លូកា 11:33-54

លូកា 11:33-54 គខប

«ពុំ​ដែល​មាន​នរណា​អុជ​ចង្កៀង​យក​ទៅ​លាក់​ទុក ឬ​យក​ធុង​គ្រប​ពី​លើ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ។ ភ្នែក​ជា​ចង្កៀង​របស់​រូប​កាយ បើ​ភ្នែក​អ្នក​នៅ​ភ្លឺ​ល្អ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ភ្លឺ​ដែរ តែ​បើ​ភ្នែក​អ្នក​ងងឹត​វិញ រូប​កាយ​អ្នក​ក៏​ងងឹត​ដែរ។ ហេតុ​នេះ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ពន្លឺ​នៅ​ក្នុង​ខ្លួន​អ្នក ត្រឡប់​ទៅ​ជា​ភាព​ងងឹត​ឡើយ។ ប្រសិន​បើ​រូប​កាយ​របស់​អ្នក​ទាំង​មូល​មាន​ពន្លឺ ឥត​ងងឹត​ត្រង់​ណា​ទេ​នោះ រូប​កាយ​របស់​អ្នក​ទាំង​មូល​នឹង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច ដូច​ចង្កៀង​បំភ្លឺ​អ្នក​ដែរ»។ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី*​បាន​សូម​យាង​ព្រះអង្គ​ទៅ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​គាត់។ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​រួម​តុ​ជា​មួយ​គាត់។ អ្នក​ខាង​គណៈ‌ផារីស៊ី​នោះ​ងឿង‌ឆ្ងល់​ក្រៃ‌លែង ព្រោះ​ឃើញ​ព្រះ‌យេស៊ូ​មិន​លាង​ព្រះ‌ហស្ដ​មុន​ពេល​សោយ។ ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ពួក​ផារីស៊ី​អើយ អ្នក​រាល់​គ្នា​សម្អាត​ពែង និង​ចាន តែ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ទៅ​ដោយ​ចិត្ត​កេង‌ប្រវ័ញ្ច និង​គំនិត​អាក្រក់។ មនុស្ស​ឆោត​ល្ងង់​អើយ! ព្រះ‌ជាម្ចាស់​បាន​បង្កើត​ខាង​ក្រៅ តើ​ព្រះអង្គ​មិន​បាន​បង្កើត​ខាង​ក្នុង​ដែរ​ទេ​ឬ? ចូរ​យក​អ្វីៗ​នៅ​ក្នុង​ចាន ធ្វើ​ទាន​ដល់​ជន​ក្រីក្រ​ទៅ នោះ​ប្រដាប់​ប្រដា​ទាំង​អស់​នឹង​បាន​ស្អាត​បរិសុទ្ធ* សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ប្រើ‌ប្រាស់ ។ ពួក​ផារីស៊ី​អើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​យក​ជីរ‌អង្កាម ជីរ‌លីងល័ខ និង​បន្លែ​គ្រប់​មុខ មួយ​ភាគ​ដប់ មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ប៉ុន្តែ អ្នក​រាល់​គ្នា​ធ្វេស‌ប្រហែស​មិន​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត* ហើយ​មិន​បាន​ស្រឡាញ់​ព្រះអង្គ​ឡើយ គឺ​ការ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត ឯ​ការណ៍​ដទៃ​ទៀត​ក៏​អ្នក​រាល់​គ្នា​មិន​ត្រូវ​បំភ្លេច​ចោល​ដែរ។ ពួក​ផារី​ស៊ី​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​អង្គុយ​នៅ​កន្លែង​កិត្តិយស​ក្នុង​សាលា​ប្រជុំ* ហើយ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព​អ្នក​រាល់​គ្នា​នៅ​តាម​ផ្សារ។ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច ដែល​គេ​មើល​មិន​ឃើញ ហើយ​ត្រូវ​គេ​ដើរ​ជាន់​ដោយ​មិន​ដឹង​ខ្លួន»។ មាន​បណ្ឌិត​ខាង​វិន័យ​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! លោក​មាន​ប្រសាសន៍​ដូច្នេះ បាន​សេចក្ដី​ថា លោក​ត្មះ‌តិះ‌ដៀល​យើង​ខ្ញុំ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ពួក​បណ្ឌិត​ខាង​វិន័យ​អើយ អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​វេទនា​ដែរ ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្កើត​វិន័យ​តឹង‌រ៉ឹង​យក​មក​ផ្ទុក​លើ​មនុស្ស ហើយ​អ្នក​រាល់​គ្នា​មិន​ជួយ​គេ​ទេ សូម្បី​តែ​បន្តិច​ក៏​មិន​ជួយ​ផង។ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ព្យាការី* ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​បាន​សម្លាប់។ អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ​បញ្ជាក់​ថា អ្នក​រាល់​គ្នា​សម​គំនិត​នឹង​អំពើ​ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​គេ​បាន​សម្លាប់​ពួក​ព្យាការី ហើយ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ចាត់​ព្យាការី* ព្រម​ទាំង​ទូត​របស់​យើង​ជា​ច្រើន​ឲ្យ​ទៅ​រក​គេ តែ​គេ​នឹង​សម្លាប់​ខ្លះ ព្រម​ទាំង​បៀត‌បៀន​ខ្លះ​ទៀត​ផង”។ ដូច្នេះ មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ពី‌ព្រោះ​បុព្វបុរស​របស់​គេ​បាន​សម្លាប់​ព្យាការី​តាំង​តែ​ពី​កំណើត​ពិភព​លោក​មក គឺ​ចាប់​តាំង​ពី​លោក​អេបិល រហូត​ដល់​លោក​សាការី ដែល​ត្រូវ​គេ​សម្លាប់​នៅ​ត្រង់​ចន្លោះ​ទី​អាសនៈ និង​ទីសក្ការៈ។ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ឃាត‌កម្ម​ទាំង​នោះ​ជា​មិន​ខាន។ ពួក​បណ្ឌិត​ខាង​វិន័យ*​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​បិទ​ទ្វារ​មាគ៌ា មិន​ឲ្យ​គេ​ចូល​ទៅ​ស្គាល់​ព្រះ‌ជាម្ចាស់។ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឃាត់​អស់​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង»។ ពេល​ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ ពួក​អាចារ្យ និង​ពួក​ខាង​គណៈ‌ផារីស៊ី​នាំ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ​យ៉ាង​ខ្លាំង ហើយ​ដេញ​ដោល​សួរ​ព្រះអង្គ​អំពី​រឿង​ផ្សេងៗ​ជា​ច្រើន ដែល​សុទ្ធ‌សឹង​តែ​ជា​កល‌ល្បិច​រក​ចាប់​កំហុស​ព្រះអង្គ។