ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្ស*ថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬអំពីសម្លៀកបំពាក់សម្រាប់បិទបាំងរូបកាយឡើយ ដ្បិតជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយមានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ ចូរមើលក្អែក វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ គ្មានឃ្លាំង គ្មានជង្រុកសោះ ប៉ុន្តែ ព្រះជាម្ចាស់ចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។ ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឲ្យវែងឡើយ សូម្បីតែបន្តិចក៏មិនបានដែរ។ ដូច្នេះ បើអ្នករាល់គ្នាពុំអាចសម្រេចការដ៏តូចបំផុតនេះបានផង ចុះហេតុដូចម្ដេចបានជាខ្វល់ខ្វាយអំពីរឿងផ្សេងៗទៀត។ ចូរគិតមើល ផ្កាដុះឡើងយ៉ាងណា វាមិនដែលនឿយហត់នឹងធ្វើការ ឬត្បាញរវៃឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ដែលស្ដេចមានសិរីរុងរឿងដ៏ប្រសើរបំផុតនោះ ក៏ស្ដេចគ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សម្រស់ឲ្យផ្កា ដែលរីកនៅតាមវាលថ្ងៃនេះ ហើយស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត? ដូច្នេះ ចូរអ្នករាល់គ្នាកុំគិតតែពីស្វែងរកគ្រឿងបរិភោគនោះឡើយ ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯអ្នករាល់គ្នាវិញ ព្រះបិតារបស់អ្នករាល់គ្នាទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ ចូរខំស្វែងរកព្រះរាជ្យ*របស់ព្រះជាម្ចាស់វិញ ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀតផង»។ «កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! ព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានព្រះរាជ្យមកឲ្យអ្នករាល់គ្នាហើយ។ ចូរលក់ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា យកប្រាក់ចែកជាទានដល់ជនក្រីក្រចុះ។ ចូរប្រមូលទ្រព្យដែលមិនចេះពុក ជាសម្បត្តិដែលមិនចេះរលាយ ទុកសម្រាប់ខ្លួននៅស្ថានបរមសុខ* ជាស្ថានដែលគ្មានចោរប្លន់ ឬកណ្ដៀរស៊ីឡើយ។ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្តរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ»។
អាន លូកា 12
ស្ដាប់នូវ លូកា 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 12:22-34
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ