ក្នុងស្រុកនោះ ពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។ ពេលនោះ ទេវតា*របស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំឲ្យគេភ័យខ្លាចយ៉ាងខ្លាំង។ ទេវតាពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឲ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលុប។ យប់នេះ នៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺព្រះគ្រិស្តជាអម្ចាស់។ នេះជាសញ្ញាសម្គាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូត រុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។ រំពេចនោះ មានទេវតាច្រើនកុះករ ចុះពីស្ថានបរមសុខ*មករួមជាមួយទេវតានោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖ «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គបានប្រកបដោយសេចក្ដីសុខសាន្ត នៅលើផែនដី!»។ លុះពួកទេវតាត្រឡប់ទៅស្ថានបរមសុខវិញអស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសម្តែងឲ្យយើងដឹងនោះមើល៍»។ ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារី លោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។ ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀបរាប់អំពីសេចក្ដីដែលទេវតាបានប្រាប់អំពីព្រះឱរសនេះ។ អស់អ្នកដែលបានឮពួកគង្វាលនិយាយ នឹកឆ្ងល់យ៉ាងខ្លាំង។ រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញបានឮ ស្របតាមសេចក្ដីដែលទេវតាបានប្រាប់គេ ឥតមានខ្វះត្រង់ណាឡើយ។
អាន លូកា 2
ស្ដាប់នូវ លូកា 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 2:8-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ