លេវីវិន័យ 9
9
លោកអើរ៉ុន និងកូនៗថ្វាយយញ្ញបូជាលើកដំបូង
1នៅថ្ងៃទីប្រាំបី លោកម៉ូសេកោះហៅលោកអើរ៉ុន កូនប្រុសរបស់លោក និងអស់លោកព្រឹទ្ធាចារ្យអ៊ីស្រាអែលឲ្យមក។ 2លោកមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរយកកូនគោឈ្មោលមួយល្អឥតខ្ចោះ សម្រាប់ធ្វើយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ហើយនាំសត្វទាំងពីរទៅថ្វាយព្រះអម្ចាស់។ 3បន្ទាប់មក ត្រូវបង្គាប់ជនជាតិអ៊ីស្រាអែលថា: “ចូរនាំយកពពែឈ្មោល សម្រាប់ធ្វើជាយញ្ញបូជារំដោះបាប ព្រមទាំងកូនគោ និងកូនចៀមមួយ ដែលមានអាយុមួយខួប ល្អឥតខ្ចោះ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល 4ហើយយកគោឈ្មោលមួយ និងចៀមឈ្មោលមួយថ្វាយព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព រួមជាមួយតង្វាយម្សៅលាយនឹងប្រេង ដ្បិតនៅថ្ងៃនេះ ព្រះអម្ចាស់នឹងបង្ហាញព្រះអង្គនៅចំពោះមុខអ្នករាល់គ្នា”»។
5ជនជាតិអ៊ីស្រាអែលនាំយកតង្វាយទាំងប៉ុន្មានដែលលោកម៉ូសេបានបង្គាប់ មកដាក់នៅខាងមុខពន្លាជួបព្រះអម្ចាស់។ សហគមន៍ទាំងមូលនាំគ្នាចូលមកឈរ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ 6លោកម៉ូសេមានប្រសាសន៍ថា៖ «អ្វីៗដែលព្រះអម្ចាស់បង្គាប់ ចូរនាំគ្នាធ្វើតាមទៅ នោះព្រះអម្ចាស់នឹងសម្តែងសិរីរុងរឿងឲ្យអ្នករាល់គ្នាឃើញ»។ 7 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរទៅជិតអាសនៈ ធ្វើយញ្ញបូជារំដោះបាបរបស់បង និងរំដោះបាបរបស់ប្រជាជន ហើយថ្វាយតង្វាយដុតទាំងមូល ដើម្បីសូមព្រះអង្គលើកលែងទោសបង និងប្រជាជន ឲ្យបានរួចពីបាបដែរ។ ចូរថ្វាយតង្វាយរបស់ប្រជាជន ហើយធ្វើពិធីរំដោះបាបឲ្យពួកគេ ស្របតាមបញ្ជារបស់ព្រះអម្ចាស់»។
8លោកអើរ៉ុនក៏ចូលទៅជិតអាសនៈ ហើយចាក់កកូនគោ សម្រាប់រំដោះបាបរបស់លោកផ្ទាល់។ 9កូនរបស់លោកលើកឈាមសត្វជូនលោក ហើយលោកក៏ជ្រលក់ម្រាមដៃក្នុងឈាម រួចលាបលើស្នែងអាសនៈ។ បន្ទាប់មក លោកចាក់ឈាមដែលនៅសល់ត្រង់ជើងអាសនៈ។ 10លោកដុតខ្លាញ់ ក្រលៀន និងអ្វីៗដែលជាប់នឹងថ្លើមរបស់សត្វ សម្រាប់ធ្វើយញ្ញបូជារំដោះបាបនោះ នៅលើអាសនៈ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ 11រីឯសាច់ និងស្បែក លោកយកទៅដុតនៅក្រៅជំរំ។
12លោកអើរ៉ុនចាក់កចៀមឈ្មោល ដែលជាតង្វាយដុតទាំងមូល។ កូនរបស់លោកយកឈាមជូនលោក ហើយលោកក៏ប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 13ពួកគេយកសាច់ដែលកាប់ជាដុំៗ និងក្បាល មកជូនលោក ហើយលោកដុតវានៅលើអាសនៈ។ 14លោកលាងពោះវៀន និងលាងជើងរបស់វា រួចដុតទាំងអស់នៅលើអាសនៈ ពីលើតង្វាយដុតទាំងមូល។
15បន្ទាប់មក លោកយកតង្វាយរបស់ប្រជាជនថ្វាយព្រះអម្ចាស់ គឺលោកយកពពែឈ្មោលដែលប្រជាជនថ្វាយជាយញ្ញបូជារំដោះបាបមក ហើយចាក់កវា ថ្វាយដូចយញ្ញបូជារំដោះបាបមុនដែរ។ 16លោកថ្វាយតង្វាយដុតទាំងមូល តាមក្បួនច្បាប់។ 17លោកថ្វាយតង្វាយម្សៅ ដោយយកម្សៅមួយក្ដាប់ដុតនៅលើអាសនៈ បន្ថែមពីលើតង្វាយដុតទាំងមូល ដែលគេថ្វាយនៅពេលព្រឹក។ 18 លោកចាក់កគោបា និងចៀមឈ្មោល ដែលប្រជាជនយកមកថ្វាយជាយញ្ញបូជាមេត្រីភាព។ កូនរបស់លោកយកឈាមជូនលោក ហើយលោកក៏ប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 19ពួកគេយកខ្លាញ់របស់គោបា និងចៀមឈ្មោល ព្រមទាំងកន្ទុយ ខ្លាញ់ដែលជាប់នឹងពោះវៀន ក្រលៀន និងថ្លើម 20ដាក់នៅលើសាច់ទ្រូង ហើយលោកអើរ៉ុនដុតខ្លាញ់ទាំងនោះនៅលើអាសនៈ។ 21បន្ទាប់មក លោកអើរ៉ុនលើកសាច់ទ្រូង និងភ្លៅស្ដាំ ថ្វាយព្រះអម្ចាស់ ដូចលោកម៉ូសេបានបង្គាប់។ 22 ក្រោយពីបានថ្វាយយញ្ញបូជារំដោះបាបតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព ចប់សព្វគ្រប់ហើយ លោកអើរ៉ុនលើកដៃជូនពរប្រជាជន រួចចុះមកវិញ។
23លោកម៉ូសេ និងលោកអើរ៉ុន នាំគ្នាចូលក្នុងពន្លាជួបព្រះអម្ចាស់ រួចចេញមកវិញ ជូនពរប្រជាជន។ ពេលនោះ សិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកឲ្យប្រជាជនទាំងមូលឃើញ 24គឺមានភ្លើងចេញពីព្រះអម្ចាស់ឆេះតង្វាយដុតទាំងមូល និងដុំខ្លាញ់ នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញដូច្នេះ ពួកគេបន្លឺសំឡេងអបអរសាទរ រួចក្រាបចុះឱនមុខដល់ដី។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 9: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.