លូកា 20:9-18

លូកា 20:9-18 គខប

បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ប្រជា‌ជន​ជា​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​បាន​ដាំ​ទំពាំង‌បាយជូរ​មួយ​ចម្ការ ហើយ​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។ លុះ​ដល់​ទំពាំង‌បាយជូរ​ទុំ គាត់​ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​មក​ជួប​ពួក​អ្នក​ថែ​ចម្ការ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់ ប៉ុន្តែ ពួក​កសិករ​បាន​វាយ‌ដំ​អ្នក​បម្រើ ហើយ​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក ប៉ុន្តែ ពួក​កសិករ​បាន​វាយ‌ដំ​អ្នក​នេះ​ដែរ ហើយ​ជេរ​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ គាត់​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក​ជា​លើក​ទី​បី។ អ្នក​ថែ​ចម្ការ​បាន​វាយ‌ដំ​អ្នក​បម្រើ​នេះ​ឲ្យ​របួស ហើយ​បោះ​ទៅ​ខាង​ក្រៅ​ចម្ការ។ ម្ចាស់​ចម្ការ​គិត​ថា “តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​ចាត់​កូន​ប្រុស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ទៅ​ម្ដង គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ខ្ញុំ​ពុំ‌ខាន”។ ប៉ុន្តែ ពេល​ពួក​កសិករ​ឃើញ​កូន​ប្រុស​ម្ចាស់​ចម្ការ​មក​ដល់ គេ​ពិគ្រោះ​គ្នា​ថា “អ្នក​នេះ​ជា​អ្នក​ទទួល​កេរ‌មត៌ក​ពី​ម្ចាស់​ចម្ការ​ទៅ​ថ្ងៃ​ក្រោយ បើ​យើង​សម្លាប់​វា​ចោល ចម្ការ​នេះ​នឹង​ធ្លាក់​មក​ជា​សម្បត្តិ​របស់​យើង”។ គេ​ក៏​បោះ​កូន​ប្រុស​ម្ចាស់​ចម្ការ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​ចោល។ តើ​ម្ចាស់​ចម្ការ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច​ដល់​អ្នក​ទាំង​នោះ? គឺ​គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែ‌រក្សា​ចម្ការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ កាល​បាន​ឮ​ព្រះ‌បន្ទូល​នេះ គេ​ពោល​ថា៖ «ទេ! កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។ ព្រះ‌យេស៊ូ​ទត​ទៅ​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា: “ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត” តើ​ពាក្យ​នេះ​មាន​ន័យ​ដូច​ម្ដេច? អ្នក​ណា​ដួល​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទាំ​មិន​ខាន។ បើ​ថ្ម​នេះ​សង្កត់​លើ​អ្នក​ណា មុខ​ជា​កិន​កម្ទេច​អ្នក​នោះ​ឲ្យ​ស្លាប់​ជា​ប្រាកដ​ដែរ»។