ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះអង្គមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់ឃើញតែទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ។ លោកយ៉ូណាសបានធ្វើជាទីសម្គាល់ឲ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ឲ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ស្ដេចសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្ដេចសាឡូម៉ូនទៅទៀត។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់ពួកគេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្តគំនិត នៅពេលឮសេចក្ដីដែលលោកយ៉ូណាសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសលោកយ៉ូណាសទៅទៀត!»។ «ពុំដែលមាននរណាអុជចង្កៀងយកទៅលាក់ទុក ឬយកធុងគ្របពីលើឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលទៅក្នុងផ្ទះ។ ភ្នែកជាចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកក៏ងងឹតដែរ។ ហេតុនេះ ត្រូវប្រយ័ត្នកុំឲ្យពន្លឺនៅក្នុងខ្លួនអ្នក ត្រឡប់ទៅជាភាពងងឹតឡើយ។ ប្រសិនបើរូបកាយរបស់អ្នកទាំងមូលមានពន្លឺ ឥតងងឹតត្រង់ណាទេនោះ រូបកាយរបស់អ្នកទាំងមូលនឹងភ្លឺចិញ្ចែងចិញ្ចាច ដូចចង្កៀងបំភ្លឺអ្នកដែរ»។ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូល មានបុរសម្នាក់ខាងគណៈផារីស៊ី*បានសូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ព្រះអង្គក៏យាងចូលទៅរួមតុជាមួយគាត់។
អាន លូកា 11
ស្ដាប់នូវ លូកា 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 11:29-37
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ