សូមជម្រាបមកឯកឧត្ដមថេវភីល សូមជ្រាប! មនុស្សជាច្រើនខិតខំយកចិត្តទុកដាក់កត់ត្រាទុកនូវហេតុការណ៍ទាំងអម្បាលម៉ាន ដែលកើតមានក្នុងចំណោមយើងខ្ញុំ។ អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែកតាំងពីដំបូងរៀងមក ហើយទទួលមុខងារបម្រើព្រះបន្ទូល បានរៀបរាប់ហេតុការណ៍ទាំងនោះបន្តមកយើងខ្ញុំ។ ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះ តាំងពីដើមរៀងមកយ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថា គួរតែកត់ត្រាទុកតាមលំដាប់លំដោយ ផ្ញើមកជូនលោក។ ខ្ញុំធ្វើដូច្នេះ ក្នុងគោលបំណងចង់ឲ្យលោកជ្រាបថា សេចក្ដីប្រៀនប្រដៅទាំងប៉ុន្មាន ដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។ នៅគ្រាដែលព្រះបាទហេរ៉ូដគ្រងរាជ្យក្នុងស្រុកយូដា មានបូជាចារ្យ*មួយរូបឈ្មោះ សាការី ជាសមាជិកក្រុមបូជាចារ្យអប៊ីយ៉ា ភរិយាលោកឈ្មោះអេលីសាបិត កើតក្នុងត្រកូលរបស់លោកមហាបូជាចារ្យ*អើរ៉ុន ស្វាមីភរិយាទាំងពីររូបនេះជាមនុស្សសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយគាត់គោរពតាមបទបញ្ជា និងឱវាទរបស់ព្រះអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។ អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ត្រីអារ ហើយម្យ៉ាងទៀត អ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។ ថ្ងៃមួយ លោកសាការីបំពេញមុខងារជាបូជាចារ្យ តាមវេនក្រុមរបស់លោក។ គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។ ពេលលោកដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅកំពុងអធិស្ឋាន*។ រំពេចនោះ លោកសាការីឃើញទេវតា*របស់ព្រះអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។ ឃើញដូច្នោះ លោករន្ធត់ចិត្ត ហើយភ័យខ្លាចទៀតផង។ ទេវតាក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអី លោកសាការីអើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ។ នាងអេលីសាបិត ជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយ លោកត្រូវដាក់ឈ្មោះកូននោះថា “យ៉ូហាន” ។ កូននោះនឹងធ្វើឲ្យលោកមានចិត្តសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។ កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្ដមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ មិនសេពសុរា ឬគ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* តាំងពីក្នុងផ្ទៃម្ដាយមក។ កូននោះនឹងនាំជនជាតិអ៊ីស្រាអែលជាច្រើនមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។ កូននោះនឹងមកមុនព្រះអង្គ ហើយមានវិញ្ញាណប្រកបដោយឫទ្ធានុភាព ដូចលោកអេលីយ៉ាបានទទួល ដើម្បីបង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងបំបែរចិត្តមនុស្សរឹងទទឹងឲ្យត្រឡប់មកជាមនុស្សសុចរិត និងរៀបចំប្រជារាស្ដ្រមួយជាស្រេចទុកសម្រាប់ទទួលព្រះអម្ចាស់»។ លោកសាការីសួរទៅទេវតា*ថា៖ «តើធ្វើម្ដេចឲ្យខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។ ទេវតាតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកបម្រើព្រះជាម្ចាស់ ព្រះអង្គបានចាត់ខ្ញុំឲ្យនាំដំណឹងល្អនេះមកប្រាប់លោក ប៉ុន្តែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំលោកសាការី ហើយងឿងឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទីសក្ការៈយូរដូច្នេះ។ កាលលោកចេញមកវិញ លោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា លោកប្រាកដជាបានឃើញការអស្ចារ្យអ្វីមួយនៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការឲ្យគេយល់ ព្រោះលោកនៅគនិយាយមិនកើត។ លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។ ក្រោយមក នាងអេលីសាបិត ជាភរិយារបស់លោក ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖ «ឥឡូវនេះ ព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។
អាន លូកា 1
ស្ដាប់នូវ លូកា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 1:1-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ