លូកា 11:14-32

លូកា 11:14-32 គខប

ព្រះ‌យេស៊ូ​កំពុង​បណ្ដេញ​អារក្ស​ចេញ​ពី​មនុស្ស គ​ម្នាក់។ លុះ​អារក្ស​ចេញ​ផុត​ទៅ មនុស្ស​គ​នោះ​និយាយ​បាន ហើយ​មហា‌ជន​ក៏​ស្ងើច​សរសើរ​ក្រៃ‌លែង។ ប៉ុន្តែ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​បាន​ដូច្នេះ ព្រោះ​បេលសេ‌ប៊ូល​ជា​ស្ដេច​អារក្ស​បាន​ប្រគល់​អំណាច​ឲ្យ​គាត់»។ មាន​អ្នក​ខ្លះ​ទៀត​ចង់​ចាប់​កំហុស​ព្រះអង្គ ក៏​សូម​ឲ្យ​ព្រះអង្គ​សម្តែង​ទី​សម្គាល់​មួយ បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​អំណាច​មក​ពី​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​គេ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​ជា​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​មុខ​ជា​រលំ​សង្កត់​លើ​គ្នា​មិន​ខាន។ យ៉ាង​ណា‌មិញ ប្រសិន​បើ​មារ​សាតាំង*​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង ធ្វើ​ម្ដេច​នឹង​ឲ្យ​រាជ្យ​របស់​វា​នៅ​ស្ថិត‌ស្ថេរ​បាន! ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស​ដោយ​អំណាច​បេលសេ‌ប៊ូល។ ប្រសិន​បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​អំណាច​បេលសេ‌ប៊ូល​មែន តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស​ដោយ​អំណាច​នរណា​វិញ? ដូច្នេះ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។ ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ នោះ​បាន​សេចក្ដី​ថា ព្រះ‌រាជ្យ*​របស់​ព្រះអង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។ បើ​មនុស្ស​ណា​ម្នាក់​ខ្លាំង​ពូកែ មាន​អាវុធ​ការពារ​ផ្ទះ​របស់​ខ្លួន ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​បាន​គង់‌វង្ស។ ប៉ុន្តែ បើ​មាន​ម្នាក់​ទៀត​ខ្លាំង​ពូកែ​ជាង​មក​វាយ​យក​ជ័យ‌ជម្នះ​បាន គេ​នឹង​ដក​ហូត​គ្រឿង​អាវុធ ព្រម​ទាំង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​នោះ យក​ទៅ​ចែក​ឲ្យ​អ្នក​ផ្សេង​ថែម​ទៀត​ផង។ អ្នក​ណា​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កម្ចាត់‌កម្ចាយ។ កាល​បើ​អារក្ស​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែង​ស្វែង​រក​ទី​ជម្រក​នៅ​វាល​ហួត‌ហែង តែ​ប្រសិន​បើ​វា​រក​ពុំ​ឃើញ​ទេ នោះ​វា​មុខ​ជា​និយាយ​ថា “អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​ដែល​អញ​ទើប​នឹង​ចេញ​មក”។ លុះ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ​បោស​ស្អាត ហើយ​តុប‌តែង​ល្អ វា​នឹង​ចេញ​ទៅ​បបួល​អារក្ស​ប្រាំ‌ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា មក​ចូល​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត»។ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​ស្ត្រី​ម្នាក់​បន្លឺ​សំឡេង​ចេញ​ពី​ចំណោម​បណ្ដា‌ជន ទូល​ព្រះអង្គ​ថា៖ «ស្ត្រី​ដែល​បាន​បង្កើត​លោក ព្រម​ទាំង​បាន​បំបៅ​លោក ពិត​ជា​មាន​សុភមង្គល*​មែន!»។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​ណា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ហើយ​អនុវត្ត​តាម គឺ​អ្នក​នោះ​ហើយ​ដែល​មាន​សុភមង្គល​ពិត​មែន»។ ខណៈ​នោះ មហា‌ជន​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះ‌ករ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ គេ​ចង់​ឃើញ​តែ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ។ លោក​យ៉ូណាស​បាន​ធ្វើ​ជា​ទី​សម្គាល់​ឲ្យ​អ្នក​ក្រុង​នីនីវេ​ឃើញ​យ៉ាង​ណា បុត្រ​មនុស្ស​ក៏​នឹង​ធ្វើ​ជា​ទី​សម្គាល់​ឲ្យ​មនុស្ស​ជំនាន់​នេះ​ឃើញ​យ៉ាង​នោះ​ដែរ។ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា‌ក្សត្រីយ៍​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម ព្រះ‌នាង​បាន​យាង​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ស្ដេច​សាឡូម៉ូន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ ។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​ស្ដេច​សាឡូម៉ូន​ទៅ​ទៀត។ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​ពួក​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម អ្នក​ក្រុង​នីនីវេ​បាន​កែ​ប្រែ​ចិត្ត​គំនិត នៅ​ពេល​ឮ​សេចក្ដី​ដែល​លោក​យ៉ូណាស​ប្រកាស។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​លោក​យ៉ូណាស​ទៅ​ទៀត!»។