មិនត្រូវជេរប្រមាថមនុស្សថ្លង់ ហើយក៏កុំយកអ្វីទៅដាក់នៅពីមុខមនុស្សខ្វាក់ បណ្ដាលឲ្យគេជំពប់ដួលឡើយ។ ផ្ទុយទៅវិញ ចូរគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់។ ពេលវិនិច្ឆ័យទោស កុំកាត់ក្ដីដោយអយុត្តិធម៌ កុំរើសមុខនរណាឲ្យសោះ គឺកុំយោគយល់អ្នកតូច ឬអ្នកធំ តែត្រូវវិនិច្ឆ័យឲ្យជនរួមជាតិរបស់អ្នកដោយយុត្តិធម៌។ មិនត្រូវដើរបរិហារកេរ្តិ៍ប្រជាជនរបស់អ្នកឡើយ ហើយក៏កុំចោទប្រកាន់អ្នកដទៃ ធ្វើឲ្យគេទទួលទោសប្រហារជីវិតដែរ។ យើងជាព្រះអម្ចាស់។ មិនត្រូវមានចិត្តស្អប់បងប្អូនរបស់អ្នក តែត្រូវយកចិត្តទុកដាក់ស្ដីបន្ទោសជនរួមជាតិរបស់អ្នក ធ្វើដូច្នេះ អ្នកនឹងមិនរួមគំនិតជាមួយអ្នកនោះ ក្នុងការប្រព្រឹត្តអំពើបាបឡើយ។ កុំសងសឹកឲ្យសោះ ហើយក៏មិនត្រូវចងគំនុំនឹងជនរួមឈាមរបស់អ្នកដែរ។ ចូរស្រឡាញ់អ្នកដទៃឲ្យបានដូចស្រឡាញ់ខ្លួនឯង។ យើងជាព្រះអម្ចាស់។ ចូរប្រតិបត្តិតាមច្បាប់របស់យើង។ មិនត្រូវយកសត្វពីរប្រភេទខុសគ្នា មកបង្កាត់គ្នាឡើយ។ នៅក្នុងស្រែរបស់អ្នក ក៏មិនត្រូវយកពូជស្រូវពីរប្រភេទមកព្រោះជាមួយគ្នាដែរ។ កុំស្លៀកសម្លៀកបំពាក់ដែលត្បាញដោយអំបោះពីរប្រភេទខុសគ្នា។ ប្រសិនបើបុរសម្នាក់រួមដំណេកជាមួយស្ត្រីម្នាក់ ហើយនាងនោះជាខ្ញុំបម្រើដែលត្រូវជាគូដណ្ដឹងរបស់បុរសម្នាក់ទៀត តែមិនទាន់មាននរណាលោះនាងឲ្យទៅជាអ្នកជានៅឡើយ អ្នកទាំងពីរនឹងត្រូវទទួលពិន័យ តែមិនទទួលទោសដល់ស្លាប់ទេ ដ្បិតនាងនោះមិនទាន់ទៅជាអ្នកជានៅឡើយ។ បុរសដែលបានប្រព្រឹត្តខុស ត្រូវនាំយកចៀមឈ្មោលមួយទៅថ្វាយជាតង្វាយលោះបាប នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ បូជាចារ្យត្រូវធ្វើពិធីរំដោះបាបឲ្យបុរសនោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គឺបូជាចារ្យត្រូវថ្វាយចៀមឈ្មោលជាយញ្ញបូជាលោះបាប នោះព្រះអម្ចាស់នឹងលើកលែងទោសឲ្យគេរួចពីបាប។ ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុក ហើយដាំដើមឈើហូបផ្លែគ្រប់មុខ ត្រូវចាត់ទុកផ្លែឈើទាំងនោះជាផ្លែមិនបរិសុទ្ធ ក្នុងអំឡុងពេលបីឆ្នាំ គឺកុំបរិភោគឡើយ។ នៅឆ្នាំទីបួន ត្រូវញែកផ្លែឈើទាំងអស់ជាសក្ការៈថ្វាយព្រះអម្ចាស់ ដើម្បីសរសើរតម្កើងព្រះអង្គ។ នៅឆ្នាំទីប្រាំ អ្នករាល់គ្នាអាចបរិភោគផ្លែឈើទាំងនេះ។ ធ្វើដូច្នេះ ភោគផលរបស់អ្នករាល់គ្នានឹងកើនចំនួនច្រើនឡើង។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណាដែលនៅមានឈាមឡើយ។ មិនត្រូវប្រព្រឹត្តអំពើមន្តអាគម ហើយក៏មិនត្រូវគន់គូរមើលជោគរាសីដែរ។ កុំកាត់ជើងសក់របស់អ្នករាល់គ្នាឲ្យមានរាងមូល កុំកោរជាយពុកចង្ការបស់អ្នកឡើយ។ មិនត្រូវធ្វើពិធីឆូតសាច់របស់អ្នករាល់គ្នា ដើម្បីកាន់ទុក្ខមនុស្សស្លាប់ ហើយក៏មិនត្រូវសាក់លើរូបកាយរបស់អ្នករាល់គ្នាដែរ។ យើងជាព្រះអម្ចាស់។ មិនត្រូវបន្ថោកកូនស្រីរបស់អ្នក ដោយជំរុញនាងឲ្យធ្វើជាស្រីពេស្យាឡើយ ដើម្បីកុំឲ្យស្រុកទេសពោរពេញទៅដោយភាពពេស្យាចារ និងអំពើថោកទាប។ ត្រូវគោរពបុណ្យសប្ប័ទ និងទីសក្ការៈរបស់យើង។ យើងជាព្រះអម្ចាស់។ មិនត្រូវទៅរកគ្រូអន្ទងខ្មោច ឬគ្រូទាយឡើយ កុំស្វែងរកពួកគេឲ្យសោះ ក្រែងលោអ្នករាល់គ្នាប្រែជាសៅហ្មងរួមជាមួយពួកគេដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ត្រូវចេះឱនលំទោននៅចំពោះមុខចាស់ជរា និងលើកកិត្តិយសចាស់ព្រឹទ្ធាចារ្យ។ ចូរគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់។
អាន លេវីវិន័យ 19
ស្ដាប់នូវ លេវីវិន័យ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 19:14-32
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ