ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនប្រជាជននៅក្នុងព្រះវិហារ ព្រមទាំងផ្សព្វផ្សាយដំណឹងល្អ* មានក្រុមនាយកបូជាចារ្យ* និងពួកអាចារ្យ* នាំគ្នាមកជាមួយពួកព្រឹទ្ធាចារ្យ ទូលសួរព្រះអង្គថា៖ «សុំលោកប្រាប់ឲ្យយើងដឹងផង លោកធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោក?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរសំណួរមួយដល់អស់លោកដែរ សូមប្រាប់ខ្ញុំមើល៍ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?”។ បើយើងឆ្លើយថា “មនុស្សចាត់លោកឲ្យមក” ប្រជាជនទាំងមូលមុខជាយកដុំថ្មគប់សម្លាប់យើងមិនខាន ដ្បិតគេជឿជាក់ថា លោកយ៉ូហានពិតជាព្យាការី*មែន»។ ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ មិនដឹងជាអ្នកណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*ឡើយ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅប្រជាជនជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចម្ការ ហើយប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះអស់រយៈពេលយ៉ាងយូរ។ លុះដល់ទំពាំងបាយជូរទុំ គាត់ចាត់អ្នកបម្រើម្នាក់ឲ្យមកជួបពួកអ្នកថែចម្ការ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់ ប៉ុន្តែ ពួកកសិករបានវាយដំអ្នកបម្រើ ហើយបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែ ពួកកសិករបានវាយដំអ្នកនេះដែរ ហើយជេរបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ គាត់ក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមកជាលើកទីបី។ អ្នកថែចម្ការបានវាយដំអ្នកបម្រើនេះឲ្យរបួស ហើយបោះទៅខាងក្រៅចម្ការ។ ម្ចាស់ចម្ការគិតថា “តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសដ៏ជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅម្ដង គេមុខជាគោរពកោតខ្លាចកូនខ្ញុំពុំខាន”។ ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងសម្លាប់វាចោល ចម្ការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។ គេក៏បោះកូនប្រុសម្ចាស់ចម្ការទៅខាងក្រៅ ហើយសម្លាប់ចោល។ តើម្ចាស់ចម្ការនឹងធ្វើយ៉ាងដូចម្ដេចដល់អ្នកទាំងនោះ? គឺគាត់មុខជាមកសម្លាប់អ្នកថែរក្សាចម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត»។ កាលបានឮព្រះបន្ទូលនេះ គេពោលថា៖ «ទេ! កុំឲ្យកើតមានដូច្នោះឡើយ»។ ព្រះយេស៊ូទតទៅគេ ហើយមានព្រះបន្ទូលថា៖ «ក្នុងគម្ពីរមានចែងថា: “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត” តើពាក្យនេះមានន័យដូចម្ដេច? អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន។ បើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកម្ទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។ ពេលនោះ ពួកអាចារ្យ* និងពួកនាយកបូជាចារ្យ* រកមធ្យោបាយចាប់ព្រះយេស៊ូ ដ្បិតគេយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នា សំដៅទៅលើពួកគេ ប៉ុន្តែ ពួកគេខ្លាចប្រជាជន។
អាន លូកា 20
ស្ដាប់នូវ លូកា 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 20:1-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ