ពួកទាហានក៏បានចំអកដាក់ព្រះអង្គដែរ គេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយ ទាំងពោលថា៖ «បើអ្នកជាស្ដេចជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនអ្នកទៅ!»។ នៅពីលើព្រះអង្គ មានសរសេរអក្សរថា «អ្នកនេះជាស្ដេចជនជាតិយូដា»។
អាន លូកា 23
ស្ដាប់នូវ លូកា 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 23:27-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ