ព្រះយេស៊ូនាំសាវ័ក*ទាំងដប់ពីររូបចេញទៅជាមួយព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម អ្វីៗទាំងអស់ដែលព្យាការី*បានចែងទុកអំពីបុត្រមនុស្ស* នឹងកើតមាននៅទីនោះ គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ពួកនោះនឹងចំអកត្មះតិះដៀលលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ គេនឹងយករំពាត់វាយលោក រួចប្រហារជីវិតលោក។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ពួកសាវ័កពុំបានយល់ព្រះបន្ទូលនោះទេ ហើយក៏មិនដឹងថា ព្រះយេស៊ូមានព្រះបន្ទូលអំពីរឿងអ្វីផង ព្រោះអត្ថន័យនៅលាក់កំបាំងនៅឡើយ។ កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរីខូ មានមនុស្សខ្វាក់ម្នាក់អង្គុយសុំទាននៅតាមផ្លូវ។ ពេលគាត់ឮស្នូរបណ្ដាជនដើរតាមនោះ គាត់សួរគេថាមានរឿងអ្វី គេប្រាប់គាត់ថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងមកតាមផ្លូវនោះ។ មនុស្សខ្វាក់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!»។ ពួកអ្នកដែលដើរខាងមុខបានឃាត់គាត់ឲ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង!»។ ព្រះយេស៊ូក៏ឈប់ ហើយបញ្ជាគេឲ្យនាំគាត់ចូលមកជិតព្រះអង្គ។ លុះមនុស្សខ្វាក់ដើរចូលមក ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ គាត់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរឲ្យភ្នែកអ្នកបានភ្លឺឡើងវិញចុះ»។ រំពេចនោះ គាត់មើលឃើញវិញភ្លាម ហើយគាត់ក៏តាមព្រះយេស៊ូ ទាំងលើកតម្កើង សិរីរុងរឿងរបស់ព្រះជាម្ចាស់។ ប្រជាជនទាំងមូលបានឃើញហេតុការណ៍នោះ គេសរសើរតម្កើងព្រះជាម្ចាស់ទាំងអស់គ្នា។
អាន លូកា 18
ស្ដាប់នូវ លូកា 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 18:31-43
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ