អ្នកទាំងពីរក៏ចេញទៅ ហើយបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន។ គេរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង*។ លុះដល់ពេលកំណត់ហើយ ព្រះយេស៊ូក៏រួមតុជាមួយក្រុមសាវ័ក* ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យចម្លង*នេះ ជាមួយអ្នករាល់គ្នាណាស់!។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគម្ហូបអាហារបុណ្យចម្លងនេះទៀតទេ លុះត្រាតែពិធីបុណ្យនេះបានសម្រេចសព្វគ្រប់ នៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់»។ ព្រះអង្គយកពែងមួយមកកាន់ ហើយអរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកទៅចែកគ្នាពិសាចុះ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនទទួលទានស្រាទំពាំងបាយជូរទៀតឡើយ លុះត្រាតែព្រះរាជ្យ*ព្រះជាម្ចាស់មកដល់»។ បន្ទាប់មក ព្រះអង្គយកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ»។ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ព្រះអង្គយកពែងមកកាន់ ទាំងមានព្រះបន្ទូលថា៖ «នេះជាពែងនៃសម្ពន្ធមេត្រី*ថ្មីចងឡើង ដោយសារលោហិតខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។ ប៉ុន្តែ តោងដឹងថា អ្នកដែលនឹងបញ្ជូនខ្ញុំ ក៏នៅរួមតុជាមួយខ្ញុំដែរ។ បុត្រមនុស្សត្រូវតែស្លាប់ តាមព្រះជាម្ចាស់បានកំណត់ទុកមក តែអ្នកដែលបញ្ជូនបុត្រមនុស្សមុខជាត្រូវវេទនាពុំខាន»។ ពេលនោះ ពួកសិស្ស*សួរគ្នាទៅវិញទៅមកចង់ដឹងថា ក្នុងចំណោមពួកគេ តើនរណាមានបំណងប្រព្រឹត្តដូច្នេះ។ ខណៈនោះ ពួកសាវ័ក*ជជែកទាស់ទែងគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាមានឋានៈធំជាងគេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ស្ដេចទាំងឡាយតែងតែត្រួតត្រាលើប្រជារាស្ត្រ ហើយអ្នកកាន់អំណាចតែងឲ្យគេហៅខ្លួនថា អ្នកមានគុណ។ រីឯអ្នករាល់គ្នាវិញ មិនត្រូវធ្វើដូច្នោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធំជាងគេ ត្រូវធ្វើតូចជាងគេ ហើយអ្នកដែលដឹកនាំគេ ត្រូវបម្រើគេវិញ។ អ្នកដែលអង្គុយនៅតុ និងអ្នកបម្រើតុ តើអ្នកណាធំជាង? ធម្មតា អ្នកអង្គុយតុ ធំជាងអ្នកបម្រើតុ។ រីឯខ្ញុំ ខ្ញុំនៅក្នុងចំណោមអ្នករាល់គ្នា ខ្ញុំធ្វើជាអ្នកបម្រើទៅវិញ។ គ្រប់ពេលខ្ញុំជួបទុក្ខលំបាក អ្នករាល់គ្នាស៊ូទ្រាំនៅជាមួយខ្ញុំជានិច្ច។
អាន លូកា 22
ស្ដាប់នូវ លូកា 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 22:13-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ