លេវីវិន័យ 20

20
ទោស​សម្រាប់​បទ‌ឧក្រិដ្ឋ​ផ្សេងៗ
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖ 2«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ឬ​ក្នុង​ចំណោម​ជន​បរ‌ទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល បើ​នរណា​ម្នាក់​ប្រគល់​កូន​ចៅ​របស់​ខ្លួន​ទៅ​ឲ្យ​គេ​បូជា​សែន​ព្រះ​ម៉ូឡុក អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ គឺ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​អ្នក​នោះ។ 3រីឯ​យើង យើង​នឹង​ដាក់​ទោស​បុរស​នោះ យើង​នឹង​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ព្រោះ​គេ​បាន​ប្រគល់​កូន​ចៅ​របស់​ខ្លួន​ទៅ​ឲ្យ​ព្រះ​ម៉ូឡុក ជា​ហេតុ​បណ្ដាល​ឲ្យ​ទីសក្ការៈ​របស់​យើង​ទៅ​ជា​សៅ‌ហ្មង ហើយ​បង្អាប់‌បង្អោន​នាម​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ផង។ 4ប្រសិន​បើ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ធ្វើ​មិន​ដឹង​មិន​ឮ​អំពី​រឿង​បុរស ដែល​ប្រគល់​កូន​ចៅ​ទៅ​ឲ្យ​ព្រះ​ម៉ូឡុក គឺ​ពួក​គេ​មិន​ព្រម​សម្លាប់​បុរស​នោះ​ទេ 5យើង​នឹង​ដាក់​ទោស​បុរស​នោះ ព្រម​ទាំង​អំបូរ​របស់​គេ​ផង។ យើង​នឹង​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ហើយ​យើង​ក៏​ដក​អស់​អ្នក​ដែល​ក្បត់​យើង​ទៅ​គោរព​ព្រះ​ម៉ូឡុក ដូច​អ្នក​នោះ​ដែរ។ 6ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្បត់​យើង ដោយ​បែរ​ទៅ​រក​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទាយ​ជោគ‌រាសី យើង​នឹង​ដាក់​ទោស​អ្នក​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។ 7អ្នក​រាល់​គ្នា​ត្រូវ​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ ព្រោះ​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ 8ត្រូវ​កាន់ និង​អនុវត្ត​តាម​ច្បាប់​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។
9 អ្នក​ជេរ​ប្រមាថ​ឪពុក​ម្ដាយ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​នោះ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន ព្រោះ​បាន​ជេរ​ប្រមាថ​ឪពុក​ម្ដាយ។
10 ប្រសិន​បើ​បុរស​ម្នាក់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ស្ត្រី​ដែល​មាន​ប្ដី​ហើយ អ្នក​នោះ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ។ បុរស និង​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច្នេះ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។
11 ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន គឺ​បន្ថោក​កិត្តិយស​ឪពុក បុរស និង​ស្ត្រី​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។ 12 ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​កូន​ប្រសា​ស្រី​របស់​ខ្លួន អ្នក​ទាំង​ពីរ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​បំផុត។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។ 13 ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​បុរស​ម្នាក់​ទៀត ដូច​គេ​រួម​ដំណេក​ជា​មួយ​ស្ត្រី អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​អំពើ​មួយ​គួរ​ស្អប់​ខ្ពើម​បំផុត គេ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។ 14 ប្រសិន​បើ​បុរស​ម្នាក់​យក​ស្ត្រី​ពីរ​នាក់ ទាំង​ម្ដាយ ទាំង​កូន​ស្រី​មក​ធ្វើ​ជា​ប្រពន្ធ គឺ​ជា​អំពើ​មួយ​ដ៏​ថោក​ទាប។ ត្រូវ​យក​ជន​នោះ និង​ស្រី​ទាំង​ពីរ​ទៅ​ដុត ដើម្បី​បំបាត់​អំពើ​ដ៏​ថោក​ទាប​នេះ ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។ 15 ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​សត្វ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ រីឯ​សត្វ​ក៏​ត្រូវ​សម្លាប់​ចោល​ដែរ។ 16ប្រសិន​បើ​ស្ត្រី​ម្នាក់​ទៅ​រួមរ័ក​ជា​មួយ​សត្វ ត្រូវ​សម្លាប់​ទាំង​ស្ត្រី​នោះ ទាំង​សត្វ។ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។
17 ប្រសិន​បើ​បុរស​ម្នាក់​យក​ប្អូន​ស្រី ឬ​បង​ស្រី​របស់​ខ្លួន​មក​ធ្វើ​ជា​ប្រពន្ធ ទោះ​បី​នាង​ជា​បងប្អូន​ឪពុក​តែ​មួយ ឬ​បងប្អូន​ពោះ​មួយ​ក្ដី ប្រសិន​បើ​អ្នក​ទាំង​ពីរ​រួមរ័ក​ជា​មួយ​គ្នា គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់​បំផុត។ ត្រូវ​ដក​អ្នក​ទាំង​ពីរ​ចេញ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់។ បុរស​ដែល​រួមរ័ក​ជា​មួយ​ប្អូន​ស្រី ឬ​បង​ស្រី​ខ្លួន​ដូច្នេះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​កំហុស​របស់​ខ្លួន។ 18 ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​ស្ត្រី​ដែល​កំពុង​មាន​រដូវ ប្រសិន​បើ​អ្នក​នោះ​ឃើញ​ឈាម​នាង​ហូរ ហើយ​នាង​ក៏​បង្ហាញ​ឈាម​របស់​ខ្លួន​ហូរ​ដែរ​នោះ ត្រូវ​ដក​អ្នក​ទាំង​ពីរ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។ 19 មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ម្ដាយ​អ្នក ហើយ​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ឪពុក​អ្នក​ដែរ។ អ្នក​ដែល​រួមរ័ក​ជា​មួយ​សាច់‌ញាតិ​ដ៏​ជិត‌ដិត​របស់​ខ្លួន​ដូច្នេះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​កំហុស​របស់​ខ្លួន។ 20ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​ប្រពន្ធ​ឪពុក​មា​របស់​ខ្លួន អ្នក​នោះ​បន្ថោក​កិត្តិយស​ឪពុក​មា​របស់​ខ្លួន។ អ្នក​ទាំង​ពីរ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​ស្លាប់​ទាំង​គ្មាន​កូន។ 21 ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​បង​ថ្លៃ ឬ​ប្អូន​ថ្លៃ​របស់​ខ្លួន គឺ​ជា​អំពើ​មួយ​ដ៏​សៅ‌ហ្មង អ្នក​នោះ​បន្ថោក​កិត្តិយស​បងប្អូន​របស់​ខ្លួន ហើយ​គេ​នឹង​គ្មាន​កូន​ឡើយ។
22ចូរ​កាន់​តាម​ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​ទៀត​ផង។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ទឹក​ដី ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​នោះ​ឡើយ។ 23ចូរ​កុំ​ធ្វើ​តាម​ទំនៀម‌ទម្លាប់​របស់​ប្រជា‌ជាតិ​នានា ដែល​យើង​នឹង​ដេញ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឲ្យ​សោះ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​យើង​ស្អប់​ខ្ពើម ព្រោះ​តែ​អំពើ​ទាំង​នេះ។ 24យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​កាន់​កាប់​ស្រុក​របស់​ពួក​គេ យើង​ប្រគល់​ស្រុក​នោះ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​កម្មសិទ្ធិ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។
25អ្នក​រាល់​គ្នា​ត្រូវ​ចេះ​សម្គាល់​មើល​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ បក្សា‌បក្សី​បរិសុទ្ធ និង​បក្សា‌បក្សី​មិន​បរិសុទ្ធ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​មនុស្ស​អាស្រូវ ព្រោះ​តែ​សត្វ​ជើង​បួន សត្វ​ស្លាប និង​សត្វ​លូន​វារ ដែល​យើង​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ​សម្រាប់​អ្នក​រាល់​គ្នា។ 26អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ​សម្រាប់​យើង ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ។ យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ជាតិ​សាសន៍​នានា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង។
27ប្រសិន​បើ​បុរស ឬ​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច ឬ​ទស្សន៍‌ទាយ​ជោគ‌រាសី ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ ចូរ​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួក​គេ ហើយ​ពួក​គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន»។

ទើបបានជ្រើសរើសហើយ៖

លេវីវិន័យ 20: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល