ក្រោយមក ព្រះអម្ចាស់ជ្រើសយកសិស្ស*ចិតសិបពីររូបទៀត ហើយចាត់គេពីរៗនាក់ឲ្យទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបម្រុងនឹងយាងទៅ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែឲ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។ ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចឲ្យកូនចៀមទៅកណ្ដាលហ្វូងចចក។ កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាតាមផ្លូវដែរ។ ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា “សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ត ដល់មនុស្សក្នុងផ្ទះនេះ” ។ បើនៅក្នុងផ្ទះនោះមានមនុស្សណាចូលចិត្តសេចក្ដីសុខសាន្ត នោះគេនឹងបានសុខសាន្ត ដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្តសេចក្ដីសុខសាន្តទេ សេចក្ដីសុខសាន្តនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។ បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ត្រូវប្រោសអ្នកជំងឺក្នុងភូមិនោះឲ្យជា ហើយប្រាប់អ្នកភូមិថា: “ព្រះរាជ្យ*របស់ព្រះជាម្ចាស់នៅជិតអ្នករាល់គ្នាហើយ”។ ប៉ុន្តែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសតាមទីផ្សារថា: “សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឲ្យអ្នករាល់គ្នាវិញដែរ ប៉ុន្តែ សូមជ្រាបថា ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាងអ្នកភូមិនោះ។
អាន លូកា 10
ស្ដាប់នូវ លូកា 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 10:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ