លូកា 11:29-37

លូកា 11:29-37 គខប

ខណៈ​នោះ មហា‌ជន​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះ‌ករ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ គេ​ចង់​ឃើញ​តែ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ។ លោក​យ៉ូណាស​បាន​ធ្វើ​ជា​ទី​សម្គាល់​ឲ្យ​អ្នក​ក្រុង​នីនីវេ​ឃើញ​យ៉ាង​ណា បុត្រ​មនុស្ស​ក៏​នឹង​ធ្វើ​ជា​ទី​សម្គាល់​ឲ្យ​មនុស្ស​ជំនាន់​នេះ​ឃើញ​យ៉ាង​នោះ​ដែរ។ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា‌ក្សត្រីយ៍​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម ព្រះ‌នាង​បាន​យាង​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ស្ដេច​សាឡូម៉ូន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ ។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​ស្ដេច​សាឡូម៉ូន​ទៅ​ទៀត។ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​ពួក​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម អ្នក​ក្រុង​នីនីវេ​បាន​កែ​ប្រែ​ចិត្ត​គំនិត នៅ​ពេល​ឮ​សេចក្ដី​ដែល​លោក​យ៉ូណាស​ប្រកាស។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​លោក​យ៉ូណាស​ទៅ​ទៀត!»។ «ពុំ​ដែល​មាន​នរណា​អុជ​ចង្កៀង​យក​ទៅ​លាក់​ទុក ឬ​យក​ធុង​គ្រប​ពី​លើ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ។ ភ្នែក​ជា​ចង្កៀង​របស់​រូប​កាយ បើ​ភ្នែក​អ្នក​នៅ​ភ្លឺ​ល្អ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ភ្លឺ​ដែរ តែ​បើ​ភ្នែក​អ្នក​ងងឹត​វិញ រូប​កាយ​អ្នក​ក៏​ងងឹត​ដែរ។ ហេតុ​នេះ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ពន្លឺ​នៅ​ក្នុង​ខ្លួន​អ្នក ត្រឡប់​ទៅ​ជា​ភាព​ងងឹត​ឡើយ។ ប្រសិន​បើ​រូប​កាយ​របស់​អ្នក​ទាំង​មូល​មាន​ពន្លឺ ឥត​ងងឹត​ត្រង់​ណា​ទេ​នោះ រូប​កាយ​របស់​អ្នក​ទាំង​មូល​នឹង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច ដូច​ចង្កៀង​បំភ្លឺ​អ្នក​ដែរ»។ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី*​បាន​សូម​យាង​ព្រះអង្គ​ទៅ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​គាត់។ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​រួម​តុ​ជា​មួយ​គាត់។