នៅគ្រានោះ ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមអូគូស្ដ មានព្រះរាជបញ្ជាឲ្យជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល ។ ការជំរឿនប្រជាជនលើកដំបូងនេះបានធ្វើឡើងក្នុងអំឡុងពេល ដែលលោកគីរេនាសធ្វើជាទេសាភិបាល នៅស្រុកស៊ីរី។ អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជី តាមស្រុកកំណើតរៀងៗខ្លួន។ រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិមក្នុងស្រុកយូដា ជាភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។ លោកទៅចុះឈ្មោះជាមួយនាងម៉ារី ជាគូដណ្ដឹងដែលមានផ្ទៃពោះ។ ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។ នាងសម្រាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់ឲ្យផ្ទំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។ ក្នុងស្រុកនោះ ពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។ ពេលនោះ ទេវតា*របស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំឲ្យគេភ័យខ្លាចយ៉ាងខ្លាំង។ ទេវតាពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឲ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលុប។ យប់នេះ នៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺព្រះគ្រិស្តជាអម្ចាស់។ នេះជាសញ្ញាសម្គាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូត រុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។ រំពេចនោះ មានទេវតាច្រើនកុះករ ចុះពីស្ថានបរមសុខ*មករួមជាមួយទេវតានោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖ «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គបានប្រកបដោយសេចក្ដីសុខសាន្ត នៅលើផែនដី!»។ លុះពួកទេវតាត្រឡប់ទៅស្ថានបរមសុខវិញអស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសម្តែងឲ្យយើងដឹងនោះមើល៍»។ ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារី លោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។ ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀបរាប់អំពីសេចក្ដីដែលទេវតាបានប្រាប់អំពីព្រះឱរសនេះ។ អស់អ្នកដែលបានឮពួកគង្វាលនិយាយ នឹកឆ្ងល់យ៉ាងខ្លាំង។ រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញបានឮ ស្របតាមសេចក្ដីដែលទេវតាបានប្រាប់គេ ឥតមានខ្វះត្រង់ណាឡើយ។ ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីកាត់ស្បែក*ថ្វាយព្រះឱរស គេថ្វាយព្រះនាមថា «យេស៊ូ» ជាព្រះនាមដែលទេវតា*បានប្រាប់នាងម៉ារី មុនពេលមានផ្ទៃពោះ។ លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារី ត្រូវធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ* តាមវិន័យ*លោកម៉ូសេ* បានចែងទុក អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម ដ្បិតក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖ «កូនប្រុសច្បងទាំងអស់ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់» ។ អ្នកទាំងពីរថ្វាយយញ្ញបូជាស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ដែលតម្រូវឲ្យថ្វាយ “លលកមួយគូ ឬព្រាបស្ទាវពីរ” ។ នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត* គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ដ្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធ*សណ្ឋិតលើគាត់ ហើយសម្តែងឲ្យគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រិស្ត* ដែលព្រះអម្ចាស់ចាត់ឲ្យមកទេនោះ។ ព្រះវិញ្ញាណនាំលោកស៊ីម្មានចូលក្នុងព្រះវិហារ*។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យវិន័យ* លោកស៊ីម្មានក៏យកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសម្រេចតាម ព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ លាចាកលោកនេះទៅ ដោយសុខសាន្តផងចុះ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឲ្យ ប្រជាជាតិទាំងអស់ គឺជាពន្លឺដែលនាំឲ្យមនុស្ស គ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ»។ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដី ដែលលោកស៊ីម្មានមានប្រសាសន៍អំពីព្រះឱរសណាស់។ លោកស៊ីម្មានជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖ «ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឲ្យជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬងើបឡើងវិញ។ បុត្រនេះជាទីសម្គាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ បុត្រនេះធ្វើឲ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើនលេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្ត របស់នាង»។ មានព្យាការិនីម្នាក់ឈ្មោះ អាណ ជាកូនរបស់លោកផាញូអែល ក្នុងកុលសម្ព័ន្ធ*អេស៊ើរ។ គាត់រៀបការបានប្រាំពីរឆ្នាំ ប្ដីគាត់ក៏ទទួលមរណភាពចោលទៅ គាត់នៅមេម៉ាយរហូត ឥឡូវនេះ គាត់មានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារ*ទេ គាត់នៅគោរពបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងអធិស្ឋាន*ផង។ ពេលនោះ លោកស្រីអាណក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះជាម្ចាស់ រួចតំណាលអំពីព្រះឱរសនោះប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមកលោះក្រុងយេរូសាឡឹម។
អាន លូកា 2
ស្ដាប់នូវ លូកា 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 2:1-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ