លេវីវិន័យ 6
6
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយបំពានលើវិន័យព្រះអម្ចាស់ គឺបំបាត់វត្ថុអ្វីមួយពីជនរួមជាតិរបស់ខ្លួន ដូចជាបន្លំយករបស់ដែលគេយកមកផ្ញើទុក ឬលួចយករបស់គេ ឬកំហែងយកទ្រព្យជនរួមជាតិរបស់ខ្លួន 3ឬបានរើសរបស់ដែលគេបាត់ តែប្រកែកថាមិនឃើញ ឬក៏ស្បថបំពាន ដើម្បីបិទបាំងអំពើបាបណាមួយដែលខ្លួនបានប្រព្រឹត្ត 4មនុស្សប្រព្រឹត្តអំពើបាបបណ្ដាលឲ្យខ្លួនមានទោស ដូច្នេះ ត្រូវសងវត្ថុដែលខ្លួនបានលួច ឬកំហែងយក ឬសងវត្ថុដែលគេយកមកបញ្ចាំ ឬវត្ថុដែលខ្លួនរើសបាននោះ ទៅឲ្យម្ចាស់ដើមវិញ។ 5អ្នកនោះក៏ត្រូវសងវត្ថុដែលខ្លួនបានស្បថបំពានយកផងដែរ។ នៅពេលគាត់ដឹងខ្លួនថាមានទោស នោះគាត់មិនគ្រាន់តែសងវត្ថុទាំងអស់ទៅម្ចាស់ដើមប៉ុណ្ណោះទេ គឺត្រូវបន្ថែមតម្លៃមួយភាគប្រាំ ពីលើតម្លៃរបស់វត្ថុនោះទៀតផង។ 6បន្ទាប់មក គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួន ទៅជូនបូជាចារ្យ សម្រាប់ថ្វាយព្រះអម្ចាស់ ដោយគិតតាមតម្លៃយញ្ញបូជាលោះបាប។ 7នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ លោកបូជាចារ្យធ្វើពិធីរំដោះបាបដែលអ្នកនោះបានប្រព្រឹត្ត ហើយព្រះអង្គនឹងអត់ទោសឲ្យគាត់ ទោះបីគាត់មានកំហុសអ្វីក៏ដោយ»។
ច្បាប់សម្រាប់បូជាចារ្យ:
ការថ្វាយតង្វាយដុតទាំងមូល
8 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 9«ចូរបង្គាប់អើរ៉ុន និងកូនៗរបស់គាត់ដូចតទៅ:
នេះជាក្រឹត្យវិន័យស្ដីអំពីតង្វាយដុតទាំងមូល*: ត្រូវទុកតង្វាយដុតទាំងមូលនៅលើអាសនៈ ពេញមួយយប់រហូតទល់ភ្លឺ ហើយត្រូវថែភ្លើងឲ្យឆេះរហូត។ 10បូជាចារ្យត្រូវពាក់អាវវែង និងស្លៀកខោខ្លីធ្វើពីក្រណាត់ទេសឯក ហើយកើបផេះដែលបានមកពីការបូជាតង្វាយដុតទាំងមូលនោះចេញពីអាសនៈ យកវាទៅដាក់នៅក្បែរអាសនៈ។ 11បន្ទាប់មក គាត់ត្រូវផ្លាស់សម្លៀកបំពាក់ រួចយកផេះនោះចេញទៅក្រៅជំរំ ចាក់នៅកន្លែងមួយបរិសុទ្ធ*។ 12ត្រូវឲ្យភ្លើងនៅលើអាសនៈឆេះរហូត គឺមិនត្រូវឲ្យរលត់ឡើយ។ រាល់ព្រឹក បូជាចារ្យត្រូវតែថែមអុស ហើយដាក់តង្វាយដុតទាំងមូលពីលើ ព្រមទាំងដុតខ្លាញ់នៃយញ្ញបូជាមេត្រីភាពថែមទៀតផង។ 13ត្រូវទុកភ្លើងឲ្យឆេះនៅលើអាសនៈជានិច្ច គឺមិនត្រូវឲ្យរលត់ឡើយ»។
ការថ្វាយតង្វាយម្សៅ
14«នេះជាក្រឹត្យវិន័យស្ដីអំពីតង្វាយម្សៅ: កូនៗរបស់អើរ៉ុនត្រូវថ្វាយតង្វាយម្សៅ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅមុខអាសនៈ។ 15បូជាចារ្យមួយរូបយកម្សៅម៉ដ្ដមួយក្ដាប់ ព្រមទាំងប្រេង និងគ្រឿងក្រអូបទាំងអស់ រួចដុតនៅលើអាសនៈ ទុកជាទីរំឭក ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 16រីឯម្សៅដែលនៅសល់ត្រូវបានទៅអើរ៉ុន និងកូនរបស់គាត់។ ប៉ុន្តែ ពួកគេត្រូវបរិភោគនំប៉័ងធ្វើពីម្សៅនេះ ដោយឥតមានមេឡើយ។ ពួកគេត្រូវបរិភោគនៅត្រង់កន្លែងដ៏សក្ការៈ ក្នុងទីលានពន្លាជួបព្រះអម្ចាស់។ 17មិនត្រូវដុតនំប៉័ងនេះលាយជាមួយមេឡើយ ដ្បិតជាចំណែកដែលព្រះអម្ចាស់យកចេញពីតង្វាយដុត សម្រាប់ពួកគេ។ នេះជាចំណែកដ៏វិសុទ្ធ*បំផុត ដូចយញ្ញបូជារំដោះបាប និងយញ្ញបូជាលោះបាបដែរ។ 18មានតែប្រុសៗក្នុងចំណោមកូនចៅរបស់អើរ៉ុនប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនេះ។ នេះជាចំណែកដែលត្រូវញែកចេញពីតង្វាយរបស់ព្រះអម្ចាស់ ទុកសម្រាប់ពួកគេរហូតតទៅ។ អ្វីៗដែលប៉ះតង្វាយទាំងនេះនឹងបានវិសុទ្ធ»។
19 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 20«នៅពេលអើរ៉ុន និងកូនៗរបស់គាត់ទទួលការចាក់ប្រេងតែងតាំងជាបូជាចារ្យ ពួកគេត្រូវយកម្សៅម៉ដ្ដទម្ងន់មួយភាគដប់នៃអេផា*មកថ្វាយព្រះអម្ចាស់ ទុកជាតង្វាយអចិន្ត្រៃយ៍ គឺពាក់កណ្ដាលថ្វាយពេលព្រឹក ហើយពាក់កណ្ដាលទៀតថ្វាយពេលល្ងាច។ 21ត្រូវយកម្សៅម៉ដ្ដលាយជាមួយប្រេង រួចចាក់វាដុតក្នុងពុម្ព។ លុះនំឆ្អិនហើយ ត្រូវកាត់ជាដុំៗ មុននឹងលើកថ្វាយព្រះអម្ចាស់ ជាតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអង្គ។
22កូនរបស់អើរ៉ុន ដែលទទួលការចាក់ប្រេងតែងតាំងជាមហាបូជាចារ្យ*បន្តពីគាត់ ត្រូវថ្វាយតង្វាយនេះដែរ គឺជាតង្វាយដែលត្រូវតែដុតទាំងអស់ ថ្វាយព្រះអម្ចាស់ ជារៀងរហូត។ 23នៅពេលបូជាចារ្យថ្វាយតង្វាយម្សៅ ត្រូវតែដុតទាំងអស់ថ្វាយព្រះអម្ចាស់ គឺមិនត្រូវទុកបរិភោគឡើយ»។
ការថ្វាយយញ្ញបូជារំដោះបាប
24 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 25«ចូរប្រាប់អើរ៉ុន និងកូនៗរបស់គាត់ដូចតទៅ:
នេះជាក្រឹត្យវិន័យ*ស្ដីអំពីការថ្វាយយញ្ញបូជារំដោះបាប: ចូរចាក់កសត្វដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប នៅកន្លែងដែលគេចាក់កសត្វសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ព្រោះជាតង្វាយដ៏វិសុទ្ធ*បំផុត។ 26បូជាចារ្យដែលថ្វាយយញ្ញបូជារំដោះបាប ត្រូវបរិភោគតង្វាយនេះ នៅកន្លែងដ៏សក្ការៈ ក្នុងទីលាននៃពន្លាជួបព្រះអម្ចាស់។ 27អ្វីៗដែលប៉ះនឹងសាច់របស់សត្វនោះនឹងបានវិសុទ្ធ។ ប្រសិនបើមានឈាមខ្ទាតប្រឡាក់អាវ ត្រូវលាងកន្លែងប្រឡាក់នោះនៅក្នុងទីដ៏សក្ការៈ។ 28ប្រសិនបើគេចម្អិនសាច់ក្នុងថ្លាងដី ក្រោយពីចម្អិនរួច ត្រូវតែបំបែកថ្លាងនោះចោល។ ប្រសិនបើគេចម្អិនសាច់ក្នុងថ្លាងលង្ហិនក្រោយពីចម្អិនរួច ត្រូវតែយកថ្លាងទៅដុស និងលាងក្នុងទឹក។ 29ក្នុងក្រុមគ្រួសាររបស់បូជាចារ្យមានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។ 30រីឯសាច់របស់សត្វដែលគេយកឈាមចូលទៅក្នុងទីសក្ការៈនៃពន្លាជួបព្រះអម្ចាស់ សម្រាប់ពិធីរំដោះបាបនោះ មិនត្រូវបរិភោគទេ គឺត្រូវដុតទាំងអស់»។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 6: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.