លូកា 2:1-12

លូកា 2:1-12 គខប

នៅ​គ្រា​នោះ ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះ‌នាម​អូគូស្ដ មាន​ព្រះ‌រាជ​បញ្ជា​ឲ្យ​ជំរឿន​ចំនួន​ប្រជា‌ជន​ទាំង​អស់ ក្នុង​ចក្រភព​រ៉ូម៉ាំង​ទាំង​មូល ។ ការ​ជំរឿន​ប្រជា‌ជន​លើក​ដំបូង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល ដែល​លោក​គីរេ‌នាស​ធ្វើ​ជា​ទេសា‌ភិបាល នៅ​ស្រុក​ស៊ីរី។ អ្នក​ស្រុក​ទាំង​អស់​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ស្រុក​កំណើត​រៀងៗ​ខ្លួន។ រីឯ​លោក​យ៉ូសែប​ក៏​ចេញ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត​ក្នុង​ស្រុក​កាលី‌ឡេ ឆ្ពោះ​ទៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា ជា​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រោះ​លោក​ជា​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ។ លោក​ទៅ​ចុះ​ឈ្មោះ​ជា​មួយ​នាង​ម៉ារី ជា​គូ​ដណ្ដឹង​ដែល​មាន​ផ្ទៃ​ពោះ។ ពេល​អ្នក​ទាំង​ពីរ​នៅ​ឯ​ភូមិ​បេថ្លេ‌ហិម នាង​ម៉ារី​គ្រប់​ខែ​ហើយ។ នាង​សម្រាល​បាន​បុត្រ​មួយ ជា​បុត្រ​ច្បង។ នាង​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ផ្ទំ​ក្នុង​ស្នូក​សត្វ ដ្បិត​ពុំ​មាន​សល់​កន្លែង​សំណាក់​ក្នុង​ផ្ទះ​សោះ។ ក្នុង​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​នៅ​មើល​ហ្វូង​សត្វ​របស់​គេ​តាម​វាល​ស្មៅ។ ពេល​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ឈរ​នៅ​ក្បែរ​ពួក​គេ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​បាន​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​ជុំ‌វិញ​គេ នាំ​ឲ្យ​គេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នាំ​ដំណឹង‌ល្អ​មួយ​មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​ទាំង​មូល​មាន​អំណរ​ដ៏​លើស‌លុប។ យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រះ‌សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​ព្រះ‌គ្រិស្ត​ជា​អម្ចាស់។ នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង គឺ​អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​ទារក​មួយ ទើប​នឹង​ប្រសូត រុំ​ដោយ​សំពត់ ផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 2:1-12