លូកា 12:22-32

លូកា 12:22-32 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស*​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ខ្វល់​ខ្វាយ​អំពី​ម្ហូប​អាហារ​សម្រាប់​ចិញ្ចឹម​ជីវិត ឬ​អំពី​សម្លៀក‌បំពាក់​សម្រាប់​បិទ‌បាំង​រូប​កាយ​ឡើយ ដ្បិត​ជីវិត​មាន​តម្លៃ​លើស​ម្ហូប​អាហារ ហើយ​រូប​កាយ​មាន​តម្លៃ​លើស​សម្លៀក‌បំពាក់​ទៅ​ទៀត។ ចូរ​មើល​ក្អែក វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ គ្មាន​ឃ្លាំង គ្មាន​ជង្រុក​សោះ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ចិញ្ចឹម​វា រីឯ​អ្នក​រាល់​គ្នា​វិញ មាន​តម្លៃ​លើស​បក្សា‌បក្សី​ច្រើន​ណាស់។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ខំ​ខ្វល់​ខ្វាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​នរណា​អាច​នឹង​បង្កើន​អាយុ​របស់​ខ្លួន​ឲ្យ​វែង​ឡើយ សូម្បី​តែ​បន្តិច​ក៏​មិន​បាន​ដែរ។ ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពុំ​អាច​សម្រេច​ការ​ដ៏​តូច​បំផុត​នេះ​បាន​ផង ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្វល់​ខ្វាយ​អំពី​រឿង​ផ្សេងៗ​ទៀត។ ចូរ​គិត​មើល ផ្កា​ដុះ​ឡើង​យ៉ាង​ណា វា​មិន​ដែល​នឿយ‌ហត់​នឹង​ធ្វើ​ការ ឬ​ត្បាញ​រវៃ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន កាល​ពី​ជំនាន់​ដែល​ស្ដេច​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​នោះ ក៏​ស្ដេច​គ្មាន​ព្រះ‌ភូសា​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។ មនុស្ស​មាន​ជំនឿ​តិច​អើយ! ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ផ្ដល់​សម្រស់​ឲ្យ​ផ្កា ដែល​រីក​នៅ​តាម​វាល​ថ្ងៃ​នេះ ហើយ​ស្អែក​ត្រូវ​គេ​ដុត​ចោល​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​ព្រះអង្គ​នឹង​ទំនុក​បម្រុង​អ្នក​រាល់​គ្នា​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត? ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​គិត​តែ​ពី​ស្វែង​រក​គ្រឿង​បរិភោគ​នោះ​ឡើយ ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ ដែល​ខំ​ស្វះ‌ស្វែង​រក​របស់​ទាំង​នោះ។ រីឯ​អ្នក​រាល់​គ្នា​វិញ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ទ្រង់​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។ ចូរ​ខំ​ស្វែង​រក​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​វិញ ទើប​ព្រះអង្គ​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។ «កុំ​ខ្លាច​អី ក្រុម​ដ៏​តូច​របស់​ខ្ញុំ​អើយ! ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ព្រះ‌រាជ្យ​មក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។