មានអ្នកទារពន្ធ* និងមនុស្សបាបទាំងអស់ នាំគ្នាចូលមកជិតព្រះយេស៊ូ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ ពួកខាងគណៈផារីស៊ី* និងពួកអាចារ្យ*រអ៊ូរទាំថា៖ «មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេជាប្រស្នានេះថា៖ «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា មានម្នាក់មានចៀមមួយរយក្បាល បើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀមកៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះ រហូតទាល់តែបានឃើញវិញ។ កាលរកឃើញហើយ គាត់ត្រេកអរណាស់ គាត់ក៏លើកចៀមដាក់លើ-ក ត្រឡប់មកផ្ទះវិញ ហៅមិត្តភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នៅស្ថានបរមសុខមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត ខ្លាំងជាងព្រះអង្គសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការកែប្រែចិត្តគំនិត»។ «ម្យ៉ាងទៀត ឧបមាថា ស្ត្រីម្នាក់មានប្រាក់ដប់ដួង* ហើយបាត់មួយដួង គាត់មុខជាអុជចង្កៀង បោសផ្ទះរកប្រាក់នោះ គ្រប់កៀនកោះរហូតទាល់តែបានឃើញវិញ។ លុះរកឃើញហើយ គាត់ក៏ហៅមិត្តភក្ដិ និងអ្នកជិតខាង ប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតប្រាក់ដួង*ដែលខ្ញុំបាត់នោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវតា*របស់ព្រះជាម្ចាស់នឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត»។
អាន លូកា 15
ស្ដាប់នូវ លូកា 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 15:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ