អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាងព្រះហស្ដមុនពេលសោយ។ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ពួកផារីស៊ីអើយ អ្នករាល់គ្នាសម្អាតពែង និងចាន តែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្តកេងប្រវ័ញ្ច និងគំនិតអាក្រក់។ មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់បានបង្កើតខាងក្រៅ តើព្រះអង្គមិនបានបង្កើតខាងក្នុងដែរទេឬ? ចូរយកអ្វីៗនៅក្នុងចាន ធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដាទាំងអស់នឹងបានស្អាតបរិសុទ្ធ* សម្រាប់ឲ្យអ្នករាល់គ្នាប្រើប្រាស់ ។ ពួកផារីស៊ីអើយ អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរលីងល័ខ និងបន្លែគ្រប់មុខ មួយភាគដប់ មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែ អ្នករាល់គ្នាធ្វេសប្រហែសមិនបានប្រព្រឹត្តតាមសេចក្ដីសុចរិត* ហើយមិនបានស្រឡាញ់ព្រះអង្គឡើយ គឺការនេះហើយដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត ឯការណ៍ដទៃទៀតក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។ ពួកផារីស៊ីអើយ! អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្តអង្គុយនៅកន្លែងកិត្តិយសក្នុងសាលាប្រជុំ* ហើយចូលចិត្តឲ្យគេឱនកាយគោរពអ្នករាល់គ្នានៅតាមផ្សារ។ អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរខ្មោច ដែលគេមើលមិនឃើញ ហើយត្រូវគេដើរជាន់ដោយមិនដឹងខ្លួន»។ មានបណ្ឌិតខាងវិន័យម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ដូច្នេះ បានសេចក្ដីថា លោកត្មះតិះដៀលយើងខ្ញុំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពួកបណ្ឌិតខាងវិន័យអើយ អ្នករាល់គ្នាក៏នឹងត្រូវវេទនាដែរ ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយអ្នករាល់គ្នាមិនជួយគេទេ សូម្បីតែបន្តិចក៏មិនជួយផង។ អ្នករាល់គ្នាត្រូវវេទនាជាជាមិនខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឲ្យព្យាការី* ដែលបុព្វបុរស*របស់អ្នករាល់គ្នាបានសម្លាប់។ អ្នករាល់គ្នាធ្វើដូច្នេះបញ្ជាក់ថា អ្នករាល់គ្នាសមគំនិតនឹងអំពើដែលបុព្វបុរសរបស់អ្នករាល់គ្នាបានប្រព្រឹត្ត គឺគេបានសម្លាប់ពួកព្យាការី ហើយអ្នករាល់គ្នាបានសង់ផ្នូរ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ ប្រកបដោយព្រះប្រាជ្ញាញាណ មានព្រះបន្ទូលថា “យើងនឹងចាត់ព្យាការី* ព្រមទាំងទូតរបស់យើងជាច្រើនឲ្យទៅរកគេ តែគេនឹងសម្លាប់ខ្លះ ព្រមទាំងបៀតបៀនខ្លះទៀតផង”។ ដូច្នេះ មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ពីព្រោះបុព្វបុរសរបស់គេបានសម្លាប់ព្យាការីតាំងតែពីកំណើតពិភពលោកមក គឺចាប់តាំងពីលោកអេបិល រហូតដល់លោកសាការី ដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និងទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះតែឃាតកម្មទាំងនោះជាមិនខាន។ ពួកបណ្ឌិតខាងវិន័យ*អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានបិទទ្វារមាគ៌ា មិនឲ្យគេចូលទៅស្គាល់ព្រះជាម្ចាស់។ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូល មិនឲ្យគេចូលទៀតផង»។ ពេលព្រះយេស៊ូយាងចាកចេញពីទីនោះទៅ ពួកអាចារ្យ និងពួកខាងគណៈផារីស៊ីនាំគ្នាប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើន
អាន លូកា 11
ស្ដាប់នូវ លូកា 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 11:38-53
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ