លេវីវិន័យ 18

18
ក្រឹត្យ‌វិន័យ​ផ្សេងៗ​ស្ដី​អំពី​ភាព​បរិសុទ្ធ
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ 3អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​ជន‌ជាតិ​អេស៊ីប​ធ្លាប់​ប្រព្រឹត្ត នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រស់​នៅ ហើយ​ក៏​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​ជន‌ជាតិ​កាណាន​នៅ​ក្នុង​ស្រុក ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ​ដែរ។ កុំ​កាន់​តាម​ច្បាប់​របស់​ពួក​គេ។ 4អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​តាម​វិន័យ ហើយ​កាន់​តាម​ច្បាប់​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ 5 អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង។ អ្នក​ប្រតិបត្តិ​តាម​នឹង​មាន​ជីវិត ដោយ‌សារ​ច្បាប់ និង​វិន័យ​ទាំង​នោះ។ យើង​ជា​ព្រះ‌អម្ចាស់
6ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​រួមរ័ក​ជា​មួយ​សាច់‌ញាតិ​របស់​ខ្លួន​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់7មិន​ត្រូវ​បន្ថោក​ឪពុក​របស់​ខ្លួន ដោយ​រួមរ័ក​ជា​មួយ​ម្ដាយ​របស់​អ្នក​ឡើយ។ គាត់​ជា​ម្ដាយ​របស់​អ្នក ដូច្នេះ កុំ​បន្ថោក​ម្ដាយ​របស់​អ្នក​ឲ្យ​សោះ។ 8 មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​អ្នក​ឡើយ ធ្វើ​ដូច្នេះ ដូច​ជា​បន្ថោក​ឪពុក​របស់​អ្នក​ដែរ។ 9 មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​អ្នក​ឡើយ ទោះ​បី​នាង​ជា​បងប្អូន​ឪពុក​តែ​មួយ ឬ​បងប្អូន​រួម​ផ្ទៃ​ជា​មួយ​អ្នក​ក្ដី ទោះ​បី​ជា​កូន​មាន​ខាន់‌ស្លា ឬ​ឥត​ខាន់‌ស្លា​ក្ដី។ 10មិន​ត្រូវ​រួមរ័ក​ជា​មួយ​ចៅ​ស្រី​របស់​អ្នក​ឡើយ ទោះ​បី​នាង​នោះ​ជា​កូន​របស់​កូន​ប្រុស ឬ​កូន​ស្រី​របស់​អ្នក​ក្ដី ព្រោះ​ធ្វើ​ដូច្នេះ អ្នក​បន្ថោក​ខ្លួន។ 11មិន​ត្រូវ​រួមរ័ក​ជា​មួយ​កូន​ស្រី​របស់​ប្រពន្ធ​ចុង​ឪពុក​អ្នក​ឡើយ នាង​ក៏​ជា​កូន​របស់​ឪពុក​អ្នក​ដែរ ដូច្នេះ នាង​ជា​ប្អូន​ស្រី​របស់​អ្នក។ 12 មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ឪពុក​អ្នក​ឡើយ ព្រោះ​គាត់​ជា​សាច់​ឈាម​បង្កើត​របស់​ឪពុក​អ្នក។ 13មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ម្ដាយ​អ្នក​ឡើយ ព្រោះ​គាត់​ជា​សាច់​ឈាម​បង្កើត​របស់​ម្ដាយ​អ្នក។ 14មិន​ត្រូវ​បន្ថោក​បង​ប្រុស ឬ​ប្អូន​ប្រុស​របស់​ឪពុក​អ្នក ដោយ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​គាត់​ឡើយ ព្រោះ​នាង​ត្រូវ​ជា​ម្ដាយ​មីង​របស់​អ្នក។ 15 មិន​ត្រូវ​រួមរ័ក​ជា​មួយ​កូន​ប្រសា​ស្រី​របស់​អ្នក​ឡើយ ព្រោះ​នាង​ជា​ប្រពន្ធ​របស់​កូន​ប្រុស​អ្នក ដូច្នេះ កុំ​រួមរ័ក​ជា​មួយ​នាង​ឲ្យ​សោះ។ 16 មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​បង ឬ​ប្អូន​អ្នក​ឡើយ។ 17 មិន​ត្រូវ​រួមរ័ក​ជា​មួយ​ម្ដាយ​ផង និង​កូន​ស្រី​ផង​ឡើយ ហើយ​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​ចៅ​ស្រី​ជា​កូន​របស់​កូន​ប្រុស ឬ​កូន​ស្រី​គាត់ ព្រោះ​ជា​សាច់​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ​ជា​អំពើ​ដ៏​ថោក​ទាប​បំផុត។ 18ក្នុង​ពេល​ប្រពន្ធ​អ្នក​នៅ​រស់ មិន​ត្រូវ​យក​បង​ថ្លៃ ឬ​ប្អូន​ថ្លៃ​របស់​អ្នក មក​ធ្វើ​ជា​ប្រពន្ធ​ចុង ជា​ហេតុ​បង្ក​ឲ្យ​មាន​ជម្លោះ​ទាស់‌ទែង​គ្នា​រវាង​នាង និង​ប្រពន្ធ​របស់​អ្នក​ឡើយ។
19 មិន​ត្រូវ​រួមរ័ក​ជា​មួយ​ស្ត្រី​ដែល​មាន​រដូវ​ឡើយ ដ្បិត​នាង​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ។ 20 កុំ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​អ្នក​ដទៃ ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​ទៅ​ជា​សៅ‌ហ្មង​ជា​មួយ​នាង​ឡើយ។
21 មិន​ត្រូវ​យក​កូន​ចៅ​របស់​អ្នក​ទៅ​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា​ចំពោះ​ព្រះ​ម៉ូឡុក​ឡើយ កុំ​បង្អាប់​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​ឲ្យ​សោះ។ យើង​ជា​ព្រះ‌អម្ចាស់22 មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រុសៗ​ដូច​គ្នា ដូច​គេ​រួមរ័ក​ជា​មួយ​ស្ត្រី​ឡើយ ដ្បិត​នេះ​ជា​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត។
23 មិន​ត្រូវ​រួមរ័ក​ជា​មួយ​សត្វ​ធាតុ ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ឡើយ។ រីឯ​ស្ត្រី​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​សត្វ​ដែរ ព្រោះ​ជា​អំពើ​មួយ​ដ៏​ថោក​ទាប​បំផុត។
24អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង​ដោយ‌សារ​អំពើ​ណា​មួយ ក្នុង​បណ្ដា​អំពើ​ទាំង​នេះ​ឲ្យ​សោះ ដ្បិត​យើង​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ព្រោះ​តែ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង។ 25ស្រុក​ទេស​បាន​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទោស​អ្នក​ស្រុក ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន។ 26ត្រូវ​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​របស់​យើង គឺ​ទាំង​អ្នក​រាល់​គ្នា​ដែល​ជា‌ម្ចាស់​ស្រុក​ទាំង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ណា​មួយ​ក្នុង​ចំណោម​អំពើ​ទាំង​នោះ​ឡើយ។ 27ជាតិ​សាសន៍​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ​មុន​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង។ 28ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង​ទេ អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ទឹក​ដី ដូច​ប្រជា‌ជាតិ​ដែល​រស់​នៅ​ទី​នេះ​មុន​អ្នក​រាល់​គ្នា​ឡើយ។ 29អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ណា​មួយ ក្នុង​ចំណោម​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។ 30អ្នក​រាល់​គ្នា​ត្រូវ​ប្រតិបត្តិ​តាម​បញ្ជា​របស់​យើង ដោយ​ឥត​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ណា​មួយ ដូច​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ​មុន​អ្នក​រាល់​គ្នា​ធ្លាប់​ប្រព្រឹត្ត​ឡើយ។ កុំ​បណ្ដោយ​ខ្លួន​ឲ្យ​សៅ‌ហ្មង ដោយ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ឲ្យ​សោះ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

ទើបបានជ្រើសរើសហើយ៖

លេវីវិន័យ 18: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល