លេវីវិន័យ 6

6
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​បំពាន​លើ​វិន័យ​ព្រះ‌អម្ចាស់ គឺ​បំបាត់​វត្ថុ​អ្វី​មួយ​ពី​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​បន្លំ​យក​របស់​ដែល​គេ​យក​មក​ផ្ញើ​ទុក ឬ​លួច​យក​របស់​គេ ឬ​កំហែង​យក​ទ្រព្យ​ជន​រួម​ជាតិ​របស់​ខ្លួន 3ឬ​បាន​រើស​របស់​ដែល​គេ​បាត់ តែ​ប្រកែក​ថា​មិន​ឃើញ ឬ​ក៏​ស្បថ​បំពាន ដើម្បី​បិទ‌បាំង​អំពើ​បាប​ណា​មួយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត 4មនុស្ស​ប្រព្រឹត្ត​អំពើ​បាប​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស ដូច្នេះ ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​លួច ឬ​កំហែង​យក ឬ​សង​វត្ថុ​ដែល​គេ​យក​មក​បញ្ចាំ ឬ​វត្ថុ​ដែល​ខ្លួន​រើស​បាន​នោះ ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ។ 5អ្នក​នោះ​ក៏​ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​ស្បថ​បំពាន​យក​ផង​ដែរ។ នៅ​ពេល​គាត់​ដឹង​ខ្លួន​ថា​មាន​ទោស នោះ​គាត់​មិន​គ្រាន់​តែ​សង​វត្ថុ​ទាំង​អស់​ទៅ​ម្ចាស់​ដើម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ ពី​លើ​តម្លៃ​របស់​វត្ថុ​នោះ​ទៀត​ផង។ 6បន្ទាប់​មក គាត់​ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ជូន​បូជា‌ចារ្យ សម្រាប់​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​គិត​តាម​តម្លៃ​យញ្ញ‌បូជា​លោះ​បាប។ 7នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​ព្រះអង្គ​នឹង​អត់‌ទោស​ឲ្យ​គាត់ ទោះ​បី​គាត់​មាន​កំហុស​អ្វី​ក៏​ដោយ»។
ច្បាប់​សម្រាប់​បូជា‌ចារ្យ:
ការ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល
8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 9«ចូរ​បង្គាប់​អើរ៉ុន និង​កូនៗ​របស់​គាត់​ដូច​ត​ទៅ:
នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​តង្វាយ​ដុត​ទាំង​មូល*: ត្រូវ​ទុក​តង្វាយ​ដុត​ទាំង​មូល​នៅ​លើ​អាសនៈ ពេញ​មួយ​យប់​រហូតទល់​ភ្លឺ ហើយ​ត្រូវ​ថែ​ភ្លើង​ឲ្យ​ឆេះ​រហូត។ 10បូជា‌ចារ្យ​ត្រូវ​ពាក់​អាវ​វែង និង​ស្លៀក​ខោ​ខ្លី​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក ហើយ​កើប​ផេះ​ដែល​បាន​មក​ពី​ការ​បូជា​តង្វាយ​ដុត​ទាំង​មូល​នោះ​ចេញ​ពី​អាសនៈ យក​វា​ទៅ​ដាក់​នៅ​ក្បែរ​អាសនៈ។ 11បន្ទាប់​មក គាត់​ត្រូវ​ផ្លាស់​សម្លៀក‌បំពាក់ រួច​យក​ផេះ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ ចាក់​នៅ​កន្លែង​មួយ​បរិសុទ្ធ*។ 12ត្រូវ​ឲ្យ​ភ្លើង​នៅ​លើ​អាសនៈ​ឆេះ​រហូត គឺ​មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។ រាល់​ព្រឹក បូជា‌ចារ្យ​ត្រូវ​តែ​ថែម​អុស ហើយ​ដាក់​តង្វាយ​ដុត​ទាំង​មូល​ពី​លើ ព្រម​ទាំង​ដុត​ខ្លាញ់​នៃ​យញ្ញ‌បូជា​មេត្រី‌ភាព​ថែម​ទៀត​ផង។ 13ត្រូវ​ទុក​ភ្លើង​ឲ្យ​ឆេះ​នៅ​លើ​អាសនៈ​ជានិច្ច គឺ​មិន​ត្រូវ​ឲ្យ​រលត់​ឡើយ»។
ការ​ថ្វាយ​តង្វាយ​ម្សៅ
14«នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​តង្វាយ​ម្សៅ: កូនៗ​របស់​អើរ៉ុន​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​មុខ​អាសនៈ។ 15បូជា‌ចារ្យ​មួយ​រូប​យក​ម្សៅ​ម៉ដ្ដ​មួយ​ក្ដាប់ ព្រម​ទាំង​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់ រួច​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ទី​រំឭក ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់16រីឯ​ម្សៅ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​អើរ៉ុន និង​កូន​របស់​គាត់។ ប៉ុន្តែ ពួក​គេ​ត្រូវ​បរិភោគ​នំប៉័ង​ធ្វើ​ពី​ម្សៅ​នេះ ដោយ​ឥត​មាន​មេ​ឡើយ។ ពួក​គេ​ត្រូវ​បរិភោគ​នៅ​ត្រង់​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​ពន្លា​ជួប​ព្រះ‌អម្ចាស់។ 17មិន​ត្រូវ​ដុត​នំប៉័ង​នេះ​លាយ​ជា​មួយ​មេ​ឡើយ ដ្បិត​ជា​ចំណែក​ដែល​ព្រះ‌អម្ចាស់​យក​ចេញ​ពី​តង្វាយ​ដុត សម្រាប់​ពួក​គេ។ នេះ​ជា​ចំណែក​ដ៏វិសុទ្ធ*​បំផុត ដូច​យញ្ញ‌បូជា​រំដោះ​បាប និង​យញ្ញ‌បូជា​លោះ​បាប​ដែរ។ 18មាន​តែ​ប្រុសៗ​ក្នុង​ចំណោម​កូន​ចៅ​របស់​អើរ៉ុន​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំប៉័ង​នេះ។ នេះ​ជា​ចំណែក​ដែល​ត្រូវ​ញែក​ចេញ​ពី​តង្វាយ​របស់​ព្រះ‌អម្ចាស់ ទុក​សម្រាប់​ពួក​គេ​រហូត​ត​ទៅ។ អ្វីៗ​ដែល​ប៉ះ​តង្វាយ​ទាំង​នេះ​នឹង​បាន​វិសុទ្ធ»។
19 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 20«នៅ​ពេល​អើរ៉ុន និង​កូនៗ​របស់​គាត់​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង​ជា​បូជា‌ចារ្យ ពួក​គេ​ត្រូវ​យក​ម្សៅ​ម៉ដ្ដ​ទម្ងន់​មួយ​ភាគ​ដប់​នៃ​អេផា*​មក​ថ្វាយ​ព្រះ‌អម្ចាស់ ទុក​ជា​តង្វាយ​អចិន្ត្រៃយ៍ គឺ​ពាក់​កណ្ដាល​ថ្វាយ​ពេល​ព្រឹក ហើយ​ពាក់​កណ្ដាល​ទៀត​ថ្វាយ​ពេល​ល្ងាច។ 21ត្រូវ​យក​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង រួច​ចាក់​វា​ដុត​ក្នុង​ពុម្ព។ លុះ​នំ​ឆ្អិន​ហើយ ត្រូវ​កាត់​ជា​ដុំៗ មុន​នឹង​លើក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ។
22កូន​របស់​អើរ៉ុន ដែល​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង​ជា​មហា​បូជា‌ចារ្យ*​បន្ត​ពី​គាត់ ត្រូវ​ថ្វាយ​តង្វាយ​នេះ​ដែរ គឺ​ជា​តង្វាយ​ដែល​ត្រូវ​តែ​ដុត​ទាំង​អស់ ថ្វាយ​ព្រះ‌អម្ចាស់ ជា​រៀង​រហូត។ 23នៅ​ពេល​បូជា‌ចារ្យ​ថ្វាយ​តង្វាយ​ម្សៅ ត្រូវ​តែ​ដុត​ទាំង​អស់​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​មិន​ត្រូវ​ទុក​បរិភោគ​ឡើយ»។
ការ​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប
24 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 25«ចូរ​ប្រាប់​អើរ៉ុន និង​កូនៗ​របស់​គាត់​ដូច​ត​ទៅ:
នេះ​ជា​ក្រឹត្យ‌វិន័យ*​ស្ដី​អំពី​ការ​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប: ចូរ​ចាក់​ក​សត្វ​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប នៅ​កន្លែង​ដែល​គេ​ចាក់​ក​សត្វ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ*​បំផុត។ 26បូជា‌ចារ្យ​ដែល​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប ត្រូវ​បរិភោគ​តង្វាយ​នេះ នៅ​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ 27អ្វីៗ​ដែល​ប៉ះ​នឹង​សាច់​របស់​សត្វ​នោះ​នឹង​បាន​វិសុទ្ធ។ ប្រសិន​បើ​មាន​ឈាម​ខ្ទាត​ប្រឡាក់​អាវ ត្រូវ​លាង​កន្លែង​ប្រឡាក់​នោះ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ។ 28ប្រសិន​បើ​គេ​ចម្អិន​សាច់​ក្នុង​ថ្លាង​ដី ក្រោយ​ពី​ចម្អិន​រួច ត្រូវ​តែ​បំបែក​ថ្លាង​នោះ​ចោល។ ប្រសិន​បើ​គេ​ចម្អិន​សាច់​ក្នុង​ថ្លាង​លង្ហិន​ក្រោយ​ពី​ចម្អិន​រួច ត្រូវ​តែ​យក​ថ្លាង​ទៅ​ដុស និង​លាង​ក្នុង​ទឹក។ 29ក្នុង​ក្រុម​គ្រួសារ​របស់​បូជា‌ចារ្យ​មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ​បំផុត។ 30រីឯ​សាច់​របស់​សត្វ​ដែល​គេ​យក​ឈាម​ចូល​ទៅ​ក្នុង​ទីសក្ការៈ​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់ សម្រាប់​ពិធី​រំដោះ​បាប​នោះ មិន​ត្រូវ​បរិភោគ​ទេ គឺ​ត្រូវ​ដុត​ទាំង​អស់»។

ទើបបានជ្រើសរើសហើយ៖

លេវីវិន័យ 6: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ