លូកា 10:13-37

លូកា 10:13-37 គខប

អ្នក​ក្រុង​ខូរ៉ា‌ស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ អ្នក​ក្រុង​បេតសៃ‌ដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង​នោះ​នឹង​ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ ​ជា​មិន​ខាន។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។ អ្នក​ក្រុង​កាពើ‌ណិម​អើយ! កុំ​នឹក​ស្មាន​ថា អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថាន‌សួគ៌​ឡើយ អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ទៀត​ថា៖ «អ្នក​ណា​ស្ដាប់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ស្ដាប់​ខ្ញុំ​ដែរ។ អ្នក​ណា​បដិសេធ​មិន​ទទួល​អ្នក​រាល់​គ្នា ក៏​ដូច​ជា​បដិសេធ​មិន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​មិន​ទទួល​ខ្ញុំ ក៏​ដូច​ជា​មិន​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។ ពួក​សាវ័ក*​ទាំង​ចិត‌សិប​ពីរ​រូប​ត្រឡប់​មក​វិញ ទាំង​ត្រេក​អរ ហើយ​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ​ដោយ‌សារ​ព្រះ‌នាម​ព្រះអង្គ សូម្បី​តែ​អារក្ស​ក៏​ចុះ​ចូល​ក្រោម​អំណាច​យើង​ខ្ញុំ​ដែរ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ឃើញ​មារ​សាតាំង*​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក ដូច​ផ្លេក​បន្ទោរ។ ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច​ដើរ​ជាន់​ពស់ និង​ខ្យា‌ដំរី ព្រម​ទាំង​បង្ក្រាប​ឫទ្ធិ‌អំណាច​គ្រប់​យ៉ាង​របស់​មារ​សត្រូវ​ផង គ្មាន​អ្វី​អាច​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​កុំ​ត្រេក​អរ​នឹង​ឃើញ​វិញ្ញាណ​អាក្រក់​ចុះ​ចូល​អ្នក​រាល់​គ្នា គឺ​ត្រូវ​ត្រេក​អរ​ដោយ​អ្នក​រាល់​គ្នា​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរម‌សុខ​វិញ»។ ខណៈ​នោះ ព្រះ‌វិញ្ញាណ​បាន​ធ្វើ​ឲ្យ​ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​យ៉ាង​ខ្លាំង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា​ជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ជា​អម្ចាស់​នៃ​ផែនដី ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​សម្តែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូច‌តាច​យល់ តែ​ព្រះអង្គ​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ មែន​ហើយ! ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​សម្រេច​ដូច្នេះ។ ព្រះ‌បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ។ គ្មាន​នរណា​ស្គាល់​ព្រះ‌បុត្រា​ក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតា​ក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌ហឫទ័យ​សម្តែង​ឲ្យ​ស្គាល់​នោះ​ដែរ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​បែរ​ទៅ​រក​សិស្ស* ហើយ​មាន​ព្រះ‌បន្ទូល​ដាច់​ឡែក​ពី​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​សុភមង្គល*​ហើយ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​អស់​នេះ!។ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ព្យាការី និង​ស្ដេច​ជា​ច្រើន ចង់​ឃើញ​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ ហើយ​គេ​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​សោះ»។ ពេល​នោះ មាន​បណ្ឌិត​ខាង​វិន័យ​ម្នាក់​ក្រោក​ឈរ​ទូល​សួរ​ព្រះ‌យេស៊ូ ក្នុង​គោល​បំណង​ចង់​ចាប់​កំហុស​ព្រះអង្គ​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «តើ​ក្នុង​ក្រឹត្យ‌វិន័យ​មាន​ចែង​អ្វី​ខ្លះ? ពេល​លោក​អាន តើ​លោក​យល់​យ៉ាង​ណា?»។ គាត់​ទូល​ទៅ​ព្រះ‌យេស៊ូ​ថា៖ «ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី អស់​ពី​កម្លាំង និង​អស់​ពី​ប្រាជ្ញា ហើយ​ត្រូវ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «លោក​ឆ្លើយ​ត្រឹម​ត្រូវ​ល្អ​ណាស់ សុំ​ធ្វើ​ដូច្នេះ​ទៅ នោះ​លោក​នឹង​មាន​ជីវិត​អស់‌កល្ប​ជា​មិន​ខាន»។ ប៉ុន្តែ អាចារ្យ​នោះ​ចង់​បង្ហាញ​ថា សំណួរ​របស់​គាត់​ជា​សំណួរ​ត្រឹម​ត្រូវ គាត់​ក៏​សួរ​ព្រះ‌យេស៊ូ​ទៀត​ថា៖ «តើ​នរណា​ជា​បងប្អូន​របស់​ខ្ញុំ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ម្នាក់​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម ឆ្ពោះ​ទៅ​ក្រុង​យេរីខូ។ គាត់​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ វា​ប្លន់​គាត់ ថែម​ទាំង​វាយ‌ដំ​គាត់​ឲ្យ​របួស​ជា​ទម្ងន់ រួច​នាំ​គ្នា​រត់​បាត់​អស់​ទៅ ទុក​គាត់​ចោល​នៅ​ស្ដូក‌ស្ដឹង​បាត់​ស្មារតី​មិន​ដឹង​ខ្លួន។ ពេល​នោះ មាន​បូជា‌ចារ្យ*​មួយ​រូប​ធ្វើ​ដំណើរ​ចុះ​តាម​ផ្លូវ​នោះ។ គាត់​ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅ។ មាន​ម្នាក់​ពី​ក្រុម​លេវី*​ដើរ​មក​ដល់​កន្លែង​នោះ​ដែរ។ គាត់​ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅ។ គាប់​ជួន​ជា​មាន​អ្នក​ស្រុក​សាម៉ារី​ម្នាក់ ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​នោះ​ដែរ គាត់​ឃើញ​បុរស​នោះ គាត់​មាន​ចិត្ត​អាណិត​អាសូរ​ពន់​ពេក​ណាស់។ គាត់​ចូល​ទៅ​ជិត​អ្នក​របួស យក​ប្រេង និង​ស្រា ចាក់​ពី​លើ​មុខ​របួស រុំ​របួស​ឲ្យ រួច​គាត់​លើក​អ្នក​របួស​ដាក់​លើ​ជំនិះ​របស់​គាត់ នាំ​ទៅ​ផ្ទះ​សំណាក់ ហើយ​ថែ​ទាំ​អ្នក​របួស​នោះ។ ស្អែក​ឡើង គាត់​យក​ប្រាក់​ប្រគល់​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់ ទាំង​ផ្ដាំ​ថា “សូម​ថែ​ទាំ​បុរស​នេះ​ផង ប្រសិន​បើ​អ្នក​ចំណាយ​លើស​ពី​ប្រាក់​នេះ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ជូន​បង្គ្រប់”។ ក្នុង​ចំណោម​មនុស្ស​ទាំង​បី​នាក់ តើ​លោក​យល់​ថា អ្នក​ណា​ចាត់​ទុក​ខ្លួន​ជា​បងប្អូន​នឹង​បុរស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ប្លន់​នោះ?»។ អាចារ្យ*​ឆ្លើយ​ថា៖ «គឺ​អ្នក​ដែល​មាន​ចិត្ត​មេត្តា‌ករុណា​ចំពោះ​គាត់»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​លោក​អញ្ជើញ​ទៅ​ចុះ ហើយ​ប្រព្រឹត្ត​ឲ្យ​បាន​ដូច​អ្នក​នោះ​ទៅ»។