លូកា 12:35-59

លូកា 12:35-59 គខប

«ចូរ​ប្រុង​ប្រៀប​ខ្លួន ហើយ​ទុក​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់​គ្នា​នៅ​ឆេះ។ ចូរ​ប្រព្រឹត្ត​ឲ្យ​បាន​ដូច​ពួក​អ្នក​បម្រើ ដែល​រង់‌ចាំ​ម្ចាស់​វិល​ត្រឡប់​មក​ពី​ជប់‌លៀង​វិញ គឺ​នៅ​ពេល​មក​ដល់​លោក​គោះ​ទ្វារ អ្នក​បម្រើ​ទៅ​បើក​ជូន​ភ្លាម។ ពេល​ម្ចាស់​ត្រឡប់​មក​ដល់ ឃើញ​អ្នក​បម្រើ​ណា​នៅ​រង់‌ចាំ​លោក អ្នក​បម្រើ​នោះ​មាន​សុភមង្គល​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា លោក​នឹង​ឲ្យ​អ្នក​បម្រើ​អង្គុយ​បរិភោគ ហើយ​លោក​រៀបចំ​ខ្លួន​បម្រើ​គេ​វិញ។ បើ​លោក​វិល​មក​វិញ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ឬ​ជិត​ភ្លឺ ហើយ​ឃើញ​អ្នក​បម្រើ​ទាំង​នោះ​នៅ​រង់‌ចាំ​ដូច្នេះ ពួក​គេ​ប្រាកដ​ជា​មាន​សុភមង្គល។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​នឹង​មិន​បណ្ដោយ​ឲ្យ​វា​ចូល​មក​ក្នុង​ផ្ទះ​គាត់​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ត្រៀម​ខ្លួន​ជានិច្ច ដ្បិត​បុត្រ​មនុស្ស*​នឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។ លោក​ពេត្រុស​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ សម្រាប់​ប្រៀន‌ប្រដៅ​យើង​ខ្ញុំ​តែ​ប៉ុណ្ណោះ ឬ​មួយ​សម្រាប់​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​រូប​ដែរ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «បើ​អ្នក​បម្រើ​ណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ប៉ិន‌ប្រសប់ ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ជា​មិន​ខាន។ ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើ​កំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច្នេះ អ្នក​បម្រើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​បម្រើ​នឹក​ក្នុង​ចិត្ត​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់” គាត់​ក៏​វាយ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី​ឯ​ទៀតៗ ហើយ​ស៊ី​ផឹក​ស្រវឹង។ ពេល​ម្ចាស់​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើ​នោះ​មិន​បាន​រង់‌ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​ឲ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​អ្នក​មិន​ជឿ​ដែរ។ អ្នក​បម្រើ​ណា​ស្គាល់​ចិត្ត​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួន ហើយ​មិន​ធ្វើ​តាម​ចិត្ត​លោក អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​យ៉ាង​ច្រើន។ ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ណា​មិន​ស្គាល់​ចិត្ត​ម្ចាស់​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​ខុស​ឆ្គង​សម​នឹង​ទទួល​ទោស អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​តែ​បន្តិច​ទេ។ បើ​គេ​ឲ្យ​អ្វី​ច្រើន​ទៅ​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​ច្រើន​ដែរ។ បើ​គេ​ផ្ទុក‌ផ្ដាក់​កិច្ចការ​ច្រើន​ដល់​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​រឹង‌រឹត​តែ​ច្រើន​ថែម​ទៀត»។ «ខ្ញុំ​មក ដើម្បី​នាំ​ភ្លើង​មក​ផែនដី។ ប្រសិន​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​ស្ងប់​ចិត្ត​ហើយ ។ ខ្ញុំ​ត្រូវ​ទទួល​ពិធី​ជ្រមុជ ​ម្យ៉ាង។ ខ្ញុំ​តាន‌តឹង​ក្នុង​ចិត្ត​ក្រៃ‌លែង ចង់​តែ​ឲ្យ​ពិធី​នោះ​បាន​សម្រេច​ឆាប់ៗ។ កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ផ្ដល់​សន្តិ‌ភាព​ឲ្យ​ផែនដី​នេះ​ឡើយ គឺ​ខ្ញុំ​បាន​នាំ​ការ​បាក់​បែក​មក​ទេ​តើ។ ចាប់​ពី​ពេល​នេះ​ត​ទៅ ឧបមា​ថា ក្នុង​ផ្ទះ​មួយ​មាន​គ្នា​ប្រាំ​នាក់ អ្នក​ទាំង​ប្រាំ​នឹង​ត្រូវ​បាក់​បែក​គ្នា គឺ​បី​នាក់​បែក​ចេញ​ពី​ពីរ​នាក់ ពីរ​នាក់​បែក​ចេញ​ពី​បី​នាក់ ឪពុក​នឹង​បែក​ចេញ​ពី​កូន​ប្រុស កូន​ប្រុស​បែក​ចេញ​ពី​ឪពុក ម្ដាយ​បែក​ចេញ​ពី​កូន​ស្រី កូន​ស្រី​បែក​ចេញ​ពី​ម្ដាយ ម្ដាយ‌ក្មេក​បែក​ចេញ​ពី​កូន​ប្រសា​ស្រី កូន​ប្រសា​ស្រី​បែក​ចេញ​ពី​ម្ដាយ‌ក្មេក»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​រសាត់​ពី​ទិស​ខាង​លិច​មក អ្នក​រាល់​គ្នា​ពោល​ភ្លាម​ថា​ជិត​ភ្លៀង​ហើយ ហើយ​ក៏​ភ្លៀង​មែន។ កាល​ណា​មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង អ្នក​រាល់​គ្នា​ថា​មុខ​ជា​ក្ដៅ​ហើយ ហើយ​ក៏​ក្ដៅ​មែន។ មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ចេះ​យល់​ហេតុ‌ការណ៍​ផ្សេងៗ​នៅ​លើ​ផែនដី និង​នៅ​លើ​មេឃ​បាន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពុំ​យល់​ហេតុ‌ការណ៍​នា​សម័យ​បច្ចុប្បន្ន​នេះ​ផង?»។ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ពិចារណា​ដោយ​ខ្លួន​ឯង​នូវ​អំពើ​សុចរិត ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត? ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូ‌វិវាទ នៅ​តាម​ផ្លូវ អ្នក​ត្រូវ​ខំ​សម្រុះ‌សម្រួល​ជា​មួយ​អ្នក​នោះ​ឲ្យ​ហើយ​ទៅ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ដល់​ចៅ‌ក្រម ចៅ‌ក្រម​បញ្ជូន​អ្នក​ទៅ​នគរ‌បាល ហើយ​នគរ‌បាល​យក​អ្នក​ទៅ​ដាក់​គុក។ ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។