លូកា 21:5-24

លូកា 21:5-24 គខប

អ្នក​ខ្លះ​កំពុង​និយាយ​សរសើរ​លំអ​របស់​ព្រះ‌វិហារ ដែល​តាក់​តែង​ឡើង​ដោយ​ថ្ម​យ៉ាង​ល្អ​ប្រណីត និង​មាន​តាំង​វត្ថុ​ផ្សេងៗ​ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ពេល​ខាង​មុខ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់​ជា​មិន​ខាន លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ​អើយ! ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​មាន​នៅ​ពេល​ណា? តើ​មាន​ទី​សម្គាល់​អ្វី​ឲ្យ​យើង​ដឹង​ថា ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ជិត​មក​ដល់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន​កុំ​បណ្ដោយ​នរណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ត*” ឬ​ថា “ពេល​កំណត់​មក​ដល់​ហើយ” កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។ កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម ឬ​អំពី​ការ​បះ‌បោរ មិន​ត្រូវ​ភ័យ​តក់‌ស្លុត​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន ប៉ុន្តែ មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព​លោក​ភ្លាមៗ​ទេ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត នឹង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង​នៅ​តាម​តំបន់​ផ្សេងៗ ហើយ​នឹង​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ព្រម​ទាំង​មាន​អព្ភូត‌ហេតុ​ផ្សេងៗ បណ្ដាល​ឲ្យ​ភ័យ​តក់‌ស្លុត និង​មាន​ទី​សម្គាល់​យ៉ាង​ធំ​នៅ​លើ​មេឃ​ផង។ ប៉ុន្តែ មុន​នឹង​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​ចង​អ្នក​រាល់​គ្នា គេ​បៀត‌បៀន ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស​ក្នុង​សាលា​ប្រជុំ* យក​អ្នក​រាល់​គ្នា​ទៅ​ឃុំ‌ឃាំង។ គេ​នាំ​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ស្ដេច និង​លោក​ទេសា‌ភិបាល​កាត់​ទោស ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ ការ​នេះ​ប្រែ​ជា​ហុច​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​ទៅ​វិញ។ ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​ពាក្យ​និយាយ​ការពារ​ខ្លួន​ធ្វើ​អ្វី ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​ឲ្យ​ពួក​ប្រឆាំង​អាច​ប្រកែក​តទល់​នឹង​អ្នក​រាល់​គ្នា​ឡើយ។ សូម្បី​តែ​ឪពុក‌ម្ដាយ បងប្អូន​ញាតិ‌សន្ដាន និង​មិត្ត‌ភក្ដិ​របស់​អ្នក​រាល់​គ្នា ក៏​បញ្ជូន​អ្នក​រាល់​គ្នា​មួយ​ចំនួន​ទៅ​ឲ្យ​គេ​សម្លាប់​ផង​ដែរ។ មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ​ក៏​មិន​ត្រូវ​បាត់​ឡើយ។ អ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស៊ូ‌ទ្រាំ»។ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ចូរ​ដឹង​ថា ក្រុង​នេះ​ជិត​វិនាស​ហើយ។ ពេល​នោះ អស់​អ្នក​នៅ​ស្រុក​យូដា​ត្រូវ​តែ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ រីឯ​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម ត្រូវ​រត់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្រុង ហើយ​អស់​អ្នក​ដែល​នៅ​ស្រុក​ស្រែ មិន​ត្រូវ​ចូល​ទៅ​ក្រុង​ឡើយ។ គ្រា​នោះ ជា​គ្រា​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​ទោស​ប្រជា‌រាស្ដ្រ​ព្រះអង្គ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។ គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន មុខ​ជា​វេទនា​ពុំ‌ខាន ដ្បិត​នឹង​កើត​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​នេះ។ គេ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ខ្មាំង​សត្រូវ​នឹង​កៀរ​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សង្គ្រាម ឲ្យ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ សាសន៍​ដទៃ​នឹង​ជាន់​ឈ្លី​ក្រុង​យេរូ‌សាឡឹម រហូត​ដល់​ពេល​កំណត់​របស់​គេ»។