លេវីវិន័យ 23
23
ពិធីបុណ្យផ្សេងៗ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ពិធីបុណ្យដ៏សំខាន់ៗជាឱកាសមួយ ដែលអ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ។ ពិធីបុណ្យដ៏សំខាន់ៗរបស់យើងមានដូចតទៅ:
3 អ្នករាល់គ្នាធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទ* ជាថ្ងៃសម្រាក ដែលអ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ គ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ ព្រោះជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់។
4បុណ្យដ៏សំខាន់ៗរបស់ព្រះអម្ចាស់ ដែលអ្នករាល់គ្នាត្រូវកំណត់ពេលជួបជុំគ្នាថ្វាយបង្គំព្រះអង្គ មានដូចតទៅ:
5 នៅខែទីមួយ ថ្ងៃទីដប់បួន ក្រោយពេលថ្ងៃលិច ជាបុណ្យចម្លង*ថ្វាយព្រះអម្ចាស់។ 6 នៅថ្ងៃទីដប់ប្រាំ ក្នុងខែដដែលនោះ ជាបុណ្យនំប៉័ងឥតមេថ្វាយព្រះអម្ចាស់។ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេចំនួនប្រាំពីរថ្ងៃ។ 7នៅថ្ងៃទីមួយ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ កុំធ្វើការអ្វីនឿយហត់នៅថ្ងៃនោះឡើយ។ 8អ្នករាល់គ្នាត្រូវយកតង្វាយដុតមកថ្វាយព្រះអម្ចាស់ ចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ គឺមិនត្រូវធ្វើការអ្វីនឿយហត់នៅថ្ងៃនោះឡើយ»។
9 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ 10«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ពេលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយពេលអ្នករាល់គ្នាច្រូតស្រូវ ត្រូវយកកណ្ដាប់ស្រូវដែលអ្នករាល់គ្នាច្រូតមុនគេបង្អស់ មកជូនបូជាចារ្យ។ 11នៅថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទ* បូជាចារ្យត្រូវលើកកណ្ដាប់ស្រូវនេះថ្វាយព្រះអម្ចាស់ ដើម្បីឲ្យព្រះអង្គសព្វព្រះហឫទ័យទទួលយកពីអ្នករាល់គ្នា។ 12នៅថ្ងៃដែលអ្នករាល់គ្នាលើកកណ្ដាប់ស្រូវថ្វាយព្រះអម្ចាស់ ត្រូវថ្វាយកូនចៀមមួយអាយុមួយខួប ល្អឥតខ្ចោះ ជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ 13ព្រមទាំងយកម្សៅម៉ដ្ដពីរភាគដប់នៃអេផា*លាយជាមួយប្រេង មកថ្វាយជាមួយកូនចៀមនោះ ជាតង្វាយដុត មានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ចូរយកស្រាទំពាំងបាយជូរមួយភាគបួននៃហ៊ីន* មកថ្វាយសម្រាប់ពិធីច្រួចស្រាដែរ។ 14អ្នករាល់គ្នាអាចបរិភោគនំប៉័ង លាជ ឬស្រូវថ្មីបាន លុះត្រាណាតែអ្នករាល់គ្នានាំយកតង្វាយមកថ្វាយព្រះរបស់អ្នករាល់គ្នា តាមពេលកំណត់ជាមុនសិន។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមរហូតតទៅ នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
15 ចាប់ពីថ្ងៃដែលអ្នករាល់គ្នាលើកកណ្ដាប់ស្រូវថ្វាយព្រះអម្ចាស់ គឺថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទ ត្រូវកំណត់ពេលពេញប្រាំពីរអាទិត្យ។ 16អ្នករាល់គ្នាត្រូវគិតហាសិបថ្ងៃ រហូតដល់ថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទទីប្រាំពីរ ថ្ងៃនោះត្រូវយកតង្វាយពីស្រូវថ្មីមកថ្វាយព្រះអម្ចាស់។ 17អ្នករាល់គ្នាត្រូវយកនំប៉័ងពីរដុំពីផ្ទះរបស់អ្នករាល់គ្នា មកថ្វាយព្រះអម្ចាស់។ ត្រូវប្រើម្សៅម៉ដ្ដពីរភាគដប់នៃអេផាដុតជាមួយមេនំប៉័ង សម្រាប់ធ្វើជានំប៉័ងដំបូងបង្អស់ ថ្វាយព្រះអម្ចាស់។ 18អ្នករាល់គ្នាត្រូវយកកូនចៀមប្រាំពីរអាយុមួយខួបល្អឥតខ្ចោះ គោស្ទាវមួយ និងចៀមឈ្មោលពីរ ថែមពីលើនំប៉័ងនេះ ថ្វាយព្រះអម្ចាស់ជាតង្វាយដុតទាំងមូល ព្រមទាំងយកម្សៅ និងស្រាទំពាំងបាយជូរសម្រាប់ពិធីច្រួចស្រា មកថ្វាយជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 19អ្នករាល់គ្នាត្រូវថ្វាយពពែឈ្មោលមួយ ជាយញ្ញបូជារំដោះបាប ព្រមទាំងកូនចៀមពីរអាយុមួយខួប ជាយញ្ញបូជាមេត្រីភាព។ 20បូជាចារ្យលើកសត្វទាំងនោះ ព្រមទាំងនំប៉័ងដែលជាផលដំបូង និងកូនចៀមទាំងពីរ ថ្វាយព្រះអម្ចាស់។ តង្វាយទាំងនោះត្រូវថ្វាយជាតង្វាយដ៏សក្ការៈដល់ព្រះអម្ចាស់ ហើយប្រគល់ជូនបូជាចារ្យ។ 21នៅថ្ងៃនោះ អ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ មិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាមរហូតតទៅ នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។ 22 ពេលណាអ្នករាល់គ្នាច្រូតស្រូវនៅក្នុងស្រែរបស់អ្នករាល់គ្នា កុំច្រូតរហូតដល់ភ្លឺស្រែឡើយ ហើយក៏កុំរើសកួរស្រូវដែលជ្រុះដែរ។ ត្រូវទុកឲ្យជនទុគ៌ត និងជនបរទេសរើសបរិភោគ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក»។
23 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 24«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: នៅថ្ងៃទីមួយក្នុងខែទីប្រាំពីរ គឺជាថ្ងៃសម្រាក។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យរំឭក និងស្រែកជយឃោស ដោយជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ 25អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ តែត្រូវថ្វាយយញ្ញបូជាជាតង្វាយដុតដល់ព្រះអម្ចាស់»។
26 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 27«នៅថ្ងៃទីដប់ក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ ត្រូវតមអាហារ ហើយថ្វាយយញ្ញបូជា ជាតង្វាយដុតដល់ព្រះអម្ចាស់។ 28នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ ដ្បិតជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវធ្វើពិធីជម្រះបាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ 29អ្នកដែលពុំតមអាហារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។ 30អ្នកដែលធ្វើការអ្វីមួយនៅថ្ងៃនោះ យើងនឹងធ្វើឲ្យគេវិនាសនៅក្នុងចំណោមប្រជាជនរបស់ខ្លួន។ 31អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាមរហូតតទៅ នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។ 32ថ្ងៃនោះជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ដូចថ្ងៃសប្ប័ទ ហើយត្រូវតមអាហារ។ នៅថ្ងៃទីប្រាំបួនក្នុងខែនោះ អ្នករាល់គ្នាត្រូវសម្រាកដូចថ្ងៃសប្ប័ទ ចាប់ពីពេលល្ងាចនៃថ្ងៃនោះ រហូតដល់ល្ងាចថ្ងៃបន្ទាប់»។
33 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 34«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យបារាំ*សម្រាប់លើកតម្កើងព្រះអម្ចាស់ ចំនួនប្រាំពីរថ្ងៃ។ 35នៅថ្ងៃទីមួយ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ 36អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុតដល់ព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំបី ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយថ្វាយតង្វាយដុតដល់ព្រះអង្គ។ ថ្ងៃនោះជាថ្ងៃបង្ហើយបុណ្យ ដែលអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ 37នេះជាបុណ្យសំខាន់ៗរបស់ព្រះអម្ចាស់ ជាថ្ងៃដែលអ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំព្រះអង្គ ដើម្បីថ្វាយតង្វាយដល់ព្រះអម្ចាស់ គឺមានតង្វាយដុតទាំងមូល តង្វាយម្សៅ យញ្ញបូជាមេត្រីភាព និងពិធីច្រួចស្រា។ ត្រូវថ្វាយតង្វាយនីមួយៗតាមថ្ងៃកំណត់។ 38ក្រៅពីធ្វើបុណ្យសប្ប័ទរបស់ព្រះអម្ចាស់ អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យទាំងនេះថែមទៀត ហើយថ្វាយតង្វាយសម្រាប់ពិធីបុណ្យទាំងនេះ ថែមពីលើតង្វាយផ្សេងៗ តង្វាយលាបំណន់ និងតង្វាយស្ម័គ្រចិត្តទាំងប៉ុន្មាន ដែលអ្នករាល់គ្នាថ្វាយដល់ព្រះអម្ចាស់។
39នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរ ពេលអ្នករាល់គ្នាប្រមូលភោគផលនៅក្នុងស្រុកចប់សព្វគ្រប់ហើយ ត្រូវធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ ថ្ងៃទីមួយ និងថ្ងៃទីប្រាំបី ជាថ្ងៃសម្រាក។ 40នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវយកផ្លែឈើដ៏ល្អ ធាងចាក មែកឈើត្រសុំត្រសាយ ព្រមទាំងស្លឹកត្រែងដែលដុះនៅតាមស្ទឹង មកប្រារព្ធធ្វើបុណ្យយ៉ាងសប្បាយចំនួនប្រាំពីរថ្ងៃ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ 41រៀងរាល់ឆ្នាំ ត្រូវប្រារព្ធពិធីបុណ្យនេះថ្វាយព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ គឺត្រូវប្រារព្ធពិធីបុណ្យនេះនៅខែទីប្រាំពីរ។ 42អ្នករាល់គ្នាត្រូវរស់នៅក្នុងបារាំចំនួនប្រាំពីរថ្ងៃ គឺម្ចាស់ស្រុកទាំងអស់ក្នុងស្រុកអ៊ីស្រាអែលត្រូវរស់នៅក្នុងបារាំនោះ 43ដើម្បីឲ្យកូនរបស់អ្នករាល់គ្នាដឹងថា ពេលយើងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប យើងបានឲ្យគេរស់ក្នុងបារាំ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
44លោកម៉ូសេរៀបរាប់ប្រាប់ជនជាតិអ៊ីស្រាអែលអំពីរបៀបធ្វើពិធីបុណ្យដ៏សំខាន់ៗ សម្រាប់លើកតម្កើងព្រះអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 23: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.